| watkhmer in Switzerland |

ប្រជុំកងធម៌ប្រជុំរឿងព្រេងច្បាប់ផ្សេងៗបណ្ដាំក្រមង៉ុយ
ទំព័រដើម កំនត់ហេតុជីវតាក្វាន់

៣ - ប្រពៃណីអ្នកស្រុកចេនលា

    ១៣. អំពីពេលបុណ្យចូលឆ្នាំ
គេយកខែទីត១០ របស់ចិនធ្វើខែទី១ ហើយខែនោះមានឈ្មោះថាកាតិក (កក្ដិក)(១)។ នៅពីមុខវាំងគេសង់វេទិការមួយ
យ៉ាងធំ ដែលអាចដាក់បានមនុស្សមួយពាន់នាក់ ហើយគេចងប្រទីបជ្វាលា និងផ្កាផ្ញីជាដើម លំអនៅលើថ្នាក់នោះ។ នៅ
ពីមុខដែលឃ្លាតពីទីនេះប្រមាណជា ២០០ហត្ថ មានទីលានមួយទៀត គេបន្ដឈើធ្វើជារោងរន្ទា ដែលមានកំពល់ដល់
ទៅជាង២០០ហត្ថ។ ក្នុងយប់នោះគេអុជកាំជ្រួច រន្ទា ផាវបី-បួន រឺ ប្រាំកន្លែង។ នៅក្នុងរោងនោះ ស្ដេចក៏យាងចេញមក
ទត កាំជ្រួច រន្ទា និង ផាវ ដែលគេអុជនៅខាងក្រៅចំងាយ ១០០លី តែគេអាចមើលឃើញ និងស្ដាប់សូរយ៉ាងច្បាស់ លឺខ្លាំ
ងមើលតែកាំភ្លើងធំទ្រហឹងខ្ទរខ្ទារពេញតែទីក្រុង។
១ = បានជារាប់ពីខែកក្កិត ព្រោះជំនាន់ដើមគេរាប់រនោចមុនខ្នើត គឺពី១រោចខែកក្ដិក ទៅជាដើមឆ្នាំខែលេខ ១។

មន្រ្ដីនិងរាជវង្សទាំងអស់នាំគ្នាកាន់ទៀន និងម្លូស្លាដែលជាហេតុនាំអោយចំនាយប្រាក់យ៉ាងច្រើន។ នៅក្នុងពិធីនេះ ស្ដេ
ចបានអញ្ជើញពួកទូតបរទេសទៅចូលរួមផងដែរ។ គេធ្វើដូចនេះអស់រយៈពេលកន្លះខែទើបបានចប់។
នៅក្នុងខែនិមួយៗ សុទ្ធតែមានពិធីបុណ្យដែរ ដូចជានៅខែទី៤ គេបោះឈូង ខែទី៩ ធ្វើអ៊ាបឡាក់(២) ពិធីនេះគេហៅ
ប្រជុំមនុស្សចូលក្រុង ហើយហាត់ក្បួនដើរដង្ហែកាត់មុខវាំង។ ខែទី៥ គេទទួលយកទឹកមន្ដព្រះពុទ្ធ ពីគ្រប់ទីជិតឆ្ងាយទាំង
អានាចក្រ យកមកស្រោចស្រង់ថ្វាយព្រះរាជជំរះកាយ ហើយអុំនាវានៅលើគោក (អុំទូកគោក) អែស្ដេចយាងឡើងលើ
ប្រាសាទទតមកពិធីនេះ។ ខែទី៧ ធ្វើពិធីដុតភ្នំស្រូវ។ ពេលនោះស្រូវទើបនឹងទុំថ្មី គេទទួលយកមកតាមទ្វារខាងត្បូង
ហើយគេគរដុត ថាជាការបូជាចំពោះព្រះពុទ្ធ។ មានស្រីៗច្រើនណាស់ជិះរទេះ រឺ ដំរី នាំគ្នាមកមើលពិធីនេះ អែព្រះរាជា
មិនចេញមកទតពិធីនេះទេ ទ្រង់គង់នៅអែព្រះដំនាក់។ ខែទី៨ ធ្វើពិធីអៃលាំ(៣) ពិធីនេះគេរាំរែក។ គេចាត់អ្នករាំនិង
អ្នកភ្លេងពូកែៗអោយចូលទៅរាំអៃលាំក្នុងវាំងរាល់ៗថ្ងៃ។ ក្រៅពីនេះមានប្រជល់ជ្រូក និងប្រជល់ដំរីទៀត។ ពិធីនេះស្ដេ
ចក៏អញ្ជើញពួកទូតប្រទេសក្រៅចូលទស្សនាផងដែរ។ គេធ្វើដូច្នេះរហូតដល់គ្រប់ដប់ថ្ងៃ។ អែដទៃទៀត ខ្ញុំមិនបានកត់
ត្រាអោយច្បាស់លាស់ទេ។ អ្នកស្រុកនេះ ក៏មានអ្នកចេះវិជ្ជាតារាសាស្រ្ដដូចចិនដែរ អាចនឹងដេញរកថ្ងៃខែណាធំតូច រឺ
សូរ្យគ្រាស ចន្ទគ្រាសដែរ តែថ្ងៃខែធំតូចនេះ មិនដូចគ្នានឹងប្រទេសចិនទេ។ បើឆ្នាំណាជាឆ្នាំអធិកមាស គេក៏មានលើក
ខែដែរ។ ខែដែលត្រូវលើកនោះគឺខែទី៩(៤) ប៉ុន្ដែខ្ញុំមិនដឹងការនេះសព្វគ្រប់ទេ។ ក្នុង១យប់ គេចែកចេញជាប្រាំយាម។
ប្រាំពីរថ្ងៃរាប់ជាមួយជុំ គឺដូចគ្នានៅស្រុកចិន ហៅថា កាយ-ពី-ភៀន-ជូ។
២ = លោកប៉េលីយោតប្រែថា Ya-lie ហើយចុះសេចក្ដីយល់ថា Ràp Riep។ ៣ = លោកប៉េលីយោតប្រែថា Gnai-lan
(Ràm) ៤ = តាមពិតយើងលើកខែទី៨ គឺខែអាសាធ ប៉ុន្ដែនេះ គឺលោកជីវក្វាន់និយាយតាមខ្មែរជំនាន់ដើម ដែលរាប់ពី១
រោច ខែអាសាធ ទៅដល់ ១កើតខែស្រាពណ៍ចាត់ជាខែទី៩។

អ្នកស្រុកនេះ គ្មានប្រើនាមក្រកូល(សែ) គ្មានឈ្មោះ ហើយមិនចេះកត់ថ្ងៃខែកំនើតផង ភាគច្រើន គេយកឈ្មោះថ្ងៃដែ
លកើត ហៅជាឈ្មោះមនុស្ស។ តាមក្បួនយាមថា ក្នុងមួយសប្ដាហ៍ មានពីរថ្ងៃល្អបំផុត បីថ្ងៃល្មមមធម្យ ពីរថ្ងៃអាក្រក់
ហើយថ្ងៃណាត្រូវចេញដំនើរបែរមុខទៅទិបូព៌ រឺត្រូវឆ្ពោះទៅទិសបស្ចឹម។ ពួកស្រីៗក៏ចេះរាប់ថ្ងៃខែដែរ។ ឆ្នាំទាំង១២
មានយកសត្វជាដំនាងដូចឆ្នាំរបស់ចិនដែរ តែហៅឈ្មោះខុសគ្នា អុបមាដូចគេហៅឆ្នាំសេះថា ប៉ុកសាយ ឆ្នាំមាន់ហៅ
ថា ឡាក់ ឆ្នាំជ្រូកហៅថា ចេកលូ និងឆ្នាំគោហៅ គូជាដើម។

    ១៤. អំពីការកាត់ក្ដី
រឿងប្រជារាស្រ្ដក្ដីក្ដាំគ្នា ពិតមែនតែជាការតូចតាច ប៉ុន្ដែជាការមួយគួរអោយចង់ដឹងចង់លឺដែរ។ រឿងក្ដីក្ដាំរបស់រាស្រ្ដ សុទ្ធ
តែឡើងគាល់រហូតដល់ស្ដេចអោយជំរះក្ដី។ ដើមឡើយ ស្ដេចអិតមានវាយតប់ដោយរំពាត់ធំ រឺ តូចឡើយមានតែពិន័យ
ជាមាសប៉ុណ្ណោះ។ បើអ្នកនោះមានះមិនព្រមធ្វើតាម រឺ មានទោសធ្ងន់នោះ គេចាប់ចងយកទៅប្រហារជីវិតដែរ គ្រាន់
តែនាំចេញទៅទ្វារខាងលិច ហើយអោយជីករន្ដៅកប់អ្នកទោសនោះ និង យកដី រឺ ថ្មកប់គ្របពីលើប៉ុណ្ណោះ។

ទោសស្រាលបន្ទាប់មក គឺកាត់ម្រាមដៃជើង មានខ្លះត្រូវគេកាត់ច្រមុះចោលក៏មានដែរ។ រឿងសហាយស្មន់ និងលេង
ល្បែង អិតមានហាមឃាត់ទេ។ បើប្ដីរបស់ស្រីដែលមានសហាយនោះដឹង គេយកឈើពីរ ទៅចងគាបជើងរបស់ប្រុស
សហាយនោះ អោយឈឺស្ទើរស្លាប់។ បក្សពួកខាងប្រុសទាំងប៉ន្មានត្រូវរួចខ្លួន។ អែអ្នកដែលផ្ដើមគំនិតបោកប្រាស់គេ
ត្រូវមានទោសដែរ។ បើមានមនុស្សស្លាប់នៅនឹងទ្វារកំពែង គេយកខ្សែចងអូសទៅទីវាលក្រៅក្រុង ហើយសម័យនោះ
គ្មានការពិនិត្យសាកសព្វអ្វីទេ។ បើគេចាប់បានចោរក៏អាចនាំទៅឃុំឃាំងសួរចំលើយដែរ តែមានការគួរអោយអស់សំនើ
ច គឺថា បើគេសង្ស័យថាជននោះជាចោរ ហើយជននោះមិនព្រមទទួលសារភាព គេនឹងយកខ្ទះមកដាំខ្លាញ់អោយក្ដៅ
មែនទែន ហើយគេអោយជននោះលូកដៃទៅក្នុងខ្លាញ់កំពុងពុះនោះអែង។ បើជននោះជាចោរមែនក៏ត្រូវរលាករលួយ
ដៃ បើមិនមែនជាចោរទេ អិតមានរលាកឡើយ។ ម្យ៉ាងទៀត បើមានគ្រួសារពីរក្ដីក្ដាំគ្នា ហើយរកកាត់សេចក្ដីរកនរណា
ត្រង់ រឺ វៀចមិនមិនកើត គេធ្វើដូច្នេះ នៅពីមុខវាំង មានប្រសាទថ្មតូចៗ ១២ខ្នង ហើយគេបញ្ជាកូនក្ដីអោយចូលទៅអង្គុ
យក្នុងប្រសាទនោះមួយម្នាក់។ គេអង្គុយតាំងពីមួយថ្ងៃ ពីរ បី រឺ បួនថ្ងៃទៅ បើនរណាដែលជាអ្នកធ្វើខុសនឹងច្បាប់នោះ
ពិតជាមានភស្ដុតាងលេចឡើងមិនខាន គឺបើមិនចេញកមរមាស់ទេ ក៏ក្អក្ដៅផ្ដាសាយដែរ។ អែអ្នកទៀងត្រង់អិតមានផុល
រមាស់អ្វីឡើយ។ ការវិន័ច្ឆ័យដូច្នេះ គេហៅថា គុកសួគ៌។ រឿងដូច្នេះបានមកពីព្រះភូមិរក្សាទឹកដីរបស់គេ ពូកែសក្ដិសិទ្ធិ
ណាស់ ទើបគេអាចធ្វើដូច្នេះទៅកើត។
១ =គុកសួគ៌ គឺជាគុកមួយដែលសក្ដិសិទ្ធ ដូចទេវតាមកកាត់ក្ដីនេះអោយ។

    ១៥. អំពីជំងឺស្រែង(២)
អ្នកស្រុកមានកើតជំងឺស្រែងច្រើនគ្នាណាស់ មកពីគេចូលចិត្ដមុជត្រាំក្នុងទឹក ហើយអុស្សាហ៍លាងសក់ក្បាល តែងមាន
កើតជំងឺស្រែងច្រើនណាស់។ នៅតាមផ្លូវធ្លា ពួកនេះមិនសូវអៀនខ្មាសទេ។ ខ្ញុំលឺគេថា ពួកទាំងនេះតែគេរួមរ័កគ្នាភ្លាម
គេចុះទៅងូតទឹកហើយ ដូច្នេះតែងមានជំងឺមូល បន្ដាលអោយស្លាប់អស់៨-៩នាក់ដែរក្នុងបន្ដាមួយពាន់នាក់។ នៅទីផ្សារ
មានលក់ថ្នាំសំរាប់កែរោគដែរ តែមិនដូចថ្នាំចិនទេ មិនដឹងជាថ្នាំអ្វីឡើយ ថែមទាំងមានគ្រូមន្ដអាគមដើរព្យាបាលរោគ
អោយគេ ជាការគួរអស់សំនើចណាស់។
១ = លោកប៉េលិយោត ប្រែថាឃ្លង់ ប៉ុន្ដែតាមន័យអក្សរចិន ប្រែអោយចំគឺស្រែង។ បើថាឃ្លង់ដូចជាមិនមែន ព្រោះកើត
ឃ្លង់អែណាដល់ទៅពេញស្រុក បើឃ្លង់មែន មិនងាយមើលជាទេ។ បើថាស្រែងនោះសមមែន ព្រោះជំងឺនេះច្រើន
បន្ដាលមកពីការកខ្វក់។

    ១៦. អំពីមរណភាព
មនុស្សចាស់គេអិតមានដាក់ក្ដារមឈូសទេ គេយកតែកន្ទេលក្រាលពីក្រោម យកកំនាត់សំពត់គ្របពីលើ ហើយគេយក
ទៅព្រៃហើយ។ កាលពីដើម គេក៏ប្រើទង់ព្រលឹង និង ភ្លេងភ្លាត់ហែខ្មោចដែរ ហើយគេលីងលាចពីរមុខ បាចតាមផ្លូវនាំ
មុខខ្មោច លុះលែងទៅដល់ក្រៅក្រុងដល់កន្លែងស្ងាត់ គេក៏ដាក់ចោលខ្មោចនោះហើយត្រលប់មកវិញ។ បើមានសត្វខ្លែ
ង រឺ តិរច្ឆានអ្វីដទៃទៀតស៊ីខ្មោចនោះអស់មួយរំពេចទៅ គេថាអូវពុកម្ដាយនោះ មានភ័ពបានសុខសប្បាយល្អណាស់ តែ
បើគ្មានសត្វស៊ីសោះ រឺ មានស៊ីដែរ តែមិនអស់វិញ គេបែរជាយល់ថា អូវពុកម្ដាយនេះ មានពៀរមានទោសទើបបានដូ
ច្នេះ។

លុះមកដល់គ្រាអិលូវនេះ មានគេយកខ្មោចទៅដុតបូជាខ្លះៗហើយ។ ពួកអ្នកដែលមានជាប់ពូជជាកូនចិន អូវពុកម្ដាយ
ស្លាប់ទៅគេអិតស្លៀកពាក់សកាន់ទុក្ខទេ។ ប្រុសគ្រាន់តែកោរសក់ ក៏ចាត់ជាការកាន់ទុក្ខហើយ។ ចំនែកស្ដេចវិញ មាន
ប្រាសាទសំរាប់កប់ ប៉ុន្ដែមិនដឹងជាកប់ខ្លួនទាំងមូល រឺ កប់តែឆ្អឹងទេ។

    ១៧. អំពីការភ្ជួរដាំ
ប្រហែលជាក្នុងមួយឆ្នាំ គេអាចសាបព្រោះនិងច្រូតស្រូវបានបី រឺ បួនលើក ពីព្រោះរដូវទាំងបួនមានធាតុអាកាសស្រួល
ល្អ ដូចជាខែទី ៥ ទី ៦ ដែរ។ ម្យ៉ាងទៀត ស្រុកនេះ គេមិនស្គាល់ដូចម្ដេចថាធ្លាក់ព្រិល រឺ ទឹកកកឡើយ។ ស្រុកគេ កន្លះឆ្នាំ
ភ្លៀង កន្លះឆ្នាំអិតមានភ្លៀងសោះ។ ចាប់តាំងពីខែទី៤ ដល់ទី៥ តែដល់ពេលរសៀលមានភ្លៀងធ្លាក់រាល់ថ្ងៃ ទឹកនៅក្នុង
សមុទ្រទឹកសាប (ទន្លេសាប)  ជោរឡើងមានកំពល់ ៧០ -៨០ ហត្ថ។ ដើមឈើធំៗលិចនៅសល់តែចុង អែពួកអ្នកស្រុក
រស់នៅក្បែរមាត់ទឹកនោះបាននាំគ្នារើលំនៅមកជ្រកខាងក្រោយភ្នំវិញ។

ចាប់ពីខែទី១០ ដល់ខែទី៣ នៃឆ្នាំថ្មី គ្មានភ្លៀងមួយដំនក់ទេ នៅក្នុងសមុទ្រទឹកសាបនោះ ធ្វើដំនើរបានតែកូននាវាតូចៗ
ទេ។ ត្រង់កន្លែងទឹកជ្រៅ មានជំរៅត្រឹម ៣ រឺ ៥ហត្ថប៉ុណ្ណោះ។ ពេលនោះអ្នកស្រុករើលំនៅទៅនៅមាត់ទឹកធ្វើការភ្ជួរ
ដាំវិញ។ ចំពោះស្រូវ ដល់ទៅពេលណាទុំ ក៏ត្រូវពេលទឹកឡើងដល់ល្មម។ គេសាបព្រោះដាំតាមកន្លែងដីរបស់គេរក្សា
រៀងខ្លួន។ គេភ្ជួរស្រែដោយមិនបាច់ប្រើគោទេ។ ចប និង កន្ដៀវរបស់គេ ពិតមែនតែមានសន្ឋានប្រហាក់ប្រហែលគ្នា
នឹង របស់ចិនដែរ តែមិនដូចគ្នាឡើយ។

មានស្រែព្រៃមួយបែបទៀត គេមិនព្រោះស្រូវធម្មតាទេ ស្រូវដែលគេព្រោះនោះចេះលូតឡើងតាមទឹក បើទឹកឡើងដល់
កំពស់ ១០ហត្ថ ក៏ស្រូវលូតឡើងកំពស់នោះដែរ។ នេះប្រហែលជាពូជស្រូវមួយបែបផ្សេងទៀតហើយ។ ស្រែអំពកនិង
ថ្នាលបន្លែ កេមិនប្រើគ្រឿងស្មោគគ្រោក ដែលជាហេតុនាំអោយមិនស្អាតនោះទេ។ ពួកចិនដែលទៅដល់ស្រុកនោះ ក៏
គេមិនហ៊ាននិយាយរឿងពាងលាមកនៅប្រទេសចិនអោយពួកនោះដឹងដែរ ព្រោះខ្លាចគេមើលងាយ។ នៅក្នុងផ្ទះពីរបី
ខ្នង គេជីករន្ដៅបង្គន់អាច់មួយហើយគេប្រក់ស្បូវ។ ដល់កាលណាពេញទៅនោះ គេលប់ចោលវិញ ហើយទៅជីរន្ដៅមួ
យទៀត។ ទៅពេលដែលបន្ទោរបង់រួច គេតែងតែចុះទៅលាងអែក្នុងស្រះអោយបានស្អាតជានិច្ច តែគេយកតែដៃឆ្វេង
ទៅលាងទេ អែដៃស្ដាំគេទុកបរិភោគបាយ។ ពួកគេមើលឃើញជនជាតិចិនចូលបង្គន់ហើយយកក្រដាសកិត គេសើច
ថែមទាំងមិនចង់អោយឡើងលើផ្ទះគេទៀតផង។ ស្រីៗស្រុកនេះ បត់ជើងតូចឈរដូចប្រុសដែរ ជាការគួរអោយអស់សំ
នើចណាស់។

    ១៨. អំពីទឹកដី
ចាប់តាំងពីចូលក្នុងស្រុក ចេងផូវមក ខ្ញុំមើលឃើញសុទ្ធតែព្រៃឈើវែងអន្លាយ នៅតាមមាត់ទន្លេដ៏ធំធេង មានដើមឈើ
ធំចាស់បុរាណ និង គុម្ពផ្ដៅស៊ុបទ្រុបចំងាយរាប់រយលី ហើយមានសំលេងបក្សាបក្សីស្រែទ្រហឹងអឹងកង នៅទីនោះផង។
លុះទៅដល់ពាក់កន្ដាលទន្លេ ទើបមើលទៅឃើញវាលស្រែដ៏ធំធេង គ្មានឃើញដើមឈើមួយដើមឡើយ គេមើលទៅ
ឃើញតែស្រូវទុំនៅសព្វទិសទីប៉ុណ្ណោះ។
មានសត្វគោព្រៃរាប់រយរាប់ពាន់ បានមកផ្ដុំគ្នាជាហ្វូងនៅទីនោះ។ មានរិស្សីដុះជាប់គ្នាជាដងព្រៃ មានចំងាយរាប់រយលី
ហើយរិស្សីទាំងនោះមានជួរបន្លានៅត្រង់គ្រប់ថ្នាំង។ ទំពាំងរិស្សីមានរសជាតិហាងខ្លាំងណាស់ ហើយនិងមានភ្នំនៅគ្រប់
ទិសទាំងបួនទៀតផង។

    ១៩. អពីផលានុផល
ស្រុកនេះ មានភ្នំច្រើន និងមានដើមឈើប្លែកៗ។ កន្លែងណាដែលគ្មានដើមឈើទេ គឺជាកន្លែងដែលសត្វរមាសនិងដំរី
រស់នៅ។ ពពួកសត្វស្លាបដ៏មានតំលៃ និង សត្វម្រឹគដ៏ប្លែកៗ មានច្រើនអិតគណនា។ មានសត្វចចាតពណ៌ និងរោមល្អិត
ភ្លុកដំរី កុយរមាស ឃ្មុំផ្លិតធំៗ ឈើចន្ទន៍ក្រស្នា ក្រវាញ ជ័រចុង បញ្ញើក្អែក (ជីកេង) ប្រេងសំរោង (តៃហួងជី)។

ចចាតជាសត្វមួយបែប គេកំរចាប់វាបានណាស់។ នៅក្នុងព្រៃមានស្រះ រឺ ត្រពាំង ហើយនៅក្នុងទឹកនោះមានត្រីជាច្រើន
។ សត្វចចាត វាហើរចេញពីព្រៃមកចាប់ត្រីនោះជាអាហារ។ ពួកអ្នកព្រៃគេយកស្លឹកឈើបិទបាំងខ្លួនហើយទៅអង្គុយ
ក្បែរមាត់ទឹក។ គេយកមេចចាតធ្នាក់មួយដាក់ក្នុងទ្រុង ដើម្បីនឹងបញ្ឆោតចាប់យកចចាតឈ្មោល គឺនៅនឹងដៃគេមានកា
ន់លប់មួយទៀត រង់ចាំកាលណាចចាតឈ្មោលមកជិត គេគ្របលប់នោះយកវា។ គេធ្វើរបៀបនេះក្នុងមួយថ្ងៃទាល់ល្ងាច
 ជួលកាលចាប់អិតបានសោះក៏មានដែរ។ ភ្លុកដំរី មានតែអ្នកដែលនៅក្នុងរូងភ្នំឆ្ងាយដាច់ស្រយាលពីគេ ទើបរកបាន។ ដំ
រីមួយស្រុតស្លាប់ទៅ នៅសល់តែភ្លុកមួយគូប៉ុណ្ណោះ។ ដូច្នេះពាក្យដែលគេធ្លាប់និយាយថា សត្វដំរីក្នុងមួយឆ្នាំប្ដូរភ្លុកម្ដង
នោះមិនពិតទេ។ ភ្នុកណាដែលចាក់នឹងច្បូក រឺ លំពែងបានមក គេទុកជាភ្លុកលេខ១ បើភ្លុកណាដែលគេបានដោយឃើញ
វាស្រុតស្លាប់ខ្លួនវាភ្លាមគេចាត់ជាភ្លុកល្អលេខ២ បើគេរើសបានដោយដំរីស្លាប់យូរឆ្នាំចោលនៅក្នុងរូងភ្នំ គេចាត់ចាធុនអ
ន់ជាងគេ។

ក្រមួនឃ្មុំ គេរកបានពីដើមឈើចាស់ៗ នៅក្នុងភូមិដែលសត្វឃ្មុំមួយប្រភេទមានចង្កេះស្ដួចឆ្មារ ដូចសត្វអង្រ្កងវាធ្វើសំ
បុក។ អ្នកស្រុកដែលទៅយកឃ្មុំ តាមទូកតូចៗ គេអាចដាក់បានពីរបីពាន់ផ្លិត។ ផ្លិតណាដែលធំជាងគេមានទំងន់ដល់ទៅ
៣០-៤០នាឡិ អែផ្លិតណាដែលតូច ក៏មិនតិចជាង១៨ រឺ ១៩នាឡិដែរ។
     កុយរមាសណាដែលពណ៌ស ហើយមានផ្កា គេចាត់ទុកជាកុយល្អ ហើយបើខ្មៅវិញគេទុកជាកុយអន់មិនសូវល្អ។
     ឈើចន្ទន៍ក្រស្នា ដុះនៅក្នុងព្រៃស្បាត ព្រៃស្ដុក។ អ្នកស្រុកទៅកាប់យកបានមកដោយពីបាកណាស់ ព្រោះឈើដែល
មានខ្លឹម។ ឈើនេះមានសាច់ស្រាយកំរាស់៨ រឺ ៩តិក។ ទោះជាដើមតូចក៏មានសាច់ស្រាយ ៤ រឺ ៥តិកដែរ។
     ក្រវា ពួកអ្នកព្រៃគេដាំនៅលើភ្នំ។
     ជ័រចុង គឺជាជ័រឈើម្យ៉ាងដែលអ្នកស្រុកនេះគេយកកាំបិតទៅចោះឈើសំរក់ជ័រមុនមួយឆ្នាំ ដល់ឆ្នាំបន្ទាប់មក ទើប
គេទៅយកជ័រនោះមក។ បញ្ញើជើងកែង (អ័រគីដេ?) ដុះនៅលើមែកឈើមួយប្រភេទ ដូចគ្នានឹងដើមមនដែលដុះផ្ញើនឹង
គេដូច្នេះដែរ ហើយគេកំរនឹងរកបានណាស់
    ប្រេងសំរោង គេយកមកពីផ្លែឈើដើមធំមួយប្រភេទដែលមានសន្ឋានដូចផ្លែដូងល្អិតមូលៗ។ នៅក្នុងផ្លែនោះមាន
គ្រាប់ច្រើនទៀត។ អែម្រេច ដុះព័ទ្ធលើដើមផ្ដៅមួយគូ មានពណ៌បៃតងដូលស្មៅ បើនៅខ្ចីពណ៌ក៏ខ្ចី និងរិតតែហិរណាស់
ផង។

    ២០. អំពីរបរជំនួញ
អ្នកស្រុកនេះ ពួកស្រីៗប៉ិនជួញដូរណាស់ ហេតុនេះពួកចិនៗ គេរកប្រពន្ធមួយជាមុនសិន ហើយនឹងបានចំនេញច្រើនដោ
យគេប៉ិនប្រសព្វរកស៊ី។ រាល់ថ្ងៃគែទៅលក់តាំងពីភ្លឺព្រាងៗ ដល់ពេលថ្ងៃត្រង់ទើបឈប់ ហើយពួកនេះគ្មានគ្រែ រឺ ផ្ទះសំ
រាប់លក់អិវ៉ាន់ទែ គេច្រើនតែក្រាលវត្ថុ ហាក់ដូចជាកន្ទេលផ្ទាល់នឹងដីតំរៀបគ្នា។ ខ្ញុំលឺគេថា មានបង់ឈ្នួលដីជាលុយអោ
យពួកមន្រ្ដីទៀតផង។

ជំនួញតូចតាច គឺគេជួញស្រូវអង្ករ និង របស់ដែលធ្វើមកពីស្រុកចិន។ បន្ទាប់មក មានលក់ដូរកំនាត់សំពត់ផ្សេងៗ។ ជំនួ
ញធំ គឺគេជួញមាសប្រាក់។ តាមធម្មតា ពួកអ្នកព្រៃ តែឃើញពួកចិនទៅដល់ គេគោរពចិនសំបើមណាស់ ទុកដូចជាបាន
ជួបនឹងព្រះ ហើយក្រាបក្បាលគោពទៀតផង។ លុះដល់ពេលថ្មីៗនេះ ទើបមានការបោកប្រាស់ និង មើលងាយចិន ដោ
យហេតុមកពីមានមនុស្សទៅច្រើនពេក។

    ២១. ទំនិញចិនដែលគេត្រូវការ
អ្នកស្រុកនេះ គ្មានកើតមាសកើតប្រាក់ទេ គេនឹកឃើញតែមាសមកពីស្រុកចិន គឺមាសប្រាក់ជាផលលេខ១ កំនាត់មាន
ពណ៌ទាំងប្រាំជាលេខ២។ បន្ទាប់មកគេត្រូវការសំនរមកពីស្រុកចេងផីវ ថាំងតែស្មាច់មកពីស្រុកអ៊ូជីវ  ថូផ្កាពណ៌មកពី
ស្រុកជួរជីវ និង ទឺកប្រាក់ជាតិហិង្គុល ក្រដាសសរសេរ ស្ពាន់ធ័រ ថ្មដុត ឈើក្រអូប រិសប៉េកជី ក្រលៀនប្រើស សំពត់សរ
សៃធ្មៃ សំពត់ហ្វាងឆាវ ឆ័ត្រ ឆ្នាំងដែក ថាសស្ពាន់គជ ម្រ័ក្យណ៍ ក្រាសឈើ ម្ជុល ជាដើម។ ក្រៅពីនេះរបស់ដែលធំៗដូច
ជាកន្ទេលស្រុកម៉ែងជីវ ដែលគេពេញចិត្ដបំផុតគឺ មានសញ្ញារូបម្ទេស តែគេមិនងាយនឹងយកទៅបានទេ។

    ២២. អំពីស្មៅ និង ដើមឈើ
មានដើមទទឹម អំពៅ ផ្កាឈូក ក្រអៅឈូក ផ្លែខេម៉ា ចេក ដូចនៅស្រុកចិនដែរ។ គូលែននិងក្រូចឃ្វិចក៏មានរាងរៅដូច
តែជូរ។ ក្រៅពីនេះមានផ្លែឈើព្រៃជាច្រើនដែលប្រទេសចិនយើងមិនធ្លាប់ដែលឃើញ ហើយប្លែកៗទៀតផង។ មាន
ផ្កាជាច្រើនដែលល្អៗ ហើយមានក្លិនក្រអូបណាស់។ ផ្កាដែលដុះនៅក្នុងទឹកក៏មានច្រើនយ៉ាង តែខ្ញុំមិនស្គាល់ថាជាឈ្មោះ
ផ្កាអ្វីទេ។ ចំនែកដើមថោ លី ហេងបួយ សុង ប៉េក សាំ ក្វាយ ឡី ចោ អ៊ាងលីវ គុយឡាង កេកលួយ ឈើប្រភេទអស់នេះ
គ្មានទេ។ នៅស្រុកនោះ ខែទី១ ក៏មានផ្កាឈូកដែរ។

    ២៣. អំពីសត្វស្លាប
បន្ដាសត្វស្លាប ឃើញមានក្ងោក ចចាត លលក ដែលប្រទេសចិនគ្មាន។ ក្រៅពីនេះដូចជាខ្លែង ក្អែក ត្មាត សេក ចាបស្រុក
ត្រដក់ កុក ប្រវឹក និងចាបពួកជាដើម សុទ្ធតែមានទាំងអស់។ សត្វស្លាបដែលស្រុកនេះគ្មាន ដូចជា ហ៊ីងតូវ (ល្វាចេក?)
ហុងអេង(ក្ងានព្រៃ) អ៉ឹងអេង (ក្លែងលឿង) តូវអ៊ូ (ត្រចៀកកាំ)..។

    ២៤. អំពីសត្វជើងបួន
សត្វចតុបាទមានរមាស ដំរី គោព្រៃ ដែលប្រទេសចិនគ្មាន។ ក្រៅពីនេះ ខ្លាធំ ខ្លាត្រី ខ្លាឃ្មុំ ជ្រូកព្រៃ ប្រើស ក្ដាន់ និង
កញ្ជ្រោងជាដើម សុទ្ធតែមានច្រើនណាស់។ សត្វដែលស្រុកនេះគ្មានគឺតោស៊ីងស៊ីង(១) និង អូដ្ឋ។ មាន់ ទា គោ សេះ ជ្រូ
កនិង ពពែមានច្រើនក្រៃលែង។ តែសេះស្រុកនេះទាបៗណាស់ គោតូចៗក៏មានច្រើនណាស់ដែរ។ សត្វគោនៅរស់ គេ
ហ៊ានជិះ តែដល់វាស្លាប់ទៅគេមិនហ៊ានស៊ី និង មិនហ៊ានយកស្បែកវាទេ គេទុកអោយវារលួយទៅតាមចិត្ដចុះ ពីព្រោះ
វាធ្លាប់ជួយដល់កំលាំងមនុស្សលោក។ វាធ្លាប់តែអូសរទេះ។ ពីដើមមក មិនធ្លាប់មានក្ងានទេ ប៉ុន្ដែអិលូវមានហើយ
ព្រោះមាននាវាចិនទៅញយៗ គេយកពូជពីស្រុកចិនទៅ។ កន្ដុរស្រុកនេះធំៗដុចសត្វឆ្មា ហើយមានកន្ដុរមួយមុខទៀត
មានក្បាលប្លែកពិសេសធំ ដូចជាក្បាលកូនឆ្កែ។
១ = គឺជាស្វាមាឌធំប៉ុនមនុស្ស ដូចគេធ្លាប់ហៅតាមកុនថា ស្វាគីងកុង

Website : www.khmercenter.ch មណ្ឌលវប្បធម៌ខ្មែរនៅប្រទេសស្វីស
 ជាសេវាកម្ម ក្នុងការផ្សាយពុទ្ធសាសនា វប្បធម៌ ជាភាសាខ្មែរ
Khmer Culture Center in Switzerland,
 Phone (41)44 3635900, Fax (41)44 3635900
© 2004 The Switzerland Buddhist Society, (watkhmer) Inc. All rightsreserved.