| watkhmer in Switzerland |

ប្រជុំកងធម៌ប្រជុំរឿងព្រេងច្បាប់ផ្សេងៗបណ្ដាំក្រមង៉ុយ
ទំព័រដើម កំនត់ហេតុជីវតាក្វាន់

ពន្យល់ពាក្យខ្លះ
ជាសំដីខ្មែរ ហើយ ជីវតាក្វាន់ កត់ជាអក្សរចិន (រៀបតាមលំដាប់អក្សរ)

     កាងពាងឈូ រឺ កាងពាងជូ : តាមយោបល់របស់លោក ប៉េលិយោតថា ពាក្យកាងពាង ក្លាយពីពាក្យកំពង់ ។ តាមយោ
បល់របស់យើងថា កំពង់ចិន សរសេរតែមួយមាត់ទេថា ប៉ុង ដូចជាប៉ុងចាំ : កំពង់ចាម។ ម្យ៉ាងទៀត ឈូ រែ ជូ ប្រែមិនកើត
។ ដូច្នេះ យើងយល់ថាពាក្យនេះទំនងជាមកពីពាក្យ កំពែងជួរ ទៅវិញ ព្រោះពីដើមទីក្រុងនិមួយៗ តោងធ្វើជាកំពែងជា
ជួរព័ទ្ធជុំវិញ ជាព្រំដែននៃទីក្រុង។ ក្នុងបរិវេណនៃកំពែងនេះ អ្នកក្នុងរស់នៅ មានវាំង មានផ្សារផ្សោ មានផ្ទះអ្នកទីក្រុង។
ទំលាប់បុរាណហៅថាកំពែង រឺ សីមា។ សូមមើលពាក្យលោក សុត្ដន្ដប្រីជាអិន្ទ ក្នុងគតិលោកទី១ និយាយហៅទីក្រុងថា
កំពែង។ នៅសិលាចារឹកជាច្រើនក៏ហៅទីក្រុងថា កំពែង។ លោកប៉េលិយោត បានប្រែកាងពាងជូថា Vill Murée ក៏សម
ន័យថាកំពែងនេះដែរ។

    កានពូជី (ចិនទាជីវអាន : កាំព័រទី) : ជាសំដីចិន កត់តាមសំដីខ្មែរ : កម្ពុជ រឺ កម្ពុជា។ ហេតុនេះហើយ បានជាចិនដែល
សរសេរក្រោយជីវតាក្វាន់កែទៅជា កាំពូចេ ដែលនៅប្រើជាប់រហូតសព្វថ្ងៃនេះ។ ជីវតាក្វាន់ បានបញ្ជាក់ក្នុងសេចក្ដីផ្ដើម
ថា តាមការកត់ត្រារបស់ពួកអឺរ៉ុបថា ប្រទេសនេះឈ្មោះដូច្នេះដែរ។ ត្រង់នេះនាំអោយយើងដឹងថា ជីវតាក្វាន់ បានមើល
សៀវភៅកំនត់ហេតុរបស់អឺរ៉ុប គឺពួកព័រទុយហ្គេ ដែលសរសេរឈ្មោះប្រទេសយើងថា Kambuja រី Kamvuja កម្វុជ (សូ
មមើលសៀវភៅ Le Cambodge។

    ឃុនលុន : ឈ្មោះសមុទ្រ ដេលលោកជីវតាក្វាន់និយាយថា នៅតាមរយៈផ្លូវពីក្រុងចាម មកស្រុកចេនលា។ លោក ប៉េ
លិយោតស្រាជ្រាវឃើញថា ជាសមុទ្រកោះត្រលាច ដែលលោកប្រែ = Lamer de Poulo-Condor ប៉ុន្ដែយើងស្រាវជ្រាវ
តាមរកអោយឃើញន័យច្បាស់ជាងនេះទៀតពុំទាន់ឃើញ។

    ចេនគាឡាង រឺ តាំងកេលាង : ទំនងជាពាក្យសំស្រ្កឹត ស្រីគារដែលខ្មែរនិយមយកមកប្រើ ហៅពពួក ស្នំបរិវារ និង អ្នកបំ
រើស្ដេច សំរាប់ហែហម ជាលំអនិង កត្ដិយសស្ដេច។ យើងសរសេរសព្វថ្ងៃទៅជា «ស្រឹង្គារ»។ មកពីដំបូងគេអានថា សឹង
គារៈ មានសំលេង រៈ នៅចុងលុះចិនគ្មានអក្សរ រ ក៏យកសំលេង ឡ រឺ ល មកជំនួសបានជា សីការៈ ទៅជា ចេន គា ឡាង។

    ចេងផូវ រឺ ថេងភូ : លោកជីវតាក្វាន់ ទុកជាឈ្មោះស្រុកមួយ ជាជាយដែនប្រទេសចេនលា។ លោកប៉េលិយោតបញ្ជាក់
ថែមថា ស្រុកនេះនៅត្រង់ភូមិភាគ Cap Saint-Jacques រឺ ខេត្ដបារៀសព្វថ្ងៃនេះ។

ចេនលា រឺ ចេនលាក់ : ពាក្យនេះនៅក្នុងការរាវរកសំខាន់ណាស់ ព្រោះជាឈ្មោះប្រទេសតែម្ដង។ នឹងថា ជាឈ្មោះដែល
អ្នកស្រុកយើងហៅខ្លួនថា យើងជាអ្នកចេនលា រឺ ជាតិចេនលា ក៏មិនមែន ព្រោះដូចនិយាយខាងដើមសេចក្ដីប្រែនេះ
ស្រាប់ ដែលលោកជីវតាក្ចាន់បញ្ជាក់ អ្នកប្រទេសនេះហៅខ្លួនអែងថា កាន់ ជៃ ចី ហើយដែលអ្នកស្រុកអឺរ៉ុបកត់ទុកថា
កាំពូចី ដែលមានសំលេងស្រដៀងនឹង កាំពូចេ ដែរ។ កំនត់នេះបង្ហាញថា មិនមែនជនជាតិយើងដាក់ ឈ្មោះចេនលា
នេះទេ ប្រាកដជាបរទេសហៅសំគាល់តាមហេតុ រឺ តាមរបស់អ្វីមួយមិនខាន ពិសេសគឺចិននេះអែង បានមកទាក់ទង
ហើយបានសរសេរកត់ត្រាស្រុកយើងមុនគេ (តាំងពីសតវត្សទី៤) ។ បើដូច្នេះយើងត្រូវរាវរកតាមសំនៀងសំដីចិន តើ
ចេនលានេះថាត្រាប់តាមសំដីខ្មែរថាម៉េច? អុទាហរណ៍ ពាក្យ ហ្វូហាន រឺ ហ្វូណាម មកពីត្រាប់ពាក្យខ្មែរថា ភ្នំ ចិនគ្មានអ
ក្សរតំរួត ម្លោះហើយ ភ្នំ រំលែកសំលេងទៅជាភូណម រឺ ភូណាម។

កាលខ្ញុំទៅស្រុកចិន ជួបនឹងអ្នកស្រាវជ្រាវចចិនម្នាក់ ឈ្មោះស៊ីវម៉េង គាត់ប្រាប់ខ្ញុំថា គាត់ឃើញអែកសារមួយនិយាយពី
ឈ្មោះចេនលានេះ។ គឺដើមឡើយ ចិនហៅប្រទេសមួយ ដែលស្ថិតនៅខាងលើ ប្រទេសហ្វូណាន។ ប្រទេសនោះមាន
ព្រៃក្រាស់ណាស់ ហើយសំបូរឃ្មុំយកក្រមួនធ្វើទៀន។ ពួកចិនតែងធ្វើដំនើរតាមសំពៅមកទិញដូរយកក្រមួនសុទ្ធ គឺក្រមួ
នយកពីឃ្មុំ ដើម្បីនាំទៅលក់អែស្រុកគេ សំរាប់ធ្វើទៀន ហើយគេនាំគ្នាសន្មតហៅស្រុកនេះថា : ក្រមួនសុទ្ធៗ គឺថា ចេន
រឺ ចេង ប្រែថាសុទ្ធ អែឡា រឺឡាក់ ប្រែថា ក្រមួន រឺ ឃ្មុំ រឺ ទៀន (ភាសាចិនគេដាក់គុណនាមមុននាម) បូករួមមកបានន័យថា
«ស្រុកក្រមួនសុទ្ធ»។ មានយោបល់មួយទៀតចុះសំរុងគ្នាថា នៅច្រកទន្លេធ្លាយទៅសមុទ្រ ជាកន្លែងអ្នកចេនលា នាំក្រមួន
សុទ្ធទៅទុកលក់អោយសំពៅចិននោះ គេសន្មតឈ្មោះស្រុកក្រមួនដែរ គឺក្រមួនស (កម្ពុជាក្រោម) សនេះមិនសំដៅខ្លាញ់
គោទេ ព្រោះសម័យនោះមិនទាន់មាន ដូច្នោះ សនេះគឺ ជាសុទ្ធនេះអែង ហើយនៅភូមិភាគក្រមួនសនេះ ក៏មានស្រុក
ភូមិមានឈ្មោះថា ក្រមួនៗច្រើនណាស់ នាំអោយសន្និដ្ឋានបានថា : ស្រុកភូមិត្រង់នោះជាទីឃ្លាំងផ្ទុកក្រមួន នាំទៅទុក
លក់អោយសំពៅចិនមែន ព្រោះសំពៅដើរតែតាមសមុទ្រ មិនបានចូលមកតាមទន្លេទេ។

    ឆីនថា រឺ ឆេនថាន់ : ទំនងមកពីពាក្យ ជាន់ឋាន ក្រែងក្នុងពិធីនេះគេនាំលោកមកកាន់ទីកន្លែងរបស់កូនស្រី? ប៉ុន្ដែក្នុងទំ
នៀម ហើយមកអិលូវនេះមិនឃើញមានធ្វើដូច្នេះទេ។ ពត៌មាននេះ មិនគួរនឹងជឿ ប៉ុន្ដែយើងយល់ថា តើលោកជីវតា
ក្វាន់បំផ្លើសរឿងនេះដើម្បីប្រយោជន៍អ្វី? មិនតែប៉ុណ្ណោះ លោកបញ្ជាក់ទាំងពេលដែលឃើញគេធ្វើ ហើយត្រង់ណា
លោកមិនឃើញផ្ទាល់ភ្នែកដូចជានៅក្នុបន្ទាប់ក៏លោកបញ្ជាក់ច្បាស់ថា លោកគ្រាន់តែលឺគេថាទេ (ត្រង់នេះឃើញថា
លោកមានចិត្ដត្រង់ណាស់ក្នុងដំនើរកត់ហេតុនេះ។

    ឆេណាំ រឺ ឆាណាំ : ជាសំលេងចិន ត្រាប់តាមពាក្យខ្មែរឆ្នាំង ដោយសារចិនគ្មានសំលេងអក្សរតំរួត គឺសំដៅយក កំពង់
ឆ្នាំង ព្រោះពាក្យកំពង់ប្រែថា ភូមិ ម៉្លោះហើយ លោកជីវតាក្វាន់កត់យកតែឈ្មោះភូមិតែម្ដង។ ច្បាស់ថែមពីលើនេះ
ទៀត គឺ លោកជីវតាក្វាន់បានរាប់រៀបថា ជាឈ្មោះខេត្ដមួយនៃប្រទេសចេនលា ហើយគេធ្វើដំនើរចេញពីនេះ ត្រូវឆ្លង
កាត់សមុទ្រសាប (ទន្លេសាប) អស់ពេលដប់ថ្ងៃទៀត ទើបដល់ក្រុងធំ។

    ផូគូ :  ក្លាយតាមសំដីចិន ទំនងជាហៅពាក្យខ្មែរ ចៅគូ ដែលគេធ្លាប់និយមប្រើនៅចុងសតវត្សទី១៣ សំរាប់ហៅលោក
សង្ឃ (សព្វថ្ងៃសៀមនៅប្រើនៅឡើយ)។

   ប៉ាតេង : ពាក្យខ្មែរបុរាណ ម្រតេង ដែលក្រោយមកក្លាយជា កំរតែង រួចសព្វថ្ងៃថា គំដែង គឺសំរាប់សំគាល់ងារមន្រ្ដីជាន់
ខ្ពស់ និង អ្នប្រាជ្ញធំ រឺ អ្នកមានរិទ្ធតេជៈខ្លាំងក្លា។ សព្វថ្ងៃនៅប្រើចំពោះព្រះសង្ឃ អុទាហរណ៍  : បពិត ព្រះគំដែងសង្ឃ ទាំ
ងឡាយ ជាដើម។

    ប៉ាធ : ទំនងជាត្រប់តាមសំលេងអ្នកស្រុកដើមហៅថា ប៉ាតូវ។ លោកប៉ែលិយោត បញ្ជាក់ថា សព្វថ្ងៃជានជាតិចារាយ
នៅប្រើពាក្យ ប៉ាតូវ ហៅអូវពុកនៅឡើយ។

    ប៉ានឃាប រឺ ប៉ានឃីត : ទំនងជាត្រាប់សំលេងខ្មែរ បណ្ឌិត (ដែលយើងអានក្លាយទៅ បន្ទីត រឺ អន្ទិត សំដៅយកពួកអ្នក
ប្រាជ្ញ។

    ប៉ាវទៀងកាក : តាមសេចក្ដីក្នុងអត្ថបទ លោកជីវតាក្វាន់ ហៅសំគាល់អង្ករ។ មកពីពាក្យអង្ករ បុរាណយើង ហៅរង្ករ
មានប្រើក្នុងសិលាចារឹកជាច្រើន។

ប៉ាស៊ីវ៉ី : សំស្រ្កឹត បស្វី ប្រែថាអ្នកមានតបៈ គឺខ្មែរបុរាណហៅពពួកអ្នកបួសជាតាបសនៅតាមព្រៃ ច្រើនអ្នកប្រតិបត្ដិតាម
គម្ពីរវេទ (សូមមើលក្នុងរឿងរាមកេរខ្មែរ គេប្រើពាក្យនេះសំរាប់ពួកយក្សហៅព្រះរាម ដែលធ្វើតបៈក្នុងព្រៃថា បស្វី។

    ផេង កេស៊ី : លោកជីវតាក្វាន់ថា ផេងកេស៊ី ជារុក្ខជាតិដែលគេយកស្លឹកវាមកធ្វើស្រា។ យើងបានប្រទះឃើញក្នុងវចនា
នុក្រមខ្មែរភាគ១ ទំព័រ ៨២៩ និយាយថា ខ្មែរយើងជាន់ដើមគេយកស្លឹកឈើម្យ៉ាងមកធ្វើស្រា ហៅថា ស្លឹកភ្ងាស។ ភ្ងាស
នេះជាឈើព្រៃ មានសំបកក្រមរជ្រួញៗ ស្លឹកល្អិតរឹង ផ្កាល្អិតកញ្ចុំ ពណ៌ស្វាយ។ ដូច្នេះគឺស្លឹកភ្ងាស នេះហើយ ដែលកត់
តាមសំលេងចិនទៅជាផេកេស៊ី។

    ពុឡៃ : សំស្រ្កឹត ព្រះ ប្រែថា ប្រសើរ គឺតាមនិយមន័យខ្មែរសំរាប់ហៅបុគ្គលជាទីគោរព មានព្រះពុទ្ធអង្គជាដើម ។
ក្រោយមកគេហៅមន្រ្ដីមានសក្ដិខ្ពស់ រឺ សង្ឃដែលមានសមណសក្ដិ។

    ពូលូវ រឺ ពូលូឈិង មកពីពាក្យផ្លូវ ដែលចិនគ្មានសំលេងអក្សរតំរួត ក៏អានទៅជាពីរព្យាង្គថា ពូលូវ ។អែពាក្យឈិង ជាពា
ក្យចិនប្រែថា ភូមិ ដូច្នេះ ពាក្យនេះមានន័យថា ភូមិផ្លូវ ទំនងជា «ភូមិផ្លូវត្រី សព្វថ្ងៃទេដឹង? ព្រោះអត្ថបទនេះ និយាយពី
ភូមិនៅមាត់ទន្លេសាប តាមរយៈដំនើរទៅសៀមរាប។

    ភុយឡាំង : លោកប៉េលិយោត លោកពន្យល់ពាក្យនេះថា C'est le non d'une barque faite seule pièce de bois,
l'original plan? piran n'est pas cnnu ចំពោះយើង យល់ថា ទំនងជាទូកកំរោល ដែលគេលុងធ្វើពីឈើមួយដើម ប៉ុន្ដែ
មិនដឹងជាឈ្មោះដើមថាម៉េច បានជាចិនកត់ជាពាក្យហៅផុយឡាំងនេះ។

    ម៉ៃ រឺ មី :ជាពាក្យសំរាប់មនុស្សស្រ្ដី រឺ សំរាប់ហៅម្ដាយដែលចិនខំថាតាមសំលេងខ្មែរមេ។ អុទាហរណ៍ មេជ្រូក មេគោ
មេបា...។

    សាមប៉ា : ចិនអានតាមសំលេងខ្មែរថា សំពះ។

    ស៊ុនណា : លោក ប៉េលិយោត ដាក់ក្នុងវង់ក្រចកអានថា Siennaja ហើយលោកពន្យល់ន័យថា L'original de ce nom
de bateau, quelque chose comme senda, n'a pas éteé retrouvé តាមមតិយើង គឺជាទូកម្យ៉ាង ដែលគេយក
បន្ទះក្ដារមកវាយភ្ជាប់ភ្ជិតគ្នា គេច្រើនហៅសព្វថ្ងៃថា ទូកឡើងក្ដារ បុរាណហៅថាទូកសន្ដរ។ ទំនងជា សន្ដរ នេះហើយ
ដែលចិនកត់ទៅជាស៊ីនណា។

    ស៊ីលាក់ទី : មកពីពាក្យសំស្ក្រឹត ស្រិស្ឋិន រឺ ស្រិស្ធី ប្រែថា អ្នកទ្រទ្រង់ នូវស្រុតិ គឺពួកអ្នកចេះដឹង រឺ អ្នកមានប្រាជ្ញា។

    ហ៊ុតឈឹង : ពាក្យនេះ មកពីភាសាចិន : ហ៊ុត = ព្រះពុទ្ធ + ឈឹង = ភូមិព្រះពុទ្ធ។ លោក ប៉េលិយោត យល់ថាជាភូមិពោ
ធិសាត់ ប៉ុន្ដែ បើតាមកំនាព្យលោកសុតន្ដប្រីជាអិន្ទ និរាសអង្គរវត្ដ លោកនិយាយដំនើរលោកទៅអង្គរវត្ដតាមមាត់ទន្លេ
សាប ឃើញភូមិមួយនៅពាក់កន្ដាលផ្លូវនេះឈ្មោះថា ភូមិត្រភព។ ហើយគាត់ពិចារណាថា នរណាយកពាក្យត្រៃភពមក
ដាក់ឈ្មោះ ជានាមរបស់ព្រះពុទ្ធដែរ ដូច្នេះហ៊ុឈឹង គឺជាភូមិត្រៃភពនោះអែង។

Website : www.khmercenter.ch មណ្ឌលវប្បធម៌ខ្មែរនៅប្រទេសស្វីស
 ជាសេវាកម្ម ក្នុងការផ្សាយពុទ្ធសាសនា វប្បធម៌ ជាភាសាខ្មែរ
Khmer Culture Center in Switzerland,
 Phone (41)44 3635900, Fax (41)44 3635900
© 2004 The Switzerland Buddhist Society, (watkhmer) Inc. All rightsreserved.