| watkhmer in Switzerland |

ប្រជុំកងធម៌ប្រជុំរឿងព្រេងច្បាប់ផ្សេងៗបណ្ដាំក្រមង៉ុយ
ទំព័រដើម កំនត់ហេតុជីវតាក្វាន់

ក - យោបល់របស់អ្នកបកប្រែ

 កំនត់ហេតុរបស់ ជីវ តាក្វាន់ អំពីប្រពៃណីនៃអ្នកស្រុកចេនលា ដែលមិត្ដអ្នកអាន កំពុងកាន់នៅដៃនេះ ពិតជាអែកសារពិ
សិដ្ឋមួយនៃប្រវត្ដិសាស្រ្ដខ្មែរយើង។ សៀវភៅប្រវត្ដិវិទ្យា រឺ អត្ថបទណាមួយដែលស្ដីពីស្រុកខ្មែរ មិនដែលចន្លោះឈ្មោះ
អែកសារជីវ តាក្វាន់នេះឡើយ។ កូនខ្មែរគ្រប់រូបរៀនប្រវត្ដិប្រទេសរបស់ខ្លួនមិនដែលនរណាមួយមិនស្គាល់ឈ្មោះ ជីវ
តាក្វាន់ទេ ប៉ុន្ដែការដែលយើងស្គាល់នោះ សុទ្ធតែលឺពាក្យតៗគ្នា កត់ចំលងតៗគ្នា ពីសៀវភៅមួយទៅសៀវភៅមួយ តាម
រយៈសៀភៅដើមជាភាសាបារាំងដែល លោក ប៉ូល ប៉េលិយោត បានប្រែសំរួលចេញពីអត្ថបទចិន ហើយបោះពុម្ពផ្សាយ
ដំបូងក្នុងព្រឹត្ដិបត្ដនៃភាសាបារាំងនៅចុងបូព៌ា Bulletin de l' école Francaise d' Extrème-Orient (BEFEO) ពីឆ្នាំ ១៩០២
ហើយក្រោយមក ពេលដែលលោកប៉េលិយោត ទទួលមរណភាពទៅ លោក ហ្សកសឺដេស ក៏យកស្នាដៃនេះ មានទាំង
អត្ថាធិប្បាយបន្ថែមក្បោះក្បាយផង ទៅបោះពុម្ពរួបរួមជាសៀវភៅមួយឡើងពី គ.ស ១៩៥១។ លោកប៉េលិយោត បាន
បញ្ជាក់ក្នុងអារម្ភកថា ថាលោកបានព្យាយាមបកប្រែតាមការស្រាវជ្រាវរកអែកសាររបស់ ជីវតាក្វាន់ ដែលមានលោក អា
ប់បែលរ៉េមុសាត៍ បានប្រែផ្សាយម្ដងហើយពី គ.ស ១៨១៩ ប៉ុន្ដែមិនទាន់គ្រប់សព្វ។ ខ្លួនលោក បានទៅនៅប្រទេសចិន
អស់ច្រើនឆ្នាំ ទើបប្រែបានជាស្នាដៃនេះ។

យើងជាខ្មែរ យើងសូមគោរព អរគុណពិសេស ចំពោះលោកអ្នកស្រាវជ្រាវជំនាញទាំងនេះ ទុកដូចជាជួយរើកកាយកំនប់
ដ៏មានតំលៃមួយអោយយើងដែរ។ ប៉ុន្ដែ ដោយលោកអ្នកប្រែនោះអែង មិនមែនជាខ្មែរ ម្លោះហើយយើងចេះតែមាន
ចិត្ដតូចមួយមមៃនឹកជានិច្ចថា ប្រសិនជាខ្មែរណាប្រែចេញពីអត្ថបទភាសាចិនផ្ទាល់តែម្ដង យើងដូចជាអស់ចិត្ដជាង ទោះ
បីការបកប្រែនោះមិនជ្រៅជ្រះឆ្អិនឆ្អៅណាស់ណាក៏ដោយ។

ខ្ញុំធ្លាប់បានរៀនអក្សរចិនអស់បួនឆ្នាំ កាលនៅពីក្មេង តែភ្លេចភ្លាំងទៅវិញស្ទើរគ្មានសល់ នៅចាំបានតែតួអក្សរណាធ្លាប់
ប្រើញឹកញាប់ និង នៅចេះសរសេរចំលងតាមគេកើត។ ទាំងពាក្យ ទាំងអក្សរចិនមកបញ្ជាក់ផង ដូចជាឈ្មោះស្រុក
ឈ្មោះរបស់ ឈ្មោះការផ្សាយជាដើម ខ្ញុំក៏ចេះតែកត់ទុកៗ នូវអក្សរចិនទាំងនោះគ្រាន់ជាអែកសារ។

សំនាងមាន នៅឆ្នាំ ១៩៦២ ខ្ញុំបានទទួលបេសកកម្មមួយខាងវប្បធម៌ អោយខ្ញុំដឹកនាំគណៈប្រតិភូអ្នកនិពន្ធខ្មែរ ទៅកាន់ប្រ
ទេសចិន។ ខ្ញុំនឹកជាប់ក្នុងចិត្ដជានិច្ចថា ក្នុងដំនើរនេះ ខ្ញុំនឹងសាកសួរគេរកអែកសារស្នាដៃ ជីវ តាក្វាន់ អោយបានឃើញ
ផ្ទាល់ភ្នែកតែម្ដង បំនាច់បានមកជាន់ដីស្រុកកំនើត ជីវតាក្វាន់ហើយ។ នៅពេលដែលខ្ញុំជួបសន្ទនាជាមួយនឹងរដ្ឋមន្រ្ដីក្រ
សួងវប្បធម៌ចិន ដែលកាលនោះជាប្រធានសមាគមអ្នកនិពន្ធចិនផងនោះ ខ្ញុំបានស្នើនឹងគេអំពីបំនងចង់ឃើញ និងចង់
ចំលងអែកសារ ជីវតាក្វាន់នេះ។ រដ្ឋមន្រ្ដីវប្បធម៌នោះអែង ទទួលរ៉ាប់រងបំពេញបំនងខ្ញុំ។ យប់នោះខ្ញុំអរក្រៃលែង អរ
បន់អោយតែភ្លឺឆាប់ នឹងបានទៅទស្សនាបណ្ណាល័យជាតិរបស់គេ តែមិនទាន់បានទៅភ្លាមទេ ព្រោះមានកម្មវិធីទៅទស្ស
នាទីឆ្ងាយៗពីនេះសិន។ ទាល់តែប្រាំថ្ងៃក្រោយមកទើបគេនាំខ្ញុំទៅកាន់ទីទុកអែកសារនេះ ដែលគេហៅថា ផ្នែកខាង
សៀវភៅកំរ ស្ថិតនៅក្នុងបណ្ណាល័យជាតិ ក្រុងប៉េកាំង។ នាយកបណ្ណាល័យនាំសហការីគេពីរនាក់ទៀតនៅរង់ចាំខ្ញុំ គឺ
នាយផ្នែកខាងសៀវភៅកំរ និងអ្នកអែកទេសខាងការស្រាវជ្រាវ ប្រវត្ដិចុងបូព៌ាប្រទេស ឈ្មោះ ទា សីវម៉េង អាយុ៦៩
ឆ្នាំ។ គឺលោក ទា សីវម៉េង នេះហើយដែលបានរើសៀវភៅក្រាស់ៗមួយគំនរ  មកចាំបង្ហាញខ្ញុំដែលសុទ្ធសឹងជាសៀវភៅ
មានស្ដីទាក់ទងនឹងប្រវត្ដិសាស្រ្ដខ្មែរ ហើយសុទ្ធតែសៀវភៅដែលបោះពុម្ពតាំងពីសតវត្សទី ១៤, ១៥, ១៦ និង ១៧ មកម្ល៉េះ
។ គេសន្ទនានឹងខ្ញុំយ៉ាងច្រើន ហាក់ដូចជាចង់ល្បងថា តើខ្ញុំទទូចរកអែកសារនេះ ជាអ្នកចេះដឹងខាងប្រវត្ដិស្រុកទេសមែ
នទែន រឺ ក៏គ្រាន់តែរកៗទៅទេ? ជាភ័ព្វល្អ ខ្ញុំធ្លាប់បាន មើលអែកសារច្រើន ស្ដីពីការទាក់ទងរវាងស្រុកទាំងពីរនេះ ហើយ
មុននឹងទៅស្រុកគេ ក៏ខ្ញុំបានកកត់ត្រាអែកសារនេះច្បាស់ៗទៀត ព្រោះបេសកកម្មខ្ញុំ ចំលើរឿងវប្បធម៌នេះអែងផងម៉្លោះ
ហើយ ខ្ញុំឆ្លើយនឹងគេរហ័សហួនណាស់ រហូតគូសន្ទនាទាំងបីនាក់នោះ នាំខ្ញុំទៅជួបនឹងបណ្ឌិតសភាខាងប្រវត្ដិសាស្រ្ដ
ទៀត។

ក្នុងបន្ដាសៀវភៅក្រាស់ៗទាំងនេះ មានខ្លះនិយាយពីស្រុកយើងតែ ១ រឺ ២ ទំព័រប៉ុណ្ណោះទេ មានតែមួយប៉ុណ្ណោះដែលមា
នសេចក្ដីវែងក្បោះក្បាយ គឺប្រវត្ដក្នុងរាជសន្ដិវង្ស ម៉ុងហ្គោល ដែលមានមួយភាគធំ និយាយពីការចាត់អ្នកកត់ត្រាមកស្រុ
ក ចេនលា គឺលោក ជីវតាក្វាន់ នេះអែង។ ខ្ញុំសុំចំលងអត្ថបទនេះទាំងស្រុង ដែលមានចំនួន៦៣ទំព័រ គេក៏ព្រមថតចំលង
អត្ថបទនេះអោយខ្ញុំ បានជាហ្វីលមួយខ្សែវែង។ លុះមកដល់ស្រុកវិញ ខ្ញុំផ្ដិតចេញជាសន្លឹកអក្សរ ហើយអនិច្ចា! នៅតែ
អង្គុយមើលៗ វាយសេចក្ដីមិនបែកសោះ។ ខ្ញុំបានយកអក្សរថតផ្ដិតនេះ បិទធ្វើជាសៀវភៅមួយ ហើយយកទៅតំកល់ទុក
នៅសមាគមអ្នកនិពន្ធខ្មែរ ព្រោះសង្ឃឹមក្រែងថ្ងៃក្រោយ មានលោកណាមួយក្នុងបន្ដាអ្នកនិពន្ធអ្នកស្រាវជ្រាវ អាចធ្វើការ
បកប្រែអត្ថបទនេះបាន។ ស្រាប់តែពីរឆ្នាំក្រោយមក បាត់សៀវភៅនោះជាអាសារបង់ទៅ សួររកដើមចុងមិនឃើញ ខ្ញុំ
នឹកថា : អ្នកដែលឆ្លៀតបំបាត់សៀវភៅនេះ ពិតជាមានបំនងយកទៅធ្វើអែកសារផ្ទាល់ រឺ មួយលាក់កំបាំងកុំអោយយើង
ធ្វើ
ការបកប្រែបាន។ តែសំនាងល្អខ្ញុំនៅសល់ហ្វីល ក៏ផ្ដិតបានមួយច្បាប់ទៀត ហើយក៏ចាត់ចែងបកប្រែបោះពុម្ពអោយបាន
ទោះ មិនទាន់ហ្មតចត់ ក៏បានជាផ្លូវសំរាប់អ្នកសិក្សា អ្នកស្រាវជ្រាវមួយផ្នែកធំដែរ។ មួយទៀតសំរាប់អ្នកសិក្សាបានជា
ប្រភពមួយទៀតប្រៀបធៀបនឹងប្រភពដទៃៗផង ។ ការបកប្រែនេះបានធ្វើទុក្ខខ្ញុំយ៉ាងខ្លាំង ព្រោះខ្ញុំត្រូវការពឹងរកអ្នក
ចេះអក្សរចិន ហើយរបៀបចិនបុរាណទៀត អែអ្នកចេះចិនសម័យថ្មី អានមិនយល់ច្បាស់វាយសេចក្ដីពុំបានន័យឡើយ។
មិត្ដខ្ញុំម្នាក់ឈ្មោះ អ៉ឹង ឡាយ ជាអ្នកនិពន្ធប្រលោមលោកច្រើនរឿងដែរ តាំងពីឆ្នាំ ១៩៥៥ - ៥៦ ហើយតមកគាត់ជាអ្នក
អែកទេសប្រែរឿងភាពយន្ដចិន ទោះជារឿងបុរាណដែលប្រើពាក្យជំនាន់ចាស់ៗ ក៏គាត់ធ្លាប់ជួបប្រទះគ្មានសល់។ មិត្ដ
អ៉ឹង ឡាយបានធនាជួយខ្ញុំពេញកំលាំង។ លោកប្រែអត្ថបទនេះមួយចប់អោយខ្ញុំ ហើយត្រង់ពាក្យណាពិបាកពេកគាត់ដេ
ញសួរទៅវចនានុក្រមចិន ហើយកត់ទាំងពាក្យពន្យល់ទុកអោយខ្ញុំផង។ មានមិត្ដខ្ញុំម្នាក់ទៀតឈ្មោះ ម៉ា អៀត ធ្លាប់ធ្វើ
ជាគ្រូបង្រៀនអក្សរខ្មែរនៅសាលាចិន ក៏បានជួយបកប្រែខ្ញុំមួយចំនែកផ្សេងទៀតដោយអន្លើខ្លះ មិនបានចប់ចុងចប់ដើ
មទេ។ ខ្ញុំយកសំណៅបកប្រែទាំងពីរនេះមកមើល សំរួលកែកុនផ្សំបញ្ចូលគ្នា ដោយផ្ទៀងផ្ទាត់ខ្លះជាមួយអក្សរចិនជាអត្ថ
បទដើម ដែលខ្ញុំមើលបានដោយអន្លើៗ ផ្សែផ្សំផង ហើយខ្ញុំផ្ទៀងជាមួយនឹងស្នាដៃប្រែរបស់លោក ប៉េលិយោត ជាភា
សាបារាំងទៀត។ ប៉ុន្ដែនៅតែមិនអស់ចិត្ដ។ លុះថ្ងៃមួយ ខ្ញុំជួបគ្រូចាស់ខ្ញុំ ដែលអិលូវអាយុ៧១ ឆ្នាំហើយ ឈ្មោះលោក
តាំង ស៊ុយគង់។ កាលខ្ញុំរៀនអក្សរចិន (១៩៤០) លោកជាសាស្រ្ដាចារ្យខាងអក្សរសាស្រ្ដ ធ្លាប់ចេះចាំរឿងព្រេងសព្វគ្រប់
ជាអ្នកសិក្សាដោយខ្លួនអែង តាមរបៀបចិនបុរាណ។ អិលូវលោករស់នៅជាមួយកូនចៅ ដែលសុទ្ធសឹងជាមន្រ្ដីរាជការ
យើងខ្លះ និងខ្លះជាអ្នកជំនួញ។ ខ្ញុំស្នើសុំអោយគាត់ជួយផ្ទៀងជាមួយខ្ញុំ។ លោកតាទទួលដោយរីករាយ ពេញចិត្ដនឹងកិច្ច
ការនេះ ដូចមិត្ដខ្ញុំទាំងពីរខាងលើដែរ។ គាត់ពន្យល់ ខ្ញុំម្ដងមួយវគ្គៗ ខ្ញុំផ្ទៀងមើល តើត្រូវន័យសព្វគ្រប់ដូចសេចក្ដីប្រែរប
ស់ខ្ញុំរឺទេ? បើខ្វះខ្លះខ្ញុំ ក៏បន្ថែម បើមិនងាយយល់ ខ្ញុំក៏ធ្វើន័យលក្ខណៈ ព្យល់ខាងក្រោមតាមគាត់ប្រាប់។ អស់រយៈបីខែ
ទៀត ទើបបានសំរេចយកសេចក្ដីបាន ហើយដែលចាត់ការបោះពុម្ពពេលនេះ។

ម្យ៉ាងទៀត អំពីសំនៀងភាសាចិន មានច្រើនយ៉ាងតាមគ្រាមភាសា (Dialeeles) ដូចជាភាសាប៉េកាំង ស៊ាងហៃ កន្ដាំង ទា
ជីវ ហុកគៀន៘ ខ្ញុំសូមបញ្ជាក់ថា លោកជីវតាក្វាន់ មានដើមកំនើតនៅវ៉េងតា ខែត្រ ជាក់កាង ក្នុងភូមិភាគចិនខាង
ត្បូង។ ដូច្នេះសំដីភាសាលោកក៏ពិសេសតាមស្រុកនោះដែរ។ តែមកដល់ប្រទេសចេនលាគ្មានចិនស្រុកគាត់មកនៅទេ
មានតែចិនខែត្រ គង់ទុង រឺ ក្វាងតាំង ខ្មែរយើងធ្លាប់ហៅ ចិនកន្ដាំង ចិនទាជីវ នេះអែង មករស់នៅ។ ម្លោះហើយសំលេង
ពាក្យដែលគាត់ប្រែពីខ្មែរទៅពិបាកស្ដាប់ណាស់ ព្រោះតាមសំនៀងពួកកន្ដាំង និង ទាជីវជាអ្នកប្រែអោយគាត់ផង និងតាម
សំនៀងភាសាផ្ទាល់របស់ស្រុកកំនើតគាត់ផង។ ក្នុងការបកប្រែនេះ យើងខ្ញុំសំរេចគ្នាថា យកតាមសំនៀងចិនទាជីវជាគោ
ល ព្រោះមានតែចិនទាជីវទេ ដែលរស់នៅភាគច្រើនលើសលុបគេក្នុងស្រុកខ្មែរ ហើយអ្នកចេះភាសាចិន រឺ ក៏ពាក្យខ្មែរ
ខ្លះ ដែលក្លាយមកពីចិនសុទ្ធតែអានតាមសំនៀងចិនទាជីវទាំងអស់។

    ដូច្នេះខ្ញុំ សូមអភ័យទោសជាមុន ពីសំនាក់លោកអ្នកដែលចេះចិនជ្រៅជ្រះ ក្រែងលោកខ្ញុំ និងគីគ្នាខ្ញុំ ផ្សំគ្នាប្រែនេះមិន
ទាន់សព្វគ្រប់ខ្វះចន្លោះពាក្យពេចន៍។

ភ្នំពេញ ខែមិថុនា គ.ស. ១៩៧១                      
លី ធាមតេង                          

Website : www.khmercenter.ch មណ្ឌលវប្បធម៌ខ្មែរនៅប្រទេសស្វីស
 ជាសេវាកម្ម ក្នុងការផ្សាយពុទ្ធសាសនា វប្បធម៌ ជាភាសាខ្មែរ
Khmer Culture Center in Switzerland,
 Phone (41)44 3635900, Fax (41)44 3635900
© 2004 The Switzerland Buddhist Society, (watkhmer) Inc. All rightsreserved.