| watkhmer in Switzerland |

ប្រជុំកងធម៌ប្រជុំរឿងព្រេងច្បាប់ផ្សេងៗបណ្ដាំក្រមង៉ុយ
១០១១១២១៣ ចរិតខ្មែរ

សេចក្ដីផ្ដើម

នេះយើងទាំងអស់គ្នា ដែលមានឈ្មោះថាជាអ្នកតស៊ូ ហើយដែលទើបតែរួចចេញពីគុកច្រវាក់ ក៏បានមកនៅជួបជុំគ្នា
នៅនឹងភ្នំពេញនេះ។ ជប៉ុនដែលជាអ្នកអុបត្ថម្ភ នូវនយោបាយយើងក៏នៅតែជួយផ្ដល់នូវគំនិតដល់ក្រុមបដិវត្ដន៍យើងដ
ដែល។ ជប៉ុនពុំទាន់ចាញ់កំលាំងសំព័ន្ធមិត្ដនៅឡើយទេ ថ្វីត្បិតតែក្រុងភ្នំពេញត្រូវរងគ្រប់បែករបស់កងទ័ពសំព័ន្ធមិត្ដ
(កាលពីថ្ងៃទី ៨កុម្ភៈ ១៩៤៥) ក៏ដោយ។ តែមិនតែប៉ុណ្ណោះនៅថ្ងៃទី ៩មិនា ១៩៤៥ ជប៉ុនថែមទាំងបានលោមព័ទ្ធចាប់បា
រាំងនៅភ្នំពេញទាំងរស់ទៀតផង។

លោក សឹង ង៉ុកថាញ់ ដែលរត់ទៅកាន់ប្រទេសជប៉ុនតាំងពីបារាំងចាប់លោកអាចារ្យ ហែម ចៀវ នោះ ក៏បានត្រូវជប៉ុន
ជួយអោយមកវិញ នៅខែអុសភា ១៩៤៥។ ពីរាត្រីទី ៨ទៅទី៩ ខែសីហា ១៨៤៥ យុវជនខ្មែរ និង ទាហាន ក៏ធ្វើបដិវត្ដន៍
រំលំរដ្ឋាភិបាល លោក អ៊ឹង អ៊ី ដែលនៅក្រោមអំនាចបារាំង រួចនៅថ្ងៃទី ១៤ ខែសីហាឆ្នាំដដែល លោក សឹង ង៉ុកថាញ់
ក៏ត្រូវបានចាត់តាំងជានាយករដ្ឋាភិបាលឡើង។

ក្នុងស្ថានភាពនេះ យើងរាស់គ្នាជាអ្នកនយោបាយ ហើយដែលមានជប៉ុនជួយអុបត្ថម្ភនោះ គួរណាស់តែបានសប្បាយភ្លើ
តភ្លើនក្នុងចិត្ដ ប៉ុន្ដែផ្ទុយទៅវិញ យើងពុំបានគិតនឹកដូច្នោះឡើយ យើងរាល់គ្នាគិតឃើញថា កំលាំងពួកសំព័ន្ធមិត្ដ ប្រ
ហែលជាបន្ថែមឡើង ដើម្បីផ្ដួលលំនឹងយើងនេះទៅវិញបាននៅថ្ងៃណាមួយ ព្រោះពួកគេកំពុងរៀបចំសំបើមណាស់
ដើម្បីបន្ទុចអានុភាពជប៉ុន រឺ ថាគេត្រូវការត្រួតត្រាអិណ្ឌូចិនជាដាច់មុខ។

កាលបើគិតឃើញដូច្នោះ យើងរាស់គ្នាក៏គិតរកផ្លូវដោះជាស្រេចថា នឹងគេចអោយផុតពីកន្ដាប់ដៃបារាំងបើបារាំងឈ្នះ
ជប៉ុនវិញនោះ យើងត្រូវចេញអោយផុតទៅក្រៅ ដើម្បីរិះរកមធ្យោបាយរំដោះស្រុកតទៅទៀត។

ថ្ងៃមួយជួបជុំគ្នា ក៏ពិគ្រោះព្រមព្រៀងគ្នាថា បើបារាំងឈ្នះជប៉ុន យើងត្រូវចេញទៅស្រុកសៀម និងស្រុកយួន។ ដូចដែ
លយើងបានផ្គងព្រួយនោះមែន ថ្ងៃទី១៦ តុលា ១៩៤៥ ពួកបារាំងល្បួងចាប់លោកនាយក សឹង ង៉ុកថាញ់ទៅ ហើយព្រ
មទាំងចាប់ជនជាដៃជើងទៀត (មានពួកយើងអ្នកតស៊ូនេះអែង)។

ដូចដែលបានព្រាងទុក ពួកអ្នកតស៊ូចែកបំបែកគ្នាចេញជាពីរក្រុម។ មួយក្រុមមានលោក ប៉ាច ឈឺន, លោកចៅ សែន
កុសលឈុំ (កាលណោះ ជាចៅហ្វាយខេត្ដកំពុងចាម) លោកស្រី សឹង ង៉ុកថាញ់ នាមដើម ឡាំ អីអ៊ុក និងជនជាច្រើន
ទៀត បានទៅនៅបាសាក់ (កម្ពុជាក្រោម) អែចំនែកខ្ញុំ ប៊ុណ្ណចន្ទ ម៉ុល ខ្ញុំមានមាម្នាក់ឈ្មោះ ប៉ុក គុណ ហៅ ត្រលាច
នៅខេត្ដបាត់ដំបង ដែលកាលណោះសៀមត្រួតត្រាជារបស់សៀម។ ព្រំប្រទល់ខ្មែរ-សៀមកាលណោះនៅត្រង់ស្វាយ
ដូនកែវ។

តទៅមុខអស់លោកអ្នកនឹងបានជ្រាបអំពីដំនើររបស់ខ្ញុំផ្ទាល់ទៅកាន់ខេត្ដបាត់ដំបង និង អំពីកំនើតនៃខ្មែរអិស្សរៈព្រម
ទាំងសកម្មភាពអ្វីខ្លះនៃក្រុមនោះ។ សកម្មភាពពួកនោះ ឃើញថាផ្ទុយពីគោលបំនងរបស់យើងអ្នកនយោបាយរំដោះជា
តិ, ផ្ទុយពីគំនិតរបស់យើងដែលជាអ្នកបង្កើតពួកនោះ។ សកម្មភាពពួកនោះ គឺជាគុណវិបត្ដិម្យ៉ាងដែលផ្ដល់អោយខ្ញុំនូវ
កំហកចិត្ដយ៉ាងធំដរាបសព្វថ្ងៃ។

ហេតុនោះហើយ ទើបខ្ញុំនិយាយរិះគន់អ្វីៗ ខ្ញុំចូលចិត្ដថា «នេះហើយចរិតខ្មែរ» រាល់ដងដូច្នេះអែង។ វ័យចាស់ប៉ុណ្ណេះ
ហើយ ខ្ញុំសូមចងដៃអនុជនជាន់ក្រោយនូវស្នាដៃនេះ ដើម្បីជាបទពិចារណារិះរកផលប្រយោជន៍ជូនបងប្អូនរួមជាតិក្នុង
សាធារណរដ្ឋខ្មែរតទៅទៀតផង ដោយចៀសវាងនូវអំពើឃោរឃៅ កាប់សំលាប់គ្នាអែងដោយព្រៃផ្សៃនោះតទៅ
ទៀត។

សូមអោយមានយុត្ដិធម៌ក្នុងសង្គម ដើម្បីវឌ្ឍនភាព និង សុភមង្គលរបស់សាធារណរដ្ឋខ្មែរ។
ភ្នំពេញថ្ងៃទី២៦ កុម្ភៈ ១៩៧៣
ប៊ុណ្ណចន្ទ ម៉ុល

Website : www.khmercenter.ch មណ្ឌលវប្បធម៌ខ្មែរនៅប្រទេសស្វីស
 ជាសេវាកម្ម ក្នុងការផ្សាយពុទ្ធសាសនា វប្បធម៌ ជាភាសាខ្មែរ
Khmer Culture Center in Switzerland,
 Phone (41)44 3635900, Fax (41)44 3635900
© 2004 The Switzerland Buddhist Society, (watkhmer) Inc. All rightsreserved.