| watkhmer in Switzerland |

ប្រជុំកងធម៌ប្រជុំរឿងព្រេងច្បាប់ផ្សេងៗបណ្ដាំក្រមង៉ុយ
១០១១១២១៣ ចរិតខ្មែរ

៣ -អំពើព្រៃផ្សៃនៃពួកអិស្សរៈ

ខ្ញុំត្រូវតែនិយាយដោយពិតនូវការដែលខ្លួនខ្ញុំបានឃើញបានដឹង ក្នុងគ្រាដែលខ្ញុំស្ថិតនៅជាមួយពួកអិស្សរៈ ដែលខ្ញុំផ្ចុងផ្ដើ
មបង្កើត ហើយបែរជាអិតសន្ដាប់ធ្នាប់គ្មានរបៀបរៀបរយ ព្រោះតែពួកនោះចង់ធំ ពង្រីកអានុភាពវាយកំពស់ស្មើស្ដេ
ចត្រាញ់ម្នាក់ៗ។ ដោយពិតទៅពួកនេះ ដោយចង់កំកើងខ្លួនខ្លាំងពេក ក៏ត្រូវតែភ្លេចសីលធម៌មនុស្សធម៌អស់ពីខ្លួន បែរ
ជាស្រលាញ់ការកាប់សំលាប់ ស៊ីសាច់ហុតឈាមគ្នាដោយព្រៃផ្សៃទៅវិញ។ ពីរបីរឿងតទៅនេះគឺជាអុទាហរណ៍ច្បាស់
បង្ហាញនូវភាពព្រៃផ្សៃ និង អមនុស្សធម៌នៃពួកនេះ ៖

ការសំលាប់គិញបារាំងម្នាក់ឈ្មោះ ប៊ុន ចាន់
ការស៊ើបរកគិញបារាំង បានចាត់ឡើង។ ចំនាត់នេះបានហុចលទ្ធផលខ្លះដែរ នាំអោយគិញបារាំងខ្លាចរអាជាខ្លាំង។ គិញ
បារាំងដែលត្រូវចាប់បាន បន្ទាប់ពីបានវាយធ្វើទារុណកម្មហើយ តែងយកទៅបាញ់ចោល រឺ សំលាប់ដោយដំបង។

ក្នុងបន្ដាគិញបារាំងដែលពួកអិស្សរៈចាប់បានហើយយកមកសំលាប់នោះ ខ្ញុំបានសង្កេតឃើញគិញបារាំងម្នាក់ជាតិខ្មែរ
ឈ្មោះ ប៊ុន ចាន់ មានស្មារតីរឹង អិតតក់ស្លុតនឹងសេចក្ដីស្លាប់សោះ។ គេចាប់ភស្ដុតាងបាន ស្គាល់ខ្លួនវាថាជាគិញច្បាស់
ហើយ គេយកវាមកវាយសួរចំលើយ វានៅតែឆ្លើយថាពុំដឹង ថាពុំមែនជាគិញនរណាទាំងអស់ វាឆ្លើយនោះបែបព្រងើ
យ។ គេគំរាមសួរថា អែងឆ្លើយអោយត្រង់មក បើនៅរឹងប្រកែកទៀត យើងនឹងបាញ់សំលាប់! វានៅឆ្លើយបែបព្រងើ
យថា សំលាប់ៗទៅ! ខ្ញុំមិនដឹងអ្វីទាំងអស់ ខ្ញុំមិនមែនជាគិញនរណាទាំងអស់! ប៉ុន្ដែបើអស់លោកស្គាល់ច្បាស់ថាគិញបា
រាំង នៅក្នុងកន្ដាប់ដៃលោកហើយ លោកសំលាប់ទៅ! តែលុះគេយកទៅអោយឈរនៅជិតរន្ដៅ ហើយអោយភាវ
នាធម៌ទើបវាដូចជាភ្ញាក់ខ្លួន នឹកភ័យបន្ដិច និយាយថា ខ្ញុំគ្មានដឹងអ្វីទាំងអស់! យីម៉េចយកខ្ញុំមកសំលាប់? គឺថាវាមានចិត្ដ
ក្លាហានមាន ស្មារតីរឹងណាស់ ទាល់តែមកឃើញរន្ដៅសំរាប់កប់វាតែម្ដងទើបវាភ័យ។ ពេលនោះពួកអិស្សរៈជាពេជ្ឃ
ឃាតដំបង(១) សំពងភូសៗ កញ្ចឹងកអ្នកទោសវាដួលចុះប្រកាច់ដាច់ខ្យល់ ទើបច្រានទំលាក់ទៅក្នុងរន្ដៅ។
១ = ដំបងធ្វើពីឈើគ្រញូងប្រវែងជាង ១ម៉ែត្រប៉ុនកដៃមនុស្សចាស់ កាលនោះគេសំចៃគ្រប់កាំភ្លើង។

ការសំលាប់ឈ្មោះ ប៊ុន ចាន់ នេះជាអំពើកាចសាហាវមធ្យមទេ ពីព្រោះពេជ្ឈឃាត ប្រញាប់បំបាត់ជីវិតអ្នកទោសអោ
យផុតទៅភ្លាមៗ មិនវេទនាភ្នែកពេក។ នៅមានការសំលាប់អ្នកទោសបែបផ្សេងពីនេះ ដែលមើលទៅគួរអោយវេទ
នាភ្នែករកពាក្យនិយាយមិនបាន ហើយដែលនាំអោយខ្ញុំ មិនសប្បាយចិត្ដតែងតែដើរចេញ ពេលណាពួកមេៗ អែទៀ
តចាត់អោយធ្វើបែបនោះ ដែលគេអោយឈ្មោះថា ការសំលាប់ បែបស្រងែពេន

សូមជំរាបថា ខ្ញុំគឺជាមេអិស្សរៈមែន តែបានបំបែកនាទីខាងគិញ ខាងចាប់ចង ខាងសួរចំលើយ និង សំលាប់នេះទៅ
អោយគេផ្សេង គេមាននាទីគ្រប់គ្រាន់ អែខ្ញុំ ចំពោះរឿងនេះគឺគ្រាន់ជាទីប្រឹក្សាគេប៉ុណ្ណោះ។ ដូច្នោះ ទើបខ្ញុំពុំអាចអារ
កាត់រឿងណាមួយ អោយគេយល់ព្រមតាមបានឡើយ។

ការសំលាប់បែបស្រងែពេន
ខ្ញុំសូមជំរាបថា ការសំលាប់បែបស្រងែពេន ជាការសំលាប់មួយវេទនាភ្នែកណាស់ អ្នកដែលត្រូវគេសំលាប់នោះប៉ផ្ដិ
តប៉ផ្ដក់ជាទីបំផុតមុននឹងស្លាប់។ គឺមុនដំបូងពួកអិស្សរៈយកមនុស្សដែលថាជាគិញចារបុរសនោះមកវាយដំច្រំធ្លាក់អស់
ចិត្ដ រួចចងស្លាបសេកនាំយកទៅអង្គុយលុតជង្គង់ទល់មុខរន្ដៅដែលសំលាប់កប់ខ្មោចអ្នកទោសនោះ។ អែពួកអិស្សរៈ
នាំគ្នាវាតវង់អោយធំជុំវិញអ្នកទោសនោះ។ ភ្លាមនោះ ពេជ្ឈឃាតម្នាក់កាន់ដាវសស្ងាច ស្ទុះចូលមកកន្ដាលវង់ តាំងរាំ
រែកពត់ពេន បញ្ចេញទឹកមុខក្រលេមក្រលាប់ជាអាការកាចសាហាវ រាំបានបន្ដិចក៏ស្ទុះទៅជិតអ្នកទោសដែលអង្គុយ
លុតជង្គង់នោះ រួចក៏យកដាវទៅអារក អ្នកទោសនោះបន្ដិច អារមិនខ្លាំងទេល្មមតែចេញឈាម រួចក៏អោនយកមាត់
ទៅជញ្ជាក់បឺតឈាមនៅកនោះ យកមកព្រោះមុខដាវលាន់ផែតៗ! ដូចគេព្រោះទឹកមាត់ស្លា... មើលទៅសំបើមណា
ស់។ អែអ្នកទោសនោះមុខខ្មៅប៉ែ ធ្វើភ្នែកភ្លិះៗ រាងកាយញ័ររន្ធត់ដោយការឈឺចាប់ និង ដោយភិតភ័យស្ដាយជីវិត។
ពេជ្ឈឃាត បានអារកបឺតឈាមយកមកស្ដោះព្រោះ រាំរែកអស់ក្បាច់ទើបចាក់កអ្នកទោសជាង្ហើយ គ្នាដួលទៅក៏ច្រា
នទំលាក់ទៅក្នុងរន្ដៅ...

ពិធីនេះម្ដងៗ ខ្ញុំមិនចង់ចេញទៅមើលទេ ពីព្រោះលំបាកមើលណាស់ ហើយខ្ញុំបានជំទាស់មិនអោយធ្វើពីធីដ៏ព្រៃផ្សៃ
នេះជាច្រើនលើក តែពួកមេៗ អែទៀតគេមិនព្រម គេថាត្រូវតែធ្វើដូច្នេះ ដើម្បីផ្ចាញ់ផ្ចាលសត្រូវ។ ខ្ញុំមិនយល់សោះ
ព្រោះគ្នាត្រូវស្លាប់ទៅហើយ ស្លាប់គង់តែស្លាប់ទេ ម៉េចចាំបាច់អោយគ្នាវេទនាលំបាកប៉ផ្ដិប៉ផ្ដក់ធ្វើអី ម៉េចមិនសំលាប់
គ្នាអោយហើយតែម្ដងទៅ។

ត្រង់នោះហើយខ្ញុំបានកត់សំគាល់ថា ចរិតពួកខ្មែរអិស្សរៈនោះព្រៃផ្សៃណាស់ សត្វធាតុមិនស្មើទេ!!. ហើយព្រោះតែច
រិតពួកគេបែបនេះហើយ ទើបខ្ញុំដូចជារសាយដៃជើងម្ដងៗ សឹងតែថយខ្លួនចេញ ពីក្រុមនេះទៅវិញផង។

ក្រៅពីអំពើព្រៃផ្សៃនេះ គិនិតពួកអិស្សរៈមេៗខ្លះ ប្រកបដោយអគិត អយុត្ដិធម៌ គ្មានការពិចារណាវែងឆ្ងាយសោះ សំ
លាប់មនុស្សស្លូតត្រង់គ្មានប្រនី។ ខ្ញុំសូមលើកយករឿងមួយមកជំរាប

អំពីការសំលាប់ជាងកាត់សក់ម្នាក់
ថ្ងៃមួយក្រុមមេអិស្សរៈបានទទួលពីអ្នកស៊ើបការណ៍មកនូវបុរសម្នាក់ អាយុប្រមាណ៣០ឆ្នាំ មុតមាត់ស្អាតបាត រកស៊ី
ធ្វើជាងកាត់សក់នៅជាប់នឹងរបងផ្ទះបារាំង បារាំងនៅកន្ដាលក្រុងបាត់ដំបង តាមការណ៍កំនត់ហេតុរបស់អ្នកស៊ើបការ
ណ៍អោយដឹងថា ជាងនេះអែងជាគិញរបស់បារាំងតែងតែលបលួច ឆ្លងទៅអោយការណ៍បារាំងនៅផ្ទះឃ្លាំងធនាគារ
របស់បារាំងនៅនោះ។ ក្រុមខ្ញុំដែលជាអ្នកកាន់ការខាងលើ ក៏ចាប់អោយគេសាកសួរបុរសនោះតាមដំនើរ។ នៅក្នុង
ព្រៃស្ងាត់មួយ ពួកអ្នកដៃដល់ប្រហែលប្រាំនាក់ ដែលមានកាំភ្លើងនិងដំបងក៏ចាប់ផ្ដើមវាយអ្នកនោះអែង នឹងស្វាយកាំ
ភ្លើង នឹងដំបងមួយភូសម្នាក់ ហើយសួរថា

  • អែងគិញបារាំងមែនទេ? បុរសនោះឈឺចាប់ញ័រទទ្រើកឆ្លើយរហ័សថា
  • បាទទេ ខ្ញុំបាទពុំមែនជាគិញទេទាន! គេចាប់វាយនាក់នោះហើយសួរទៀត
  •  អែងឆ្លងទៅឡើងផ្ទះបារាំងនោះច្រើនដងហើយមែនទេ?
  • បាទទានខ្ញុំសូមជំរាប តាមត្រង់ ខ្ញុំបាទធ្លាប់ទៅផ្ទះនោះច្រើនដងមែន ប៉ុន្ដែខ្ញុំបាទគ្មានដឹងអីទេ
  • និយាយអោយត្រង់មក អែងទៅជួបបារាំងប៉ុន្មាននាក់? ប្រាប់វាថាម៉េចខ្លះ? បើអែងមិននិយាយសារភាពទេ អ
    ញនឹងបាញ់អែងសំលាប់អិលូវ!
ពោលដូច្នោះ អ្នកពេជ្ឈឃាតយើងតាំងទាញកាំភ្លើងបញ្ចូលគ្រាប់លាន់ក្រាកៗ ចង្អុលចុងមាត់ត្រែទៅរកបុរសនោះដែ
លមានទឹកមុខឡើងស្វាយ មានអាការៈញាប់ញ័រដូចកូនសត្វ។ បុរសនោះលើដៃស្ដាំសំពះ
  - បាទលោកម្ចាស់ សូមលោកម្ចាស់ទុកជីវិតខ្ញុំ! ខ្ញុំបាទសុំជំរាបតាមត្រង់ ខ្ញុំបាទឆ្លងរបងទៅផ្ទះនោះរាល់យប់នោះ គឺខ្ញុំ
   បាទទៅលេងបៀជាមួយនឹងមិត្ដភក្ដិ ដែលយកកន្លែងនោះជាកន្លែងលេង ខ្ញុំបាទគ្មានបានយកការណ៍ទៅអោយបារាំង
    ទេ ខ្ញុំបាទសូមស្បថជូន!

ពោលមិនទាន់ចប់ផង ពេជ្ឈឃាតយើងក៏វាយថ្ងាសអ្នកនោះមួយស្វាយកាំភ្លើងម៉ាំង! ស្រែកអូយ! យកដៃក្ដោបថ្ងាសដួ
លដេកនឹងដីថ្ងូររហ៊ិះ... ពេជ្ឈឃាតនេះ ក៏ស្ទុះទៅធាក់រមៀលទៅទៀតបីបួនត្រលប់រួចគំហកសួរទៀត៖
   - អាអែងនៅរឹងដល់ណាទៀត ម៉េចមិននិយាយអោយត្រង់? អាអែងនាំការណ៍ទៅប្រាប់បារាំងថាម៉េចខ្លះ? បុរស
  នោះមានឈាមរឹមៗ ចេញពីមាត់និងពិថ្ងាសខំត្រដរក្រោកអង្គុយលើកដៃសំពះទៅពេជ្ឈឃាតព្រមទាំងត្រដរនិយាយ
   - ខ្ញុំបាទស្បថជូន ... ខ្ញុំបាទពិតជាគ្មានដឹងអ្វីសោះ ខ្ញុំបាទជាជាងកាត់សក់រកស៊ីកាត់សក់រាល់ថ្ងៃ ខ្ញុំបាទគ្មានទាក់ទងអីនឹង
បារាំងសោះឡើយទានប្រោស សូមមេត្ដាកុំធ្វើបាបខ្ញុំបាទអី!

កាយវិការនិងទឹកមុខអ្នកទោសនេះ ធ្វើអោយខ្ញុំដែលជាអ្នកចាំកាត់សេចក្ដីជាមួយនឹងមេៗ ៦នាក់ទៀតនោះស្មានយល់
ថាគ្នានោះជាមនុស្សសុចរិតទេ ពុំមែនជាគិញបារាំងទេ។ តាមខ្ញុំចង់តែឃាត់ពួកពេជ្ឈឃាតថាអោយឈប់សួរទៀតទៅ
ប៉ុន្ដែខ្ញុំពុំទាន់ហ៊ានឃាត់ទេខ្លាចមេៗអែទៀតគេពុំស្របនឹងខ្ញុំ។

ចំលើយអង្វររបស់អ្នកទោសនោះ ពុំបានធ្វើអោយពេជ្ឈឃាតទទួលទន់តាមឡើយ។គេក៏តាំងទាត់ពោះអ្នកទោសនោះ
មួយភឹបយ៉ាងធ្ងន់ គ្នាចុករមួលយកដៃក្ដោបពោះ ដួលននៀលទៅទៀត។ ការនេះគួរតែឈប់មួយនាទី ប៉ុន្ដែពេជ្ឈឃា
ដយើងរិតតែបញ្ចេញភាពសាហាវខ្លាំងឡើង គេស្ទុះមកទាត់ទៀត អ្នកទោសរមៀលត្រលប់ផ្កាប់ផ្ងារ ទៅខាងម្នាក់ ម្នា
ក់ទាត់បញ្ជូនមកវិញ គេទាត់បញ្ជូនទៅម្នាក់ទៀត បុរសនេះរមៀលចុះឡើង រួចពេជ្ឈឃាតម្នាក់នោះទាត់រមៀលមក
អោយខ្ញុំ អ្នកទោសរមៀលមកជិតជើងខ្ញុំ រាល់គ្នាដូចជាចង់អោយខ្ញុំធ្វើដូចគេដែរ ប៉ុន្ដែតើអោយខ្ញុំយារជើងទាត់ធាក់ម
នុស្សដែលដូជាពិរាពិការនេះកើតដែររឺ? ហើយខ្ញុំកំពុងយល់ថា គេនេះជាមនុស្សល្អផង តើអោយខ្ញុំផ្ដល់ទារុណកម្មឃោ
រឃៅដូច្នេះកើតដែររឺ? មិនកើតសោះ ហើយខ្ញុំឈរនៅស្ងៀម សំលឹងទៅមនុស្សដែលនៅក្បែរជើងនោះអិតចេញស្ដី
មនុស្សនោះអែង ដែលដូចជាសន្លប់មួយវឹងហើយដឹងខ្លួនឡើងវិញនោះ ក៏ដូចជាវង្វេងទិសអស់ បានអោកាសដែលគេមិ
នធ្វើអីនៅនឹងមុខខ្ញុំនេះ គ្នាត្រដរងើបក្បាលឡើងយកដៃច្រត់ដី បង្ហើបខ្លួនបន្ដិច ហើយសំពះខ្ញុំ និយាយខ្សាវៗដោយកំ
លាំងខ្សោយថា

   - ព្រះតេជគុណ... អានិតជួយខ្ញុំបាទផង ខ្ញុំបាទគ្មានដឹងរឿងអ្វីទាំងអស់ ខ្ញុំបាទគ្មានធ្វើគិញបារាំងសោះ សុំកុំសំលាប់ខ្ញុំអី!
     ខ្ញុំនៅស្ងៀម គ្មានប្រតិកម្ម អ្នកទោសក៏និយាយទៀតថា
    - ព្រះតេជគុណ... បើព្រះតេជគុណសំលាប់ខ្ញុំបាទ ក៏ដូចជាសំលាប់មនុស្សពីរនាក់ទៀតដែរ គឺខ្ញុំបាទមានម្ដាយចាស់
     ម្នាក់ និង ប្អូនស្រីមួយដែលត្រូវខ្ញុំរកស៊ីចិញ្ចឹមរាល់ថ្ងៃ។ បើអត់ពីខ្ញុំនោះអ្នកទាំងពីរក៏នឹងវេទនាហើយ សូមលោក
      ម្ចាស់អានិតជីវិតសត្វផងទាន!

ខ្ញុំស្ដាប់សំដីនេះ ក៏កើតពិចារណាអានិត តែខ្ញុំពុំតបថាអ្វីទេ ខ្ញុំដើរចេញពីនោះមកអង្គុយ នៅមួយកន្លែងនរណាធ្វើអីអ្នក
ទោសនោះធ្វើចុះ។ តែពួកមេៗ និងពួកឃាតករក៏អិតមានធ្វើអ្វីដែរ គេដើរមករកខ្ញុំទាំងអស់គ្នាក្នុងទំនងចង់ពិគ្រោះ។
មេម្នាក់សួរខ្ញុំថា

   -អាគិញនេះ វាធ្លាប់ស្គាល់បងម៉ុលអែងរឺ? វាជាគ្រួសារបងអែងរឺ បាជាបងអែងមិនធ្វើបាបវា?
  - វាមិនធ្លាប់ស្គាល់ខ្ញុំទេ វាមិនមែនជាសាច់ញាតិខ្ញុំទេ ប៉ុន្ដែវាជាខ្មែរម្នាក់ដែលពួកយើងរាប់ថាជាសាច់ឈាមយើងដែរ
    អាពេជ្ឈឃាតនិយាយកាត់ខ្ញុំឡើង
   - វាជាខ្មែរមែន តែខ្មែរឆ្កែបារាំង វាធ្វើគិញបារាំង វាជាមនុស្សក្បត់!
     ខ្ញុំតបទៅវិញ ដោយសំលេងស្រាល
   - គ្មានភស្ដុតាងអែណាគ្រប់គ្រាន់ថា គ្នានោះជាគិញបារាំងទេ! បើរកភស្ដុតាងឃើញគ្រប់គ្រាន់នោះ កុំថាឡើយបុរស
    នោះ ទាំងគ្នាយើងនេះក៏ដោយអោយតែហ៊ានក្បត់ ខ្ញុំហ៊ានធ្វើទារុណកម្មយ៉ាងខ្លាំងលើសនេះទៅទៀត។
    មេម្នាក់កាត់ឡើង
   - អ៊ីចុះ កំនត់ហេតុអ្នកស៊ើបការណ៍ ដែលគេអោយមកនោះ ទុកជាអ្វីទៅវិញ?
   - នោះមិនមែនជាភស្ដុតាងគ្រប់គ្រាន់ទេ ខ្ញុំមិនយកជាបានការទាំងអស់ទេ ត្រូវស៊ើបអោយដល់កន្លែងទៅទៀត!
   - ធ្វើដូចបងម៉ុលអែង យឺតការណ៍ណាស់។
   - អ៊ីចឹងហើយ ព្រោះយើងត្រូវការយុត្ដិធ៌! ខ្ញុំតបដូច្នេះហើយងើបដើរចេញ។ មេម្នាក់សួរខ្ញុំបញ្ជាក់ដោយមិនសប្បាយ
     ចិត្ដ
   - អីចឹងបងម៉ុលអែងយល់ថាអានោះជាមនុស្សល្អរឺ
   - ខ្ញុំមិនថាទេ តែថាត្រូវអង្កេតតទៅទៀត!
   - បើអីចឹង តាមបងម៉ុលអែង បងម៉ុលអែងមិនសំលាប់អានេះទេរឺ?
   - ហ្នឹងហើយ តាមខ្ញុំ ខ្ញុំមិនអោយសំលាប់មនុស្សនេះទេ!
   - ចំនែកពួកយើង ពួកយើងសំរេចថាត្រូវតែសំលាប់!
   - ធ្វើអីធ្វើទៅខ្ញុំមិនដឹងទេ!
   - ល្អច្រើន បានសេចក្ដីថា បងម៉ុលអែងមិនសប្បាយចិត្ដនិងពួកយើងធ្វើអំពើនេះទេ!
     មេនោះបង្អង់បន្ដិចងាកទៅរកគ្នីគ្នារួច និយាយច្បាស់ៗថា
   - អើអិលូវនេះ កនយើងឈប់ធ្វើបាបអ្នកទោសនោះទៀតទៅ លើកវាអោយរួចទោស បើកវាអោយទៅស្រុកវាវិ
     ញទៅ! ព្រោះរកភស្ដុងតាងគ្មាន! រួចគេញាក់ភ្នែកដាក់ពេជ្ឈឃាត ដែលមានកាំភ្លើង Rementon គ្រានោះបុរស
    នោះលឺគេថាអោយរួចទោស ក៏ខំងើបដើរទ្រេតទ្រោតចូលមកក្នុង ទំនងសុំអរគុណ តែអ្នកមានកាំភ្លើងនិយាយថា
    - ទៅ ចេញទៅ គេអោយរួចខ្លួនហើយ ដើរអោយត្រង់ទៅកុំងាកក្រោយ!

គ្នាខំដើរទាំងជំហានទ្រមៗចេញពីនោះបានប្រហែលជា១០ ម៉ែត្រ ស្រាប់តែផាំង!! អូយ! អ្នកនោះដួលស្រឹបដាយគ្រប់
រីម៉ង់តុងទៅទំលុះស្មាបែកឈាមរហែង។ ទំនងជាយល់ថា គេបាញ់អោយខ្លួនចេញអោយឆាប់ៗ ក៏មិនដឹង អ្នកនោះត្រ
ដរស្រែកគ្រលួចថា បានហើយទាន បានហើយកុំថែមទៀត! ហើយត្រដរងើបឡើងទៀត ប៉ុន្ដែផាំង!! មួយគ្រាប់ទៀត!
ដួលគ្រឹបទៅទៀតងើបលែងរួច ដោយត្រូវត្រង់ក្បាលដំនំណាស់។ បុរសនោះស្ងាត់មាត់ត្រឹមណោះ ដែលខ្ញុំនឹកថា គ្នា
ដាច់ខ្យល់ទៅហើយ។ ប៉ុន្ដែពួកពេជ្ឈឃាតបានទៅមើលហើយស្រែកថា
  - យី អានេះធ្លាយក្បាលប៉ុណ្ណឹងហើយ នៅរស់ទៀតហ្ន៎!

គេនាំគ្នាអូសអ្នកទោសនោះមកវិញ! អស្ចារ្យណាស់ អ្នកទោសនោះធ្លាយស្មា ធ្លាយក្បាល តែនៅមិនទាន់ស្លាប់នៅតែ
ខំបើកភ្នែក ហើយដៃញញីញញ័រសំពះមកអ្នករាល់គ្នា។ គេរាល់គ្នាដូចជាធម្មតា ប៉ុន្ដែខ្ញុំម្នាក់គឺ ប៉ះទង្គិចក្នុងចិត្ដយ៉ាងខ្លាំ
ង។ ខ្ញុំមើលមុខខ្លួនប្រាណបុរសនោះដែលក្រាលដន្ដប់លាបលនដោយឈាមក្រហមពពុះៗ ដង្ហើមផ្តិកៗ ខ្ញុំដូជាភាន់ភាំង
ស្មារតីបន្ដិច ព្រោះនឹកថា មិនគួរពួកខ្ញុំសំលាប់មនុស្សនេះដោយព្រៃផ្សៃដូច្នេះសោះ។ ហើយហេតុការណ៍ដែលធ្វើអោ
យខ្ញុំខ្លោចចិត្ដរកពាក្យនិយាយពុំបាននោះ គឺពាក្យសំដីជាចុងក្រោយរបស់មនុស្សនោះដែលនិយាយទាំងដកចង្កាមាន់មក
កាន់ពួកខ្ញុំថាៈ

  - លោកម្ចាស់... បើលោកម្ចាស់អស់អានិត អស់យកអង្វរខ្ញុំបាទហើយ ក៏សន្មតជាកម្មផលរបស់ខ្ញុំបាទចុះ ប៉ុន្ដែខ្ញុំបាទ
សុំផ្ដាំលោកម្ចាស់បន្ដិចថា សុំលោកម្ចាស់មេត្ដាយកដំនឹងខ្ញុំស្លាប់នេះទៅអោយម្ដាយខ្ញុំបាទដឹងផង ហើយសុំលោកម្ចាស់
ជួយលក់គ្រឿងកាត់សក់ និងអិវ៉ែអិវ៉ាន់តិចតួចនៅផ្ទះខ្ញុំបាទនោះ យកប្រាក់ទៅអោយម្ដាយខ្ញុំបាទផង រួចថាសុំអោយគា
ត់ទៅសុំសីលនៅវត្ដ, ទាំងប្អូនស្រីខ្ញុំនោះក៏សុំអោយនាងរកស៊ីឈ្នួលជួលព័ទ្ធគេចិញ្ចឹមម្ដាយផង! សុំលោកមេត្ដាជួយខ្ញុំ
បានប៉ុណ្ណោះចុះ! ផ្ដាំរួចក៏ដាច់ខ្យល់ល្មម ទើបគេអូសខ្មោចយកទៅកប់ដោយជាន់ដីពីលើ ដូចជាខ្មោចឆ្កែឆ្មា។ ខ្ញុំគ្រវីក្បា
លហួសចិត្ដ។ ខ្ញុំនៅតែស្រមៃសំលេងថ្ងូរអង្វររបស់បុរសនោះជាប់នឹងត្រចៀក។

ក្រោយមកពុំអស់ចិត្ដ ខ្ញុំក៏បានស្នើមេៗខ្លះអោយចាត់ស៊ើបរឿងបុរសកាត់សក់នេះជាថ្មី ហើយអោយអ្នកស៊ើបនេះជា
មនុស្សប្រាកដប្រជាផង។ មួយសប្ដាហ៍ក្រោយមក ស្រាប់តែបានរបាយការណ៍ពីអ្នកស៊ើបនេះថា បុរសកាត់សក់ដែលពួ
កអិស្សរៈសំលាប់នោះ គឺជាមនុស្សសុចរិតស្លូតត្រង់ទេ គ្នាពុំមែនជាគិញរបស់បារាំងទេ។ ដើមហេតុមកពីមានខ្មែរអិ
ស្សរៈគ្នាអែងទៅស្រលាញ់ប្អូនស្រីក្រមុំរបស់គ្នា គ្នាក៏ការពារប្អូនស្រីគ្នាឡើង។ អែងធ្វើអ្វីពុំបាន ក៏រករឿងចោទប្រកាន់
គ្នាថា គ្នាជាគិញបារាំងទៅ។ គិតទៅរឿងនេះមូលហេតុមករឿងផ្ទាល់ខ្លួនទាំងស្រុង យកមនុស្សម្នាក់គ្មានទោសសោះ
មកធ្វើទារុណកម្មយ៉ាងយង់ឃ្នង ហើយសំលាប់គ្នាយ៉ាងព្រៃផ្សៃ។

អំពើនេះនាំអោយខ្ញុំស្អប់ខ្ពើមបំផុត ហើយតែងតែរំលឹកពួកមេៗជាសហការីនោះថា សូមអោយយើងចៀសវាងរបប
អយុត្ដិធម៌បែបនេះខ្លះទៅ ពួកគេតែងតបថា ណ្ហើយគ្មាននរណាទៅពិចារណាទាន់ទេ ត្រូវតែអោយវាស្លាប់ខ្លះអីចឹង
ទៅចុះ! ខ្ញុំនិយាយថា បើអ៊ីចឹងវាមិនខុសនឹងគំនិតយើងដែលជាអ្នកស្រលាញ់យុត្ដិធម៌ទៅហើយ។ បើអ៊ីចឹងយើងចង់រំ
ដោះស្រុកទេសធ្វើអី បើយើងចេះកាន់អយុត្ដិធម៌តាំងពីអិលូវនេះទៅហើយនោះ? ពួកទាំងនោះខឹងខ្ញុំយ៉ាងខ្លាំងអិតនិ
យាយស្ដី។ នេះអែងជាចរិតខ្មែរអិស្សរៈជំនាន់នោះ ចូលចិត្ដកាន់ផ្ដាច់ការ កាប់សំលាប់គ្មានពិចារណា។ ខ្ញុំម្ដងៗសឹងតែ
ទ្រាំពុំបាន ចង់តែប្រកាសរំលាយបក្សនេះចេញ។ ប៉ុន្ដែ ចេះតែខំទ្រាំបង្រួបបង្រួមតទៅទៀត ក្នុងគោលបំនងដដែល
ចង់កសាងស្រុកទេសអោយបានអែករាជ្យ។ ម្យ៉ាងទៀតរឿងអស់នេះខ្ញុំក៏សែនខ្មាសជាតិសៀមណាស់ មិនហ៊ានអោយ
សៀមដឹងរឿងហ្នឹងទេ។

ក្នុងរឿងបែបដូចគ្នានេះ មានមួយទៀត គឺរឿងលោកចន្ទរង្សី ដែលសព្វថ្ងៃនេះជាអភិបាលខេត្ដគីរីរម្យ និង ជាមេបញ្ជា
ការកងពលតូចថ្មើរជើងលេខ ១៣។ លោកចន្ទរង្សី កាលដែលនៅធ្វើជាអិស្សរៈ ប៊ិះតែនឹងរបេះជីវិតបាត់ហើយដោយ
សារតែការចោទប្រកាន់របស់មេ។ រឿងនោះគឺថា លោកចន្ទរង្សី ត្រូវពួកអិស្សរៈជាមេផ្ទាល់ចោទប្រកាន់ថា ជាគិញ
យកការណ៍ពីអិស្សរៈទៅអោយបារាំង រួចក៏ចាត់អោយគ្នីគ្នាចងឃ្លុំមុខប្រុងយកទៅសំលាប់ជាសំងាត់។ ខ្ញុំបានដឹងដូច្នេះ
ក៏ប្រញាប់ឃាត់ហើយអោយនាំលោកចន្ទរង្សីមកសាកសួរជាថ្មី។ ពួកអស់នេះរិះគន់ខ្ញុំថាកាន់ជើងគ្រួសារអែង ព្រោះ
ថា លោកចន្ទរង្សីត្រូវជាក្មួយជីដូនមួយខ្ញុំ... ព្រោះខ្ញុំនិងអម្ចាស់តូ ជាអូវពុកចន្ទរង្សីនោះត្រូវជាបងប្អូនជីដូនមួយខ្ញុំ។ ម្ដាយ
ម្ចាស់តូ ឈ្មោះ ម៉មគាត ជាប្រពន្ធហ្លួងនរោត្ដមនោះ ត្រូវជាម្ដាយធំខ្ញុំ។ តែខ្ញុំថា ខ្ញុំពុំមែនយល់ញាតិ នាំអោយឃ្លាតច្បា
ប់នោះទេ ខ្ញុំគ្រាន់តែសាកសួរអោយច្បាស់សិនទេតើ បើចន្ទរង្សីជាគិញបារាំងមែន មិនបាច់អោយពួកនោះយកទៅសំ
លាប់អែណាឆ្ងាយទេ អោយសំលាប់ជាក់ស្ដែង នៅនឹងមុខខ្ញុំ នៅនឹងមុខអ្នកស្រុកតែម្ដង។ ពួកនោះនៅស្ងៀម។ ទើបខ្ញុំ
ចាត់អោយស៊ើបជាថ្មី ក៏ស្រាប់តែបានពត៌មានច្បាស់លាស់ថា ពុំមែនជារឿងផលប្រយោជន៍បក្សអិស្សរៈទេ គឺជារឿង
ផ្ទាស់ខ្លួនសុទ្ធសាធតែម្ដង។ ហេតុនោះហើយ ដោយក្ដីក្ដៅក្រហាយរកធ្វើអ្វីចន្ទរង្សីពុំកើត មានតែផ្លូវចោទចន្ទរង្សីថាជា
គិញបារាំង ទើបចោទដូច្នោះទៅអោយចន្ទរង្សីស្លាប់។

ឃើញទេ? មានរឿងប្រយោជន៍រួម ប្រយោជន៍បក្សអែណា សុទ្ធតែជារឿងផ្ទាល់ខ្លួន រឿងស្រីញីចេះតែមួលបង្កាច់
ចោទប្រកាន់យកគ្នាទៅសំលាប់ធូរល្ហុយទៅរួច។ លោកចន្ទរង្សី កុំតែបានខ្ញុំឃាត់យកមកទុក ហើយចាត់អោយស៊ើប
រឿងទាន់ កុំអីត្រូវពួកត្មាតអស់នោះក្របែលបាត់ស្ងាត់តាំងពីនោះស្រេច។

ត្រង់ណេះហើយដែលខ្ញុំសំគាល់ឃើញថា ពួកខ្មែរអិស្សរៈ អត់មានច្បាប់ទាំងអស់ អិតមានសើបសួររកយុត្ដិធម៌ទាំងអ
ស់ ចោទប្រកាន់គ្នាពានត្រោកពានត្រាំង អ្នកមានកំលាំងសំលាប់អ្នកខ្សោយយ៉ាងស្រួល។

ក្រៅអំពីនេះខ្ញុំមានរឿងមួយទៀតគួរអោយចំអក ដែលពួកអិស្សរៈគេចូលចិត្ដនិយម ហើយដែលខ្ញុំបានអោយឈ្មោះ
ថា ជំនឿហួសសម័យ។ សូមជំរាបថា សម័យនោះពួកអិស្សរៈ មានជំនឿលើមន្ដអាគម អូមអាម ខ្សែគាថា ខ្សែចង្កេះ
កន្សែងយ័ន កុយ គុជ ចែកាច់...ជាដើម។

គ្រូមន្ដអាគមសម័យនោះជាអាចារ្យ ជាព្រះសង្ឃ។ អ្នកទាំងនោះតែងអះអាងថា គ្រឿងគ្រៅរបស់ខ្លួនសក្ដិសិទ្ធិណាស់
សុទ្ធតែកាប់មិនមុត ដុតមិនឆេះ បាញ់មិនចេញ។ តើវាសុទ្ធតែខ្លាំងពូកែសក្ដិសិទ្ធពិតប្រាកដដូចពាក្យអះអាងទាំងនោះរឺ?
ខ្ញុំមានរឿងមួយជំរាប៖

ថ្ងៃមួយជាថ្ងៃបង្កក់ប្រសិទ្ធីកងទ័ព។ ពួកអិស្សរៈមួយក្រុមបាននិមន្ដលោកសង្ឃមួយអង្គ ដែលជាគ្រូរបស់គេអោយមក
ប្រកបពិធី។ ក្នុងពិធីនោះមានរៀបចំគ្រែអាសនៈ និងរៀបគ្រឿងសក្ការបូជា មើលទៅដូចជាគេរៀបធ្វើបុណ្យអភិសេ
កព្រះដូច្នោះ ពិធីនេះប្រព្រឹត្ដទៅអស់ប្រាំពីរយប់ ប្រាំពីរថ្ងៃទើបបានចប់។ កាលបើសូត្រមន្ដអាគមប្រក់ព្រំរួចហើយ
លោកសង្ឃនោះងាកមកមានពុទ្ធដិការនឹងអិស្សរៈថា «អស់លោកទាំងអស់គ្នាមានគ្រឿងសក្ដិសិទ្ធិពេញខ្លួនហើយ គ្រឿ
ងគ្រៅទាំងនេះ ការពារអស់លោកបានហើយ ខ្មាំងបាញ់អស់លោកមិនចេញទេ រឺចេញដែរតែមិនត្រូវទេ បើមិនជឿល
មើលចុះ! ហើយបើអស់លោកមិនហ៊ានលគ្នាអែង លបាញ់អាត្មាវិញចុះ!» ហើយលោកនោះ និមន្ដទៅឈរនៅកន្ដាល
ទីប្រកបពិធី។

ខ្ញុំដែលមិនជឿរឿងនេះ ក៏បានឃាត់គ្នាអែងថា «កុំអាលសិន កុំអាលលផ្ដេសផ្ដាស ទៅរកលោក លតែកន្លែងអាសនៈ
សិនបានហើយ ព្រោះកន្លែងនោះមានគ្រឿងគ្រៅយ័នគាថាដែរ»។ ទើបខ្ញុំទាញកំាភ្លើងការប៊ីនមួយដើមតំរង់ទៅអាសន
។ ចុចកៃក្លឹក! ឈឹង! មិនចេញគ្រប់ ខ្ញុំនឹកថា អៃយ៉ា! ខ្លាំងពូកែមែនទេដឹង? ប៉ុន្ដែខ្ញុំរលាក់គ្រាប់នោះចេញ ដាក់គ្រប់ថ្មី
ចុចកៃក្លឹក! ផាំង! ហុយផ្សែងទ្រលោម! ខ្ញុំលាន់មាត់ថា នែ៎ ឃើញទេ? មិនស្រួលទេ កុំលលេងផ្ដេសផ្ដាសអោយសោះ
គ្រប់មុនស្អុយ គ្រាប់ក្រោយល្អបាញ់ចេញ សុំកុំអាលថាបាញ់មិនចេញនោះ!

ប៉ុន្ដែលោកគ្រូនោះ ប្រហែលខ្មាសខ្ញុំម៉េចមិនដឹង រឺ ក៏ជឿងមន្ដអាគមលោកស្មោះទៅហើយក៏មិនដឹង លោកស្រែក
ប្រាប់ទៅទាហានអិស្សរៈថា «នែអស់លោកកុំទៅលអីនឹងអាសនរបស់អិតវិញ្ញាណនោះ អោយលមនុស្សវិញទើបដឹង
ប្រាកដ អស់លោកបាញ់មកអាត្មាចុះ! បើគា្រប់ចេញមកត្រូវស្លាប់អាត្មាទៅចុះ!

ខ្ញុំក៏បានឃាត់លោកវិញថា «សូមព្រះតេជគុណកុំអោយគេលលេងៗនោះ របស់សក្ដិសិទ្ធគេតែងតែមិនលទេ ខ្ញុំករុ
ណា យល់ថាគួរកុំសាកល្បងធ្វើអី! តាមពិតត្រូវតែពន្យល់កូនទាហានអោយចេះលុតក្រាប តាមរបៀបយុទ្ធសាស្រ្ដប
ច្ចុប្បន្នទើបត្រូវ ពីព្រោះសម័យអិលូវនេះគ្រាប់កាំភ្លើងខុសពីសម័យដូនតាយើងឆ្ងាយណាស់ គ្រាប់កាំភ្លើងពីដើម ច្រក
ពីមាត់ត្រែ យើងយកភ្លើងដុត រឺក៏ដុតពីគល់ទៅទើបផ្ទុះស្ទុះទៅមុខ អែអិលូវគ្រាប់ចេញមួយវិនាទីរាប់មិនអស់ ធានា
ម្ដេចកើត? អោយកូនទាហានឈររងម្ដេចបាន?។

លោកសង្ឃនោះធ្វើមិនលឺ ហើយបែរជានិយាយនិងទាហានអិស្សរៈថា «អស់លោក វាស់ពីកន្លែងអាត្មាឈរនេះទៅចំ
នួន ៧កាំភ្លើងរួចបាញ់មកចុះ»។ ពីមុខកន្លែងបួងសួងនោះ មានតែគ្រែតូចមួយ លោកសង្ឃនោះគង់លើគ្រែនៅក្បែរ
នោះ សូត្រភាវនា រួចស្រែកថា «អោយបាញ់មកចុះ!»

ទាហានម្នាក់ដែលកំពុងចង់ល្បង ក៏តាំងយកកាំភ្លើងទៅវាស់ពីកន្លែងលោកឈរថយមកគ្រប់ចំនួន ៧កាំភ្លើង ក៏តាំងតំ
រង់កំាភ្លើងទៅលោកសង្ឃនោះទៅធ្វើព្រងើយ ស្រាប់តែផាំង! ដួលគ្រឹប! លោកមានទៅសក្ដិសិទ្ធអែណា លោកដក
ចង្កាមាន់ពីរបីង៉ឹកក៏ផុតខ្យល់ល្មម...ទាំងអស់គ្នាភ័យបះសក់ លែងប្រកបពិធីត្រឹមនោះ នាំគ្នាសែងខ្មោចលោកនោះយ
កទៅកប់ចោលបំបាត់ដានខ្លាចសៀមដឹង វាចោទអែងថាយកលោកសង្ឃមកបាញ់លេង រឺដូច្នេះដូច្នោះ។ ខ្ញុំនិយាយថា
«ម៉េច ឃើញទេ? ជំនឿចោលម្សៀត! រៀនលុតក្រាប លូនតាមពិធីច្បាំងមិនគិតទេ មករវល់រឿងអូមអាមឈរបាញ់
អិលូវម៉េចទៅ? រាល់គ្នាស្ងៀម។

ប៉ុន្ដែនៅតែដដែល រឿងមន្ដអាគមអូមអាមនោះ។ ដូចជាលោកមេអិស្សរៈម្នាក់ គាត់រើសបានអំបែងដៃកែវបុរាណមួ
យ ដែលបែកចេញពីតួកែវ គាត់បានប្រកាន់ថា ជាគុជពិសេសណាស់ ខំយកមកស្រោបមាសពាក់នៅក។ ខ្ញុំប្រាប់គាត់
ថា ពុំមែនគុជទេ គឺជាបំនែកដៃកែវបុរាណទេ គាត់នៅតែថា ទេ គុជប្រាកដណាស់ គាត់រើសបានមក ដោយសារទេវ
តាបង្ហាញគាត់អោយឃើញ! តាមពិត គឺជាបំនែកដៃកែវសោះ គួរអោយសើច! ។ សូមជំរាបថា បានជាខ្ញុំស្គាល់ថាជា
ដៃកែវបុរាណ ត្បិតផ្ទះខ្ញុំធ្លាប់មានកែវធុននេះដែរ។

ឃើញទេជំនឿអកុសល គ្មានពិចារណា មិនស្គាល់គុជនោះយ៉ាងម៉េច កែវយ៉ាងម៉េច លឺតែគេប្រាប់រាងរៅ តាំអជឿ
ភ្លាមយកមកតំកើងភ្លាម។ អ្នកដែលគេដឹងគេលបសើចមានទៅតិចអី។ ត្រង់នេះខ្ញុំយល់ថា គំនិតពួកយើងនេះនៅទាប
ណាស់ នៅល្ងង់ណាស់ ស្ទើរតែថារកលេខដាក់ពុំបាន។

ខ្ញុំ ខ្ញុំជឿដែរ គឺជឿព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងកម្មផល កុសល អកុសល ធ្វើល្អ បានល្អ ធ្វើអាក្រក់ បានអាក្រក់។ អែ
ថាទៅជឿលើមន្ដអាគម ខ្សែចង្កេះខ្នាយតាន់ គុជ កុយ ចែកាច់ នាងពួនស្អីៗនោះមិនជឿទេ។ អំពើល្អ កុសលផលបុ
ណ្យទេ ដែលនាំអោយខ្ញុំបានរួចពីស្លាប់រួចពីគ្រោះថ្នាក់ ពុំមែនមកពីគ្រឿងគ្រៅមន្ដអាគមអូមអាមនោះទេ។ ខ នេះសូ
មអស់លោកអ្នកធំ អ្នកតូចដែលមានជំនឿយ៉ាងណាៗនោះ មេត្ដាអភ័យទោសអោយផង បើយល់ថាយោបល់ខ្ញុំនេះ
មិនស្របនឹងអស់លោក។

Website : www.khmercenter.ch មណ្ឌលវប្បធម៌ខ្មែរនៅប្រទេសស្វីស
 ជាសេវាកម្ម ក្នុងការផ្សាយពុទ្ធសាសនា វប្បធម៌ ជាភាសាខ្មែរ
Khmer Culture Center in Switzerland,
 Phone (41)44 3635900, Fax (41)44 3635900
© 2004 The Switzerland Buddhist Society, (watkhmer) Inc. All rightsreserved.