| watkhmer in Switzerland |

ប្រជុំកងធម៌ប្រជុំរឿងព្រេងច្បាប់ផ្សេងៗបណ្ដាំក្រមង៉ុយ
សិក្សាកថា0 កំនប់ភុជង្គនាគ

១ - ត្រីងៀតមានជីវិត

គឺព្រៃរិស្សីប្រាច ប្រកបដោយផ្លូវចង្អៀតសែនលំបាកក្រៃពេក ក្នុងការធ្វើគមនាការសំដៅប្រទេសសៀម។ យូរៗខ្យល់
បក់រ៉ាវៗ អង្រួនព្រឹក្សាបិសាចនេះ ដែលឈរជ្រងោៗ កំហែងរហោស្ថាននៃរាត្រី  ដ៏មានអឌ្ឍច័ន្ទ ចិត្តរិស្សាសែនកំនា
ញ់ នឹងជះពន្លឺមកលើផែនដីសែនខ្មៅនេះ ។ ស្ងាត់នោះ សែនស្ងាត់... ស្ងាត់បីដូចផ្នូរខ្មោច... មៀម ទីទុយ ខ្លែងស្រាក
ស្រែក គំហកមហាវ័ន ជាចំរៀងមរណ គួរអោយរន្ធត់ដួងចិត្តពន់ពេក...,

អកុសលណាស់ទៅទៀត មហាផ្ទាំង ពពកអប្រិយ រសាត់មកពន្លត់ចង្កៀងធម្មជាតិ អោយបាត់រស្មីទុកបន្ដោយអោយ
មហាបព៌ត ឈរជ្រែងជិះជាន់សង្កត់ ព្រៃរិស្សីកំនាចនេះថែមទៀត ... វាយោផាត់ហ៊ូរៗ ហួចនៅក្បែរត្រចៀកបុរស
ម្នាក់ដែលកំពុងដើរលូនៗ ក្រាបៗ បន្លំនឹងគុម្ពស្បូវខ្ពស់ៗខ្លះ គុម្ពោតបន្លាព្រហ្មខ្លះ រួចអង្គុយចុះចាំប្រុងស្ដាប់...ស្ងាត់
ឈឹងដដែល... បុរសលើកនាលិកាមើលទ្រនិច និងលេខដែលសាងដោយវត្ថុធាតុដើមវិទ្យាសាស្ត្រ ភ្លឺចាំងល្មមមើល
ឃើញក្នុងរត្តិកាលចិត្តខ្មៅ ម៉ោង១២ អាធ្រាត្រគត់ ។

ប៉មសៀមនៅក្បែរបង្កើយ ដោយរស្មីស្លាំងៗ នៃផ្ទៃមេឃា បុរសសំងាត់អាចមើលឃើញប្រហោងប៉មតូចៗ និងត្រែ
កាំភ្លើងមីត្រៃយើស៍ រឺការ៉ាប៊ីនចាំងព្រិចៗ ជាសញ្ញាអោយយល់ថាម្ចាស់អាវុធដ៏ឃោរឃៅ ដែលនៅក្នុងប៉មនោះ មិន
ទាន់ដេកនៅឡើយទេ...យូរៗម្ដងរស្មីចង្កៀងពិលធំបំភ្លឺព្រៃរិស្សីនេះ រួចពន្លឺនេះរត់ហួសទៅ ហើយវិលមកវិញបោស
សំអាតជាថ្មី ក្រែងមានសត្វលោកជើងពីរ រឺជើងបួនលបចូលមកជាយព្រំដែននៃប្រទេសថៃឡងដ៍នេះ ...

ប្រសិនបើពួកតំរួតសៀមឃើញអ្នកដំនើរសំងាត់នេះ... អនិច្ចា! ម្ល៉េះសមកាំភ្លើងប្រាំបីដើម ធ្វើប្រតិកម្មក្អូតរំសេវ
ញ័រដីខ្ទរព្រៃ...មួយភាគរយប៉ុណ្ណោះ ដែលអាចនឹងសង្ឃឹមថា មានជីវិតគ្រាន់នឹងមើលព្រះអាទិត្យលេងតទៅទៀត ។
ស្អីក៏ដោយ ។ អ្នកដំនើររាត្រីងើបឡើងជាថ្មី លោតឆ្លងប្រលាយ ហើយក្រាបម្ដងទៀត។ ម្ដងនេះ ជននេះប្ដូរទិសទៅ
ខាងត្បូង រួចវារជើងបួន ភ្លើងចង្កៀងពិលនៃប៉មបំភ្លឺមកចំហើយហួសទៅ អ្នកដំនើរក្រាបក្លិប ក្រាបក្បាលដល់ដី ក្បា
លដ៏មានដោយមែករុក្ខជាតិទើងមើង...ពស់មួយយ៉ាងធំលូនខ្សៀកវារកាត់មុខបុរសនេះ វែងនោះវែង... យូរនោះយូរ
... ទំរាំនឹងទៅផុត ព្រឺក្បាលម្ល៉េះព្រះអឺយ...

ចង្កៀងបញ្ចាំងមកម្ដងទៀត ... ហើយម្ដងនេះ ចង្កៀងនេះ ឈប់រង្វង់ពន្លឺជះមួយមណ្ឌលនេះ រួចស្នូរការ៉ាប៊ីនរោទ៍ ប៉ីប
ៗ ប៉ុបៗ វីវៗ ... វីវ ...មួយភ្លែកស្ងប់ទៅវិញ។ ចង្កៀង ក៏បំបែររង្វង់ពន្លឺទៅកន្លែងផ្សេងទៀត។ តាមស្មាន ពួកអានេះ
ពិតប្រហែលជាមានមន្ទិលសង័្សយ វាក៏បាញ់រះបង្គ្រប់កិច្ច ...

វាសនាល្អ ។ ព្រោះមិនងាប់បានជាមិនស្លាប់ គ្រាប់រត់អោយជិតត្រចៀក និងក្បាលនៃអ្នកដំនើរសំងាត់ ដែលពោលខ្សឹ
បៗរកធម៌ព្រះរតនត្រ័យនិងទេវតារក្សាព្រះស្វេតច្ឆ័ត្រខ្មែរ ព្រមទាំងព្រះវិញ្ញាណក្ខន្ធនៃព្រះបាទនរោត្តមសុវណ្ណកោដ្ឋ។
រត្តិបក្សាបក្សីផ្អើលឆោឡោ... រួចស្ងាត់បន្តិចម្ដងៗ។ ជឿជាក់ថាល្មមលូនទៅមុខបានទៀត ហើយអ្នកដំនើរក៏បន្តជំហា
នទៅទៀត ឆ្ងាយទៅ... ឆ្ងាយទៅ ពីប៉មសត្រូវ លូនមកដល់គុម្ពោតមួយដែលជាទីណាត់ជួបគ្នា បុរសសំងាត់ផ្ទៀងនា
លិកាម៉ោង ១២,៣០គត់ ...ដោយសោតាដ៏សែនវៃអស្ចារ្យ ជននេះហាក់លឺស្នូរដង្ហើមក្នុងគុម្ពោតមួយនោះ។ ជាមិត្ត ?
ជាសត្រូវ ? នរណាទាយបាន? ថ្វីត្បិតតែមានការសន្យាដ៏ទៀងទាត់ជាមិត្ត... តែការនេះអាចប្រែក្លាយជាមិនទៀងបាន
ដែរ មិត្តនេះអាចមាននរណាម្នាក់តាមពីក្រោយរួចសំលាប់... ហើយវានៅរង់ចាំម្រាមដៃប្រុងរលាស់កៃកាំភ្លើង រង់
ចាំមើល នរណាដែលមកដល់ទីណាត់ជួបនេះ ...

ធ្វេសតែមួយសរសៃសក់ គេអាចនឹងជួបមរណដ៏ធំបាន ដៃយឺតតែមួយភាគដប់នៃវិនាទី គេអាចធ្លាក់ដល់ឋាននរកភ្លា
ម ។ (ចារបុរស) ពាក្យនេះងាយទេចំពោះអ្នកស្ដាប់ ក៏ប៉ុន្តែចំពោះមនុស្សណាដែលជាម្ចាស់នៃគោរម្យងារនេះ...ព្រះ
អើយ... គេជួបភ័យន្តរាយមួយរយដងក្នុងមួយថ្ងៃ... ជីវិតរបស់គេ ជាជីវិតនៃព្យុះសង្ឃរាអនត្ត ដែលបក់បោកអង្រួន
វិញ្ញាណក្ខន្ធគ្មានឈប់មួយនាទីណាសោះ។ អ្នកដំនើររាត្រី បើកភ្នែកសំលឹងរកមើលដើមឈើល្មមពួនជ្រក នឹងគ្រាប់
កាំភ្លើងបាន ។ អង្គុយចោងហោង បុរសនេះនិយាយល្មមស្ដាប់លឺ ចំងាយដប់ម៉ែត្របានដោយហូតកាំភ្លើងមកកាន់ផង ៖
    - ក- ០.០.៥! ក្នុងពេលដែលសំដីរាប់ៗ នោះចប់ សំលេងមួយនោះបន្លឺតបមកវិញដែរថា ៖
    - ក- ០.៨.៣! បុរសអ្នកដំនើររាត្រីសួរទៀត ដោយនៅតែភ្ជង់កាំភ្លើងទៅមុខដដែល ...
    - កិច្ចការ? កំនប់ភុជង្គនាគ!
    - ត្រុឌី?
    - អច្ឆរិយា?

មួយរំពេចនោះ បុរសម្នាក់ចេញពីគុម្ពោតម្ខាងក្រោកឡើង ហើយអ្នកដំនើរដែលមាននាមថា អច្ឆរិយា ឃើញស្រ
មោលនោះដើរសំដៅមក...ហើយអច្ឆរិយាក៏ក្រោកឈរ។ ក្នុងមួយរំពេចនោះបុរសទាំងពីរក៏អោបរិតគ្នាទៅវិញទៅ
មក។
    - លោកអនុសេនីយអែកអច្ឆរិយា លំបាកទេផ្លូវដំនើរ ?
    - សែហ្វ ត្រុឌី ខ្ញុំស្មានតែតាយស្មឹងទៅហើយ ស្នូររះអបាញ់មិញនេះ ហើរដូចភ្លៀង ... ពួកវាគ្រាន់តែសង្ស័យ ហើយ
បានបាញ់គ្រាន់តែបង្គ្រប់កិច្ចតែប៉ុណ្ណោះ ... តើយើងអិលូវត្រូវធ្វើអ្វីទៀត ដើម្បីអោយបានដល់បាងកក? មិត្តត្រុឌី!
ហៅខ្ញុំមិត្តអច្ឆរិយាវិញ!។ ពលបាលត្រីត្រុឌីអោនកាយគោរពចំពោះអច្ឆរិយា ដែលមានគោរម្យងារជាអនុសេនីយអែ
កហើយ,
    - ខ្ញុំបាទស្ទាក់ស្ទើរណាស់ទាន
    - កុំញញើតមិត្ត មិត្តត្រុឌីអែងមានគុណច្រើនណាស់ ក្នុងសហប្រតិបត្តិការណ៍របស់យើងនេះ ក្រសួងចារកម្មក្រុង
      ភ្នំពេញ មានសេចក្ដីសោមនស្ស ចំពោះមិត្តយ៉ាងច្រើន ហើយមេក្រសួងបានចុះកិត្តិយសនោះ ក្នុងសៀវភៅវិជ្ជា
      ជីវមិត្តហើយ
    - មិត្តអច្ឆរិយា ខ្ញុំសុំអរគុណដ៏រាបណាដែលជីវិតរបស់ខ្ញុំរស់នៅដ៏រាបនោះខ្ញុំនៅតែមានភក្ដីភាពចំពោះមាតុប្រទេស
ខ្ញុំជានិច្ច!
    - ប្រពៃណាស់!
    - អិលូវនេះ សូមមិត្តអច្ឆរិយា មកតាមខ្ញុំយើងនឹងដើរតាមផ្លូវសំងាត់មួយដែលពួករត់ពន្ធពេជ្រតែងត្រាច់ចរ...
លុះទៅដល់ចំនតរថយន្តដឹកត្រីងៀត សូមមិត្តអច្ឆរិយា ជួយធ្វើការកម្មករដទៃទៀត គយ និង តំរួតស្រុកសៀមនេះ
ពុករលួយដល់ឆ្អឹង។ វាគ្មានរវល់ដល់មនុស្សចំពូកណាឡើយ ... បើចាប់បានសាប៊ូ ១០ដើម វាកត់បញ្ជីផ្សាយវិទ្យុ តំល
ង់ក្ដិតរាស្ត្រសៀម បើចាប់បានពេជ្រ ស្ងាត់ដូចគេយកអាច់ចុក ...។
    - ទុកចិត្តមិនបានទេត្រុឌី ជួនជាឃើញយើង ប្លែកមុខពួកតំរួតឆែកឆេរ រឺសួររកកាតយ៉ាងដូច្នេះដែរ...ចុះអំពីកាត
សៀម ដែលខ្ញុំបានផ្តិតនៅដៃនិងទុករូបថតពីថ្ងៃមុនចូលឆ្នាំខ្មែរ នៅថ្ងៃជាមួយនឹងសំបុត្រផ្ញើអោយអធិការពិសិទ្ធី ដែល
ចុះទៅស្ថាននរកនោះបានការយ៉ាងណា?។

    - អូខេ! ហើយស្រេច។ ខ្ញុំទុកនៅប្រអប់រថយន្ត។ អត្តសញ្ញាណប័ត្រនេះមិត្តអច្ឆរិយា អាចប្រើគ្រប់ពេលបានលើ
កលែងតែក្រសួងមានសមត្ថកិច្ចដឹងឈ្មោះនេះទៅថ្ងៃក្រោយដែលយើងមានកាតព្វកិច្ចត្រូវផ្លាស់ទៀត ...
    - អរគុណ ។ ម៉េចបានធ្វើកាតនេះបាន ហើយខ្ញុំមានឈ្មោះអ្វី?
    - ក្នុងក្រសួងអត្តសញ្ញាណប័ត្រ មានខ្មែរម្នាក់ដែលមានកំនើតក្នុងស្រុកមោងរិស្សី ដែលសៀមបានចាប់នាំមក
ប្រទេសនេះក្រោយពីសង្គ្រាមលោកលើកទីពីរចប់ហើយ គឺឆ្នាំ ១៩៤៦ ។ ខ្ញុំបានស្នើជាមួយជននោះថា មានខ្មែរម្នាក់
នៅជិតព្រំប្រទល់ចង់មករកស៊ីនៅស្រុកសៀម ចង់កាន់អត្តសញ្ញាណប័ត្រសៀម តើមានមធ្យោបាយណានឹងជួយបាន
ទេ ?
   - ខ្ញុំមិនហ៊ាននិយាយការពិតទេ ពីព្រោះខ្មែរខ្លះបានលក់ឈាមចិត្តគំនិត និងព្រលឹងរបស់ខ្លួនអោយសៀមអស់រលីង
ដូចយ៉ាង អាសារិតសថាណារ៉ាត់ រដ្ឋមន្ត្រីទី១សៀម អានេះភ្លេចជាតិកំនើតខ្មែរ ដែលនៅក្នុងខែត្របាត់ដំបងដូចខ្ញុំដែរ
ហើយបើមិនគោរពមាតុប្រទេស ដែលបានប្រទានឆ្អឹងសាច់ឈាមដល់វាទេ នៅអោយស្ងៀមទៅប្រសើរជាង តែ
នេះហ៊ានប្រមាថទឹកដីខ្មែរ ហើយមិនតែប៉ុណ្ណោះហ៊ានទាំងប្រមាថព្រះចេត្ដានៃសំដេចព្រះនរោត្តមសីហនុ ដែលជា
មហាក្សត្រតំណពូជពង្ស អ្នកសាងអង្គរវត្ត មហាស្ថាបត្យកម្មដ៏កំពូលដែលពិភពលោកទាំងមូល លូននៅក្រោមបាទ
ជើងខ្មែរក្នុងសតវត្សជាមួយគ្នា ទេវតាមិនជួយអាសារិតសថាណារ៉ាត់នេះស្លាប់តៃហោង ...

   យើងដើរមកដល់ផ្លូវកែងមួយ ចង្កៀងពិលបំភ្លឺផ្លូវសុទ្ធតែដីខ្សាច់។ នៅផ្លុងៗអែណោះរថយន្តពីរបីកំពុងផ្ទុកត្រីងៀត។
    ត្រុឌីបង្ហើយឃ្លាខាងដើម :
    - ប៉ុន្តែ ខ្មែរម្នាក់ក្នុងក្រសួងអត្តសញ្ញាណប័ត្រនេះ ជាខ្មែរដែលចេះស្គាល់ជាតិកំនើតរបស់ខ្លួន បានរកបញ្ជីជាតិសៀ
មអាយុម្ភៃប្រាំបីឆ្នាំដែលម្ចាស់ឈ្មោះបានស្លាប់តាំងពីតូចម្ល៉េះ ហើយដែលគ្រួសារអិតបានទៅប្ដឹងក្រសួងសមត្ថកិច្ចគេ
ក៏ចាត់ទុកដូចជាពលរដ្ឋសៀមម្នាក់ ដែលរស់នៅដល់សព្វថ្ងៃនេះឈ្មោះច្រានិដ្ឋា...
    - ច្រានិដ្ឋា! ឈ្មោះនេះល្អសមណាស់ !
លុះមកដល់ជិតរថយន្ត បុរសទាំងពីរនេះក៏និយាយភាសាសៀមឆ្អឹនឆ្អៅអិតអោយនរណាចាប់ភ្លឹកបានឡើយ ។ ដោយ
ឃើញគេកំពុងជញ្ជូនត្រីងៀតផ្ទុកក្នុងរថយន្ត អច្ឆរិយាក៏ជួយធ្វើការដូចកម្មករដទៃ ដែលពួកនេះតែងតែលួចគយគន់
សម្ផស្សកាយដ៏សោភាផុតលោកិយនៃអច្ឆរិយា ។ លុះស្រេចហើយ រថយន្តទំនិញក៏រអិលចេញទៅអច្ឆរិយាអង្គុយទន្ទឹ
មនឹងត្រុឌី ដែលបររថយន្ត។ ក្នុងពេលកំពុងធ្វើដំនើរនេះ ត្រុឌីឆ្លៀតអោកាសហុចអត្តសញ្ញាណប័ត្រឈ្មោះ ច្រានិដ្ឋា
ដល់អច្ឆរិយា ដែលជាម្ចាស់នៃលិខិតនេះ ។ អច្ឆរិយាបើកមើល គឺជារូបថតដ៏ញញឹមរបស់អ្នក ប៉ុន្តែអច្ឆរិយាប្រែជា
ធ្លាក់ទឹកមុខភ្លាម ហត្ថលេខានៅលើអត្តសញ្ញាណរបស់អ្នក ជាហត្ថលេខានៃអែកអុត្តមប្រកិតពិផាតរដ្ឋមន្ត្រីក្រសួង
សន្តិសុខជាតិថៃផ្ទាល់ ។

អីយ៉ា! ឆ្មាតាមរកកន្ដុរឃើញហើយតើ ... ឆ្មាធ្វើជាដេកលក់ ... ឆ្មាធ្វើដេកលក់ព្យួរខ្លួនណេងណោងលើពិតាន
រង់ចាំអោយកន្ដុរចេញពីរូងមកស៊ីម្សៅមី ហើយនឹងអាលលោតសង្គ្រប់ប្រហារអោយអន្តរាយ ! អែកអុត្តមប្រកិត
ពិផាតនេះភ្លាត់ស្នៀតពីរដងរួចទៅហើយ ដោយស្នាដៃតេជះនៃអច្ឆរិយា... ម្ដងក្នុងរឿងសំងាត់នៃកងយោធាសៀម
ម្ដងទៀតក្នុងរឿង “ផែនទីមហាកំនប់”។ អច្ឆរិយា ដឹងច្បាស់ណាស់ថា អធិការពិសីទ្ធីដែលជាសេនាសំនប់របស់អែក
អុត្តមប្រកិតពិផាត ចេញចាត់ការផ្ទាល់ខ្លួន ហើយបានន័យថា អែកអុត្តមពិតជាមានអ្វីមួយសរសៃវេញធ្លុងក្នុងរឿង
“ផែនទីមហាកំនប់”នោះដែរ ដែលក្នុងពេលក្រោយដឹងច្បាស់ថា បក្សសម្ព័ន្ធរបស់លោកវិនាសដោយស្នាដៃអច្ឆរិយា
ដែលបានលើកសពដាក់គរលើគ្នា ចាក់សាំងដុត។
    ប៉ៃអាខ្មោចឆៅអ្ហើយ! ត្រុឌីអិតយល់អន្ទាក់នេះសោះ ។ អច្ឆរិយាដឹងច្បាស់ថា ត្រុឌីត្រង់ មានភក្ដីចិត្តស្មោះអិតវៀ
ចរេ ។ អច្ឆរិយាធុំក្លិនគ្រោះថ្នាក់នេះច្បាស់ណាស់... អែកអុត្តមយល់ចុះហត្ថលេខាដើម្បីកុំអោយអច្ឆរិយានេះលប
ប្រើលិខិតឆ្លងដែនណាមួយផ្សេងទៀត ជាការលំបាកអោយសញ្ញាដល់ភ្នាក់ងារតំរួត អច្ឆរិយាមិនឆ្កួតទេ! កុំចាត់ទុក
អច្ឆរិយា ដូចសំបកប៉ោត រឺសំបុកមាន់ដែលអាជ័យលើកបោះចោលពីលើផ្ទះ ។
    ថយក្រោយរឺ? ស្អីក៏ដោយ អច្ឆរិយាត្រូវតែទៅមុខ ។ មែនរថយន្តផ្ទុកត្រីងៀតបើកទៅមុន មិនមែនរថយន្តថយ
ក្រោយទេ!។
    អ្នកអោនស្ទាបកៅស៊ូបាតស្បែកជើង ដែលអ្នកបានដាក់ “ផែនទីមហាកំនប់” នៅពីក្នុង ...មាននរណាដឹងហ្ន៎?បើអា
ពួកសាក្សីអុក្រិដ្ឋជន មានអធិការពិសិទ្ធី និងកញ្ញាកូនកាត់សៀម ជប៉ុន សាវូរីហាម៉ា ដ៏មានសុដនធំតឹងណែនក្បំ និងផ្ចិត
ដ៏សែនសោភា ស្លាប់គងជើងលើគ្នាអស់ទៅហើយ ។
    តើអែកអុត្តមប្រកិតពិផាត ដឹងដែររឺ? ពិតជាអាច់ហើយ ព្រោះអាសេនាជំនិត គឺអធិការពិសិទ្ធី ក៏ក្បត់អែកអុត្តម
ទំពែកគ្មានមមិសមួយសរសៃនេះដែរ... ។

  សេះយន្តបោះពួយល្បឿន ជ្រែកខ្យល់ និង លំអងចន្ទោកាសព្រិលៗ។ អច្ឆរិយាអិតឃើញទេសភាពអ្វីក្រៅតែពីដើម
ឈើអង្គុយជ្រងោៗត្រង់នេះ ត្រង់នោះនៅសងខាងផ្លូវឡើយ ...។ គំនិតប្រតិកម្មដ៏រហ័សមួយទៀត មកកកាយគ្រឿង
ចក្រនៃខួររបស់អ្នក ។ ហ៊ីស! គ្រោះថ្នាក់នៅមិនឆ្ងាយពីក្រោយខ្នងទេ ... អ្នកអោនក្បែរត្រចៀកត្រុឌី ហើយសួរថា :
    - ឡានដឹកត្រីងៀតនេះ គ្មានកម្មករចេញដំនើរមកជាមួយទេរឺ ?
    - ទេមិត្តអច្ឆរិយា គ្មានសោះ បីដងហើយ ខ្ញុំផ្ទុកត្រីងៀត គឺខ្ញុំមកតែម្នាក់អែង ទៅវិញក៏តែម្នាក់អែងដែរ រីអែកម្មករ
     លីសែងមាននៅប្រចាំការទីនោះស្រេច ! អច្ឆរិយាសង្កត់សំដីតឹងរឹងក្បែរត្រចៀកត្រុឌី ៖
    - ម្ដងនេះ ខ្ញុំថាមាន មានកម្មករពួននៅក្នុងគំនរត្រីងៀតនេះយ៉ាងតិចក៏ពីរនាក់ ... ត្រុឌី មើលមុខអច្ឆរិយា ហើយ
      សើចរួចវ័ធសំដីថា :
    - មិត្តស្រមៃរឺ?
    - មិនមែនស្រមៃទេត្រុឌី ។ អត្តសញ្ញាណប័ត្រខ្ញុំនេះចុះហត្ថលេខាដោយអែកអុត្តមប្រកិតពិផាត បានន័យថាអែក
អុត្តមនេះ មិនមែនឆោតដូចស៊ីពោតឆៅនោះទេ ដោយពិត គឺការតាមរកដានដោយខ្ជាប់ខ្ជួន ត្រុឌីអែងពិតជាអែក
អុត្តមនេះដឹងថា ជាបក្សសម្ព័ន្ធនៃខ្ញុំហើយ ៗ គេទុកអោយមិត្តអែងមានសន្តិសុខសិនព្រោះកិច្ចការ(ផែនទីមហាកំនប់)
នេះ ធំណាស់ហើយប្រកិតពិផាត មិនមែនលូលាទេ ព្រោះអែកអុត្តមក្បត់ជាតិសៀមក្នុងរឿងកំនប់មាសមួយពាន់គី
ឡូក្រាមនេះដែរ គឺប៉ងទៅស្ទូចយកជាសម្បត្តិផ្ទាល់ខ្លួន ។ មិត្តអែងពួកវាទុកដូចត្រីបាលែន ដែលគេគប់ស្នជាប់នឹងខ្លួន
វា ហើយគេបន្ធូរខ្សែរួចគេបើកនាវាតាមសន្ទុះរបស់វា ... មិត្តអែងដឹងទេ កម្មករសែងត្រីងៀតប៉ុន្មាននាក់នោះខ្ញុំស
ង្ស័យណាស់ថា មិនមែនជាកម្មករសុទ្ធសាធទេ ។ គឺជាភ្នាក់ងារសំងាត់សៀមដែលត្រូវតាមដានមិត្តត្រុឌីអែង ...។
    - មែនមិត្តអច្ឆរិយា មានយោបល់ ខ្ញុំរៀបនឹងនិយាយរឿងនេះប្រាប់មិត្តដែរ... រថយន្តផ្ទុកត្រីងៀតដ៏ធ្ងន់ឆ្លងស្ពានដ៏
វែងមួយ ។ អច្ឆរិយាទាញបារីហុចអោយត្រុឌីមួយ ខ្លួនអែងមួយ ហើយដែកកេះក៏ឆេះសន្ធោរួច អ្នកទាំងពីរក៏អុជម្ដង
ម្នាក់ៗ។
    - សេចក្ដីសន្និដ្ឋានរបស់ខ្ញុំមិនខុសទេ មិត្តត្រុឌី ។ អាប្រជៀវអស់នេះវានៅពួនក្នុងឡាននេះ ចាំចាប់យើងកាលណា
ទៅដល់ក្រុងបាងកកហើយ ...
    - ចុះម៉េចក៏ពួកវាមិនចាប់យើងត្រង់ព្រំប្រទល់ភ្លាមៗទៅ?
    - បញ្ជាពីប្រកិតពិផាកផ្ទាល់ ព្រោះរឿងនេះប្រកិតពិផាតក្បត់រាជការសៀម ចង់ចាត់ការដោយស្ងាត់ៗ ដូចផ្នូរខ្មោច
ព្រោះវាចង់បាន (ផែនទីមហាកំនប់) ដូចខ្មែរយើងពីបូរាណកាលពោលថា «បានទឹកឃ្មុំពួនឆីម្នាក់អែង» ប្រកិតពិផាត
មិនចង់អោយសារពត៌មានមកត្រេងត្រាងច្រងេងច្រងាងក្នុងរឿងនេះទេ ! ហើយអាប្រជៀវពកថ្ងាស ដែលជាភ្នាក់ងារ
អែកអុត្តមប្រើមកចាំចាប់យើងនេះ ក្រោយពីបានបញ្ជូនយើងដល់កន្លែងហើយនោះ អែកអុត្តមប្រកិតពិផាតនឹងប្រ
ហារវាចោល ដោយយកលេសណាមួយដ៏ឈ្លាសវៃមកប្រើ ...

សេះយន្តលូនក្រោមព្រៃមួយដ៏ងងឹតសាខា ... បន្តិចចូលតាមផ្លូវព្រៃស្រោងស្ងាត់ឈឹង ...
    - តើមិត្ត អច្ឆរិយា គិតយ៉ាងម៉េចពេលនេះ ត្រុឌីសួរដោយដកដង្ហើមធំ ។
    - ឈប់ឡានទុកខ្ញុំចាត់់ការអោយមិត្តមើល ។
    - ពិតណាស់ លើកមុនគ្មានមនុស្សពួនក្នុងឡាននេះទេ ព្រោះមិត្តត្រុឌីអែងមកតែម្នាក់អែង ម្ដងនេះមានមនុស្សចំ
លែកគឺខ្ញុំនេះ... ប្រកិតពិផាតដឹងច្បាស់ថាអ្នកដែលមកពីព្រំប្រទល់ខ្មែរសៀម បើមិនអច្ឆរិយាក៏បក្សសម្ព័ន្ធអច្ឆរិយា
ម្នាក់ណាដែរ! ដែលអែកអុត្តមប្រកិតពិផាតជឿជាក់ថា ដៃឆៅដឹងកិច្ចការច្រើនជាងត្រុឌីអែង ដែលពួកអាកំពិសអស់
នេះចាត់ទុកត្រុឌីអែងជាមគ្គុទេស សំរាប់នាំផ្លូវពួកវាតែប៉ុណ្ណោះ ...

នៅមុខឆ្ងាយអែណោះ រថយន្តតូចមួយបើកមកដល់ហើយ ... បើកហួសទៅទិសផ្ទុយគ្នា ...រថយន្តត្រីងៀតឈប់ង៉ក់
។ ភ្លើងឡានពន្លត់អស់ ផ្ទៃមេឃជះរស្មីព្រិលៗ ។ អច្ឆរិយាធ្វើរិកជាចូលក្រោមឡាន ហើយយកដំបងដែកជីកផ្ទៃថ្នល់
ម៉ាំងៗ មួយនាទី ហើយចេញមកវិញ ដើរអោយលឺខ្លាំងសំដៅដើមឈើមួយដ៏មានគល់ធំអស្ចារ្យ នៅចំងាយប្រមាណ
ប្រាំបីម៉ែត្រជាមួយត្រុឌី ។ អច្ឆរិយាស្រែកខ្លាំងៗ  ជាភាសាសៀមថា ៖
    - ចុះពីឡានមក អ្នកណាដែលពួនបន្លំក្នុងត្រីងៀត ។
      ស្ងាត់ឈឹង។ ត្រុឌី មើលមុខអច្ឆរិយាដោយឆ្ងល់តែពុំទាន់មានយោបល់យ៉ាងណានៅឡើយ ។
    - ខ្ញុំអច្ឆរិយា (អ្នកបាញ់កាំភ្លើងជើងឆើត) បាញ់ហើយដុតសពមួយគំនរនៅក្រុងប៉ាកណាម មិនដែលលឺកាសែតនិ
យាយម្ដងណាទេ ? នៅក្រោមឡាននេះ ខ្ញុំបានកប់មីនស្រេចហើយ! ខ្ញុំទុកជីវិតអោយពួកអ្នកអែង ប្រសិនបើអ្នក
អែងចុះចេញពីលើឡានដោយស្រួល ស្លូតដូចកូនចៀម! លឺទេ? នេះជាការប្រមានទីពីរ!
    ស្ងាត់ឈឹងដដែល។ ត្រុឌីមិនហ៊ានសើចខ្លាំងទេគ្រាន់តែបញ្ចេញធ្មេញស្ញាញប៉ុណ្ណោះ ។ អច្ឆរិយាឆេះឆួលក្នុងចិត្ត
ហើយរលាស់សំដីមធ្យ័តថា :
    - ការប្រមានទីបី ! ពួកអ្នកអែងចង់ចាប់យើង យើងមិនខឹងទេ នេះជាភាររបស់អ្នកអែងដែលគោរពចៅហ្វាយនា
យ ខ្ញុំសុំអោយអ្នកអែង ចុះពីឡានដោយស្រួល ដៃដាក់លើក្បាល ... បើខ្ញុំរាប់ដល់បី បើមិនព្រមចុះខ្ញុំបាញ់ ... បើខ្ញុំ
រាប់ដល់ ដប់មិនព្រមចុះខ្ញុំទាញមីនអោយផ្ទុះស្លាប់ទាំងអស់។ មួយ ...!
    ស្ងាត់ឈឹងដដែល ... អច្ឆរិយា បន្ត :
    - ពីរ ...
    ស្ងាត់ឈឹងដដែល ...
    ដោយសាររស្មីស្លេកស្លាំងនៃផ្ទៃមេឃ អច្ឆរិយាប្រើនេត្រាអិន្ទ្រីបីដូចជានាវិក ដែលទំលាប់មើលជើងមេឃឃើញ
ដូចជាត្រែកាំភ្លើងមួយលៀនចេញពីគែមជញ្ជាំងដំបូលឡានចាំងព្រិចៗ
    - បី!
    ក្នុងពេលជាមួយគ្នានោះត្រែដែលអច្ឆរិយា បានឃើញក្នុងលំអងរាត្រីប្រផេះក្អូតព្រះអគ្គីផាំងវីវ ... គ្រាប់សំន
ហើរក្បែរត្រចៀកអច្ឆរិយា ដែលអើតចេញពីគល់ឈើ ។
    ត្រុឌីឈប់សើចស្ញាញប្រែជាបើកភ្នែកក្រលោតៗម្ដង។ តែក្នុងមួយប៉ប្រិចភ្នែក អច្ឆរិយា កាំភ្លើងខ្លីនៅនឹងដៃស្រា
ប់រលាស់កៃយ៉ាងរហ័សស្មើរន្ទះលោកធាតុផាំង!
    - អូយ ...
    រួចលឺសូរដូចជាដែកមួយដុំធ្លាក់មកលើផ្ទៃថ្នល់ គឺកាំភ្លើងបច្ចាមិត្រ ។ អច្ឆរិយាបាញ់ចំបាតដៃសត្រូវ ... បីឆ្នាំខាង
សិល្បៈ បាញ់កាំភ្លើងក្នុងមហាវិទ្យាល័យយុទ្ធសាស្ត្រប្រទេសបារាំង ...
    អច្ឆរិយារាប់តទៅទៀត :
   - បួន! ចេញមក តែបើគ្រប់ដប់ ទាំងឡាន ទាំងមនុស្សទៅឋាននរកណា៎ ! ខ្ញុំ “អច្ឆរិយា” និយាយពិតណាស់ត្រង់ដូច
ជើងមេឃ !
  ពាក្យ “អច្ឆរិយា” ហាក់ដូចសូរស័ព្ទព្យុះសង្ឃរា ដែលបោកបក់លើប្រទេសសៀម ។ រាត្រីដ៏សែនស្ងាត់ឈឹងយ៉ាងនេះ
អច្ឆរិយាហាក់បានលឺពាក្យខ្សឹបខ្សាវគ្នានៅក្នុងទ្រុងឡាន។ ក្នុងពេលនោះរថយន្តមួយបញ្ជាំងចង្កៀងពីចម្ងាយ ។ ពន្លឺជះ
មួយវិនាទីទៅក្នុងទ្រុងឡាន ... ភ្នែកអិន្ទ្រីនៃអច្ឆរិយា ចាប់ស្រមោលមួយប៉ប្រិបនេះបាន ... បុរសបីនាក់ ។ ម្នាក់ផ្ងែក
នឹងជញ្ជាំង ដៃឆ្វេងកាន់ដៃស្ដាំ ដែលត្រូវគ្រាប់ ។ ពីរនាក់នោះទៀតឈោងដៃបញ្ចេញត្រែកាំភ្លើងបាញ់ ផាំង! ផាំង
    អច្ឆរិយា បាញ់តបវិញតែអិតផល ។
    រថយន្តពីចម្ងាយមកដល់ ហើយហួសទៅមុខទៀតក្នុងល្បឿនអស្ចារ្យ ។
    - ប្រាំ! អច្ឆរិយារាប់!
    ផាំង ! ផាំង ចំលើយតប នឹងចំនួននៃអច្ឆរិយា ។
    ត្រុឌី ភ្ជង់កាំភ្លើងហើយបាញ់ទំលាយជញ្ជាំងនៃទ្រុងឡាន ហើយឆ្លុះចូលនៅក្នុង ។
    - អូយ! សំលេងមួយស្រែកឡើងហែកអកាស ។
    - ប្រាំមួយ! អច្ឆរិយាបន្លឺសំដីខ្លាំងៗ ។ ចុះមកហើយលើកដៃឡើងលើ បើចង់រស់ !
    - ស្អី? ខ្លួនហ្នឹងដៃព្រះព្រហ្មរឺ? សំលេងឆ្លើយតបពីក្នុងឡានត្រីងៀត អញអោយដំបូន្មានអាអែងម្ដង ។
   តាមរស្មីនៃផ្ទៃមេឃ រហ័សបីដូចពន្លឺ ជននោះហក់ពីលើឡាន អច្ឆរិយាឃើញច្បាស់ ដៃអ្នកដែលធ្លាប់មានប្រតិកម្ម
ស្វ័យប្រវត្តក៏គាស់កៃកាំភ្លើងផាំង!
    - អូយ ! សត្រូវស្រែក ។
   ហើយអានោះរមួលតតេះតតះដូចពង្រូល តែអច្ឆរិយាមិនសូវជឿទេ ព្រោះអាសៀមប្រសប់ណាស់ខាងចេះក្បួនពុ
ត។ បីដូចបាដិហារ្យ កាំភ្លើងដៃអច្ឆរិយា ក្អូតគ្រាប់យ៉ាងញាប់បីដងផ្ទួនគ្នា អាដែងចង់ប្រលងស្នាដៃជាមួយអច្ឆរិយានេះ
ខ្ជិលដកដង្ហើមតទៅទៀត ។
    ចង្កៀងរថយន្តពីចំងាយបញ្ចាំងទ្រុងឡានដឹកត្រីងៀតនេះជាថ្មី ។
    អច្ឆរិយា ឃើញអាមួយនោះលើកដៃឡើង រួចស្រែកថា :
    - ខ្ញុំចុះចាញ់ហើយ!
   រួចដោយសារពន្លឺចង្កៀងនៃរថយន្តពីចម្ងាយ បុរសនោះចុះពីលើយាន រួចលើកដៃឡើងលើ។ រថយន្តមួយនោះមក
ដល់ហើយហួសទៅ កន្ដាលព្រៃយ៉ាងនេះ គ្មាននរណាហ៊ានឈប់ទេ ។ ម្នាក់ៗក្នុងគ្រាហានិភ័យនៃកន្ដាលព្រឹក្សាគិតចំ
ពោះតែខ្លួនអែងម្នាក់ ។ អច្ឆរិយាដើរចេញពីគល់ឈើមក កាំបិតកៃមួយនៅ នឹងដៃឆ្វេងជានិច្ចដែលហាក់ដូចជាទំលា
ប់ធម្មជាតិ មិនខុសពីសត្វសីហដែលមានក្រចកដ៏មុតថ្លាអស់កាលជានិច្ច។ បួនម៉ែត្រពីសត្រូវ អច្ឆរិយាដែលមាននេ
ត្រាអិន្ត្រីរហ័សស្មើរន្ទះហាក់យល់ថា បច្ចាមិត្រធ្វើចលនាមរណមួយ គឺទំលាក់ដៃកញ្ឆក់កាំភ្លើងពីចង្កេះ។
    ចង់លេងស្នៀតបួនសន្លឹកជាមួយអច្ឆរិយា គឺជាការភ័ន្តច្រលំមួយដ៏គួរអោយសោយសោក ។ តែមួយប៉ព្រិចភ្នែក
កាំបិតកៃហោះទៅទំលាយបំពង់កវាជាពីរ ... ព្រួក ... អូយ ...,
    ស្លាប់ចុះអិតអានិត ។ ព្រះពុទ្ធជាម្ចាស់ក៏ទ្រង់ជ្រាបថាអាមួយនេះចង់ព្យាបាទជីវិតអ្នកដែរ ។
    ត្រុឌីគ្រវីក្បាលស្ញប់ស្ញែងអច្ឆរិយា ។ អនុសេនីអែកសំងាត់ខ្មែរ បញ្ជាអោយត្រុឌីជួយសែងខ្មោចទាំងអស់ដាក់លើ
រថយន្ត ។ ត្រុឌីគោរពតាមអិតសាកសួរអ្វីទាំងអស់ ។ រថយន្តចេញដំនើរតទៅទៀត អច្ចរិយាអិតនិយាយស្ដីអ្វីមួយម៉ាត់
សោះ ។ សេះយន្តបោលឆ្លងកាត់ព្រៃកន្លះម៉ោងរួចឡើង លើថ្នល់មួយទំនងជាជំរាលភ្នំ ។ រថយន្តបរឡើងជានិច្ច ...
ឡើងជានិច្ច ... អច្ឆរិយាយកពិលឈួលទៅក្រោម ។ ទឹកជ្រោះហូររេចៗ នៅអែខាងក្រោមឆ្ងាយអែណោះ ដ៏ប្រកប
ដោយផ្ទាំងថ្មធំៗ កំពស់ជាងបីរយម៉ែត្រ .
    ដល់កំពូល ថ្នល់រថយន្តធ្វើគមនាការចុះវិញ ។
    - ឈប់ ! អច្ឆរិយាបញ្ជា ។ ត្រុឌីជាន់ហ្រ្វាំងជើង ទាញហ្វ្រាំងដៃហើយឈប់ ។
    - តើឡាននេះជារបស់នរណា?
    - ជួលគេ ។
    - ចុះត្រីងៀតនេះ?
    - របស់ថៅកែសៀមម្នាក់ ។
    ល្អប្រពៃ! ល្អអស្ចារ្យ !
    - ម៉េចក៏មិត្តអច្ឆរិយា ថាដូច្នេះ ?
    ស្ដាប់ខ្ញុំត្រុឌី... វិធីតែម៉្យាងទេដែលអាចជួយទាំងត្រុឌីអែង ជួយទាំងរូបខ្ញុំបាន គឺអាចរលាស់ចោលបាននូវឃាត
កម្មលើអាកំពិកបីនាក់នេះ... យើងបំបែរចង្កូតអោយចំទិស ជ្រោះកំពស់បីរយម៉ែត្របើកគំរបសាំងហើយបោះឈើ
គូសមួយគ្រាប់ រួចកុំភ្លេចយកសាំងមួយធុងស្រោចក្នុងម៉ាស៊ីនឡានពូកខាងមុខ ខាងក្រោយ លើកខ្មោចពីរនាក់មក
ដាក់អោយអង្គុយ អាមួយភាន់ចង្កូត អាមួយនៅម្ខាង។
    - ព្រោះអ្វី ? ខ្ញុំយល់មិនបានទេ អច្ឆរិយា!
    - ព្រោះធ្វើយ៉ាងដូច្នេះអែកអុត្តមប្រកិតពិផាត រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិសៀមនឹកជាក់ស្ដែងថា អ្នកបរឡានគឺ
ត្រុឌី អ្នកអង្គុយម្ខាង គឺអច្ឆរិយាពិតប្រាកដ ។ មិនមែនភ្នាក់ងារសំងាត់របស់អែកអុត្តមទេ ព្រោះអែកអុត្តមបញ្ជា
អោយពួនក្នុងគំនរត្រីងៀត មិនមែនអង្គុយទន្ទឹមអ្នកបរឡានទេ ដូចត្រុឌីអែងឃើញស្រាប់ហើយ អាត្មាតគំរង់ឆ្កែអស់
នេះវាក្រាបក្នុងសំបុកក្នុងទ្រុងឡានពីក្រោយខ្នងយើងនេះយ៉ាងសំងាត់មែនទេ? បើដូច្នោះអ្នកអង្គុយទន្ទឹម មិនមែន
ភ្នាក់របស់អែកអុត្តមទេ គឺមិត្តត្រុឌីនិងអច្ឆរិយា ...តាមពត៌មានដែលអែកអុត្តមបានសួរកម្មករលីសែងដទៃទៀតនៅ
ជិតព្រំប្រទល់នោះ កម្មករអស់នោះនឹងឆ្លើយថា ឃើញជនចំលែកអង្គុយជិតត្រុឌី ... គឺខ្មោចអច្ឆរិយាមែនទេ ?
    - យីគំនិតមិត្តអច្ឆរិយា គ្រោងការណ៍ទៅមុនវែងឆ្ងាយណាស់...
    - ធ្វើការភ្លាមយើង!
    អ្នកទាំងពីរសែងសពដាក់អែកន្លែងចង្កូតមួយ ទន្ទឹមគ្នានេះមួយ ។ ស្រេចការហើយ អច្ឆរិយា បើកគំរបធុងសាំង
ឡាន រីអែត្រុឌីក៏យកសាំងមួយធុងស្រោចលើសពនិងក្បាលម៉ាស៊ីនឡាន ព្រមទាំងដោះហ្វ្រាំងដៃចេញ ក្រោយពី
អច្ឆរិយា បានយកឈើកល់កង់មុខទាំងពីរហើយ ត្រុឌីគូសឈើគូសអុជសាំង និង កន្លែងអ្នកបរឡាន។ ព្រះអគ្គីហ៊ោរ
យកជ័យជំនះលើរថយន្តដោយអន្ដាតលិតចុងព្រឹក្សាផងទាំងពួង ភ្លឺរន្ទាលពេញមហាវ័ន ។ អច្ឆរិយាដោះឈើកំនប់ពី
កង់ម្ខាង រីអែត្រុឌីក៏ធ្វើដូចគ្នា ។ សេះយន្តផ្ទុកត្រីងៀតហែរហមជាកិត្តិយស ដោយអគ្គីភ័យដ៏គួរអោយសំបើមបាន
ផ្ទេរចុះពីកំពូលបព៌តទៅអែឋាននរក។ បក្សាបក្សីម្រឹគីម្រឹគា ភ្ញាក់កញ្ជ្រៀវខ្ញៀវខ្ញា ដោយស្មានថាព្រះអាទិត្យថ្មីរះ
កន្ដាលមហាព្រៃ។

Website : www.khmercenter.ch មណ្ឌលវប្បធម៌ខ្មែរនៅប្រទេសស្វីស
 ជាសេវាកម្ម ក្នុងការផ្សាយពុទ្ធសាសនា វប្បធម៌ ជាភាសាខ្មែរ
Khmer Culture Center in Switzerland,
 Phone (41)44 3635900, Fax (41)44 3635900
© 2004 The Switzerland Buddhist Society, (watkhmer) Inc. All rightsreserved.