| watkhmer in Switzerland |

ប្រជុំកងធម៌ប្រជុំរឿងព្រេងច្បាប់ផ្សេងៗបណ្ដាំក្រមង៉ុយ
1១០១១១២១៣១៤ គុកនយោបាយ

ការខំប្រឹងតស៊ូយកអិស្សរភាព នៃ
ពួកខ្មែរស្នែហាជាតិមួយក្រុមកាលជំនាន់

ឆ្នាំ១៩៣៩ - ១៩៤២
(បារាំងចាប់ក្នុងឆ្នាំ១៩៤២ -១៩៤៥)

កាលជំនាន់អណានិគមនិយមបារាំង ត្រួតត្រាក្នុងស្រុកយើងនៅឡើយ វាសង្កត់សង្កិន ជិះជាន់ប្រជារាស្រ្ដខ្មែរ អោយរងទុក្ខ
វេទនាកាន់តែខ្លាំងឡើងៗស្ទើរតែលៀនភ្នែកគ្រប់គ្នា ធ្វើអោយឃើងឈឺចាប់ រអាមកគ្រប់គ្នា ក្នុងនឹមដែករបស់វា, រើខ្លួន,
រលាស់នឹមចោលក៏មិនរួចស៊ូតែសំរក់ទឹកភ្នែកគ្រប់គ្នា ពុំដឹងគិតយ៉ាងណា។ ប្រជាពលរដ្នខ្មែរគ្មានសិទ្ធិសេរីភាពអ្វីបន្ដិចសោះ,
វាបិតសិទ្ធិគ្រប់យ៉ាងមិនអោយយើងមាន, មិនអោយយើងតវ៉ាអ្វីឡើយ។ ពន្ធដារសព្វសារពើចេះតែឡើងធ្ងន់ឡើងៗស្ទើរ
តែទ្រាំពុំបាន។

ជំនាន់នោះ, អិតមានវីរជនណាម្នាក់មានមធ្យោបាយគិតនាំគ្នា រើខ្លួនអោយរួចពីខ្ញុំកញ្ជះបារាំងឡើយ គឺថាគំនិតងាប់ស្ដូក ដោ
យរអារាងចាល ខ្លាចវាចោទថានាំបះបោរក្បត់ជាតិ(ក្បត់វា)ដូចជាពោរកំបោរ, អាចារ្យស្វា, ក្រឡាហោមគង់,អុកញ៉ាឈូល
៘ ដែលត្រូវទោសធ្ងន់ដល់ជីវិតដោយហេតុមកពីនាំគ្នាតស៊ូប្រឆាំងនិងវា កាលដែលវាទើបនិងចូលមកកាន់កាប់ទឹកដីខ្មែរ
កាលពីក្នុងឆ្នាំ១៨៨៦ និងឆ្នាំតមកទៀត។

ព្រមជាមួយនេះមានខ្មែរយើងពួកខ្លះ, គេចូលចិត្ដធ្វើខ្ញុំបារាំងគេខំផ្គាប់ផ្គុនបារាំងយកមានបាន យកបុណ្យសក្ដិអោយខ្ពស់មុខ
ចំពោះតែគ្រួសារគេ, អិតគិតដល់សេចក្ដិទុក្ខវេទនានៃជនរួមជាតិឡើយ។ គេក៏តាំងសង្កត់សង្កិនជិះជាន់តែខ្មែរគ្នាអែង មាន
ការចាប់ចងវាយទាត់ធាក់ កៀបយកលុយកាក់ ព្រមទាំងអោយការណ៍ទៅបារាំងអោយធ្វើទោសជាតិអែង ជាហេតុនាំអោយ
បានប្រាក់កាសផង នាំអោយបារាំងទុកចិត្ដស្រលាញ់ថាស្មោះត្រង់វាផង, ក៏បានឡើងបុណ្យឡើងសក្ដិដោយអំពើជិះជាន់ជាតិ
អែងនេះទៅ។
ពួកនោះអែងហើយ ដែលជាអុបសគ្គធំបំផុតស្ទាក់ដំណើរការបដិវត្ដន៍របស់យើងមិនអោយដើរទៅមុខបានស្រួលសោះ។

អំពើសេចក្ដីក្រខ្សត់អត់ឃ្លានរបស់ខ្មែរ

នៅក្នុងដង្កាប់ដែក នៃអាណានិគមនិយមនេះ ខ្មែពុំគ្រាន់តែត្រូវរងទុក្ខឈឺចាប់ក្នុងចិត្ដដោយសារគេជិះជាន់បំបិទសេរីភាពប៉ុ
ណ្ណោះទេ ខ្មែរត្រូវរងទុក្ខដ៏ធ្ងន់មួយចំណែកទៀត គឺការខ្វះខាតនូវគ្រឿងអុបភោគបរិភោគ។ ការនេះគួតកត់សំគាល់តទៅអ
នាគត។

សង្គ្រាមលោកលើកទីពីរ ១៩៣៨-១៩៤៥ ផ្ទុះឡើង, ផ្លូវគមនាគមន៍តាមសមុទ្រក៏ដាច់អស់រលីង ដោយមានការត្រួតត្រាតា
មសមុទ្រយ៉ាងតឹងតែងបំផុត។ ការដឹកនាំទំនិញចេញ-ចូលតាមសមុទ្រត្រូវបិទឈឹង។ មានកប៉ាល់ជំនួញណាហ៊ានដឹកនាំទំនិញ
មកម្ដងម្កាល ត្រូវពួកខ្មាំងស្កាត់ចាប់យកទំនិញអស់ រឺបាញ់ពន្លិចចោលតែម្ដង។ ម្លោះហើយស្រុកយើងកាន់តែក្រីក្រទៅៗ,
រកតែកន្ទបនឹងវ័ណ្ឌស្ទើរពុំបាន។ ផ្ទះខ្លះមានសំពត់អាវតែមួយសំរាប់ក្នុងគ្នាពីរនាក់បីនាក់។ បើចង់ចង់ចេញក្រៅ (ទៅផ្សាររឺ
ទៅបុណ្យទានអ្វីៗ) តោងតែទៅម្ខងម្នាក់ ត្បិតសំលៀកបំពាក់ពុំគ្រប់គ្នា។ អែអ្នកនៅផ្ទះពុំហានចេញក្រៅទេ, ត្រូវវ័ណ្ឌកន្ទោ
បរយ៉ីរយ៉ៃ រឺត្រូវវ័ណ្ឌមេឃ មានកំណាត់មុងកញ្ចាស់ខ្មៅពភ្លក់ រឺកំណាត់កន្ទេលជាដើម អោយតែបានបិទបាំងកេរ្ដិ៍ខ្មាសទៅ។
បើមានញាតិមិត្ដ ណាមកសួររក, គ្រាន់តែឆ្លើយពីក្នុងផ្ទះមក, អិតហ៊ានចេញមកទទួលភ្ញៀវឡើយ ត្បិតសំលៀកបំពាក់ខ្លួន
ពុំគួរគប្បី។ នេះនិយាយចំពោះតែអ្នកក្រ។អែចំណែកអ្នកមានវិញ,គេមិនសូវខ្វះខាតទេ ត្បិតគេមានប្រាក់ទិញសំពត់អាវទុក។

ដល់ក្រសំពត់អាវពេកទៅ, ខាងខេត្ដស្វាយរៀង ទើបអ្នកស្រុកបែកប្រាជ្ញាយកចចូតដែលសំរាប់ត្បាញកន្ទេលមកត្បាញធ្វើ
ជាខោខ្លីចេញផ្សាយលក់ពាសពេញ។

ម៉េចក៏ខ្មែរយើងបណ្ដោយអោយខ្វះខាតសំលៀកបំពាក់ដូច្នេះ? ម្ដេចមិនដាំកប្បាសរវៃធ្វើសំលៀកបំពាក់ទៅ? បញ្ហានេះ
អស់លោកនឹងជ្រាបដូចតទៅ៖

និយាយពីបារាំងវិញ, ក្នុងពេលនោះដោយពុំអាចធ្វើជំនួញចេញចូលបាន វាក៏តាំងប្រមូលយកផលិតផលរបស់ខ្មែរយើងធ្វើ
ជាជំនួញវា គឺថាផលិតផលក្នុងស្រុកខ្មែរអ្វីក៏ដោយត្រូវតែយកទៅលក់ថោកអោយវាសិន វាបោះត្រាហាងរួចហើយទើបវា
បញ្ចេញលក់អោយយើងវិញយ៉ាងថ្លៃៗ។ បើឃើញយើងដឹកនាំរឺកាន់វត្ថុអ្វីបន្ដិចបន្ដួច ដូចជាត្រីងៀត ត្រីឆ្អើរមួយគីឡូ ខ្លាញ់
ត្រីមួយក្អម ក្រមួនឃ្មុំមួយចានជាដើម ក៏វាចាប់ដកហូតហើយធ្វើទោសម្ចាស់របស់ទៀត។ ដាំកប្បាសក៏ពុំបានត្បាញរវៃធ្វើ
សំពត់អាវខ្លួនអែងក៏ពុំបាន។

អ្នកខ្លះលួចត្បាញសំពត់ដោយភិតភ័យភ្នែកចាប ភ្នែកព្រាបនៅគុម្ភចេក, ក្នុងព្រៃ ទើបមានស្លៀកពាក់ខ្លះ។ តាំងពីបារាំងចូល
នៅស្រុកយើង ស្រីខ្មែរដែលពីដើមពូកែខាងតំបាញក៏បានបោះបង់ចោលវិជ្ជានេះអស់ នៅសល់ចេះត្បាញរវៃតិចគ្នាណា
ស់ ត្បិតបារាំងវាយកសំពត់បរទេសមកលក់អោយយើង មានសាច់ល្អស រឺខ្មៅស្អាតជាងសំពត់ត្បាញអាយ ដែលយើងអោ
យឈ្មោះថា «ទេសអែក» គឺសំពត់ពីបរទេសសាច់ល្អអែក។

ជាន់នោះអំបិលក៏គ្មានទទួលទានដែរ ត្បិតគ្មានអ្នកលក់ អ្នកនៅក្បែរមាត់សមុទ្រខំទៅដងទឹកសមុទ្រមកដាំរំងាស់យកអំបិល
បានបន្ដិចបន្ដួចគ្រាន់ប្រើដោយលួចលាក់ កុំអោយបារាំងវាដឹងខ្លាចត្រូវទោសទណ្ឌកម្ម។ អែអ្នកក្រដែលនៅឆ្ងាញពីសមុទ្រ
ក៏ទទួលទានសាបទៅជាហើមខ្លួនក៏មាន។ ខ្លះយកត្រីសាច់ទៅត្រាំទឹកផេះអោយចេញប្រៃជាប់បន្ដិចៗក៏មាន៘
នេះជានយោបាយអ្នកជិះជាន់ បារាំងក៏ដូចអង់គ្លេសនៅអិណ្ឌាដែរ។

ចំណែកអ្នកមានទ្រព្យគេមិនអត់ទេ គេឃើញស្រុកទេសមិនស្រួលដូច្នេះ គេទិញសំពត់ទុកប្រើ រកទិញអំបិលទុកបរិភោគ
សំរាប់តែគ្រួសារគេប៉ុណ្ណោះ។

 
Website : www.khmercenter.ch មណ្ឌលវប្បធម៌ខ្មែរនៅប្រទេសស្វីស
 ជាសេវាកម្ម ក្នុងការផ្សាយពុទ្ធសាសនា វប្បធម៌ ជាភាសាខ្មែរ
  Khmer Culture Center in Switzerland,
 Phone (41)44 3635900, Fax (41)44 3635900
© 2004 The Switzerland Buddhist Society, (watkhmer) Inc. All rights reserved.