| watkhmer in Switzerland |

ប្រជុំកងធម៌ប្រជុំរឿងព្រេងច្បាប់ផ្សេងៗបណ្ដាំក្រមង៉ុយ
1១០១១១២១៣១៤ គុកនយោបាយ

៦ - ជីវិតនៅក្នុងគុកធំព្រៃនគរ

គ្រាដែលចូលដល់គុកធំភ្លាម គេបង្គាប់អោយដោះសំលៀកបំពាក់របស់ខ្លួនចេញហើយអោយផ្ញើទុកទាំងអស់នៅក្នុងឃ្លាំង
រូចគេអោយយើងចុះហត្ថលេខាក្នុងសៀវភៅបញ្ជីទុកជាសំគាល់។ របស់ដែលខ្ញុំផ្ញើទុកនោះគឺខោ អាវ ចិញ្ចៀនមាស នាឡិ
កាដៃ និងប្រាកចំនួន១២រៀល។ គេអោយខោវែងអាវវែងយ៉ាងថ្មីស្អាត សំរាប់អោយស្លៀកពាក់ព្រមទាំងកន្ទេលចចូតថ្មីមួយ
ផង សំរាប់យកទៅដេកសាលធំ។ លុះគេនាំចូលទៅក្នុងសាលធំនៅជាន់ទី៤ សាលលេខ៣ធំ ហើយក៏បានជួបនិងលោកគ្រូ
អាចារ្យហែម ចៀវ និងលោកនួន ឌួង ដែលគេបានបញ្ជូនមកពីថ្ងៃមុនហើយ ចំណែកលោកគ្រូអាចារ្យប៉ាង ខាត់ទៅដាក់សា
លទី១៥ ផ្សេងពីខ្ញុំ។

បងប្អូនជាទីស្នេហា! តាំងពីចូលគុកធំព្រៃនគរកាលណាខ្ញុំបានយកចិត្ដទុកដាក់ពិនិត្យមើលស្ថានភាពគុកយួនព្រៃនគរព្រមទាំង
ជីវភាពនៃមនុស្សទោសរាប់ពាន់នាក់ ដែលភាគច្រើនជាជាតិយួន។ ក្នុងកំពែងគុកធំ មានអគាតូចធំជាច្រើនខ្លះមួយជាន់ ខ្លះពីរ
ជាន់ អគារដែលធំហើយវែងជាងគេមាន២ សង់៤ថ្នាក់។ អគារទាំងនេះសំរាប់ដាក់មនុស្សទោសចំនួន៣០០០នាក់ប៉ុន្ដែមានម
នុស្សទោសចូលច្រើនពេក គេអាចដាក់បន្ថែមចំនួនជិត៤០០០នាក់ក៏បាន។ នៅអាគាធំនិមួយៗគ្រប់ជាន់ អាចដាក់មនុស្សទោ
សចំនួន៤០០នាក់ គឺគេចែកសាលធំជា២កន្លែង។ ក្នុងកន្លែងនិមួយៗគេអាចដាក់មនុស្សទោសចំនួន២០០នាក់។ កន្លែងនោះ
មានមាត់ទ្វារដែកចាក់សោយ៉ាងមាំទល់មុខគ្នាឃាំងដោយចំរឹងដែកធំៗ រហូតដល់ដំបូលលើទុកអោយមានចន្លោះកណ្ដាល
ប្រហែល២ម៉ែត្រសំរាប់ដើរធ្វើការ រឺត្រួតត្រាមើលមនុស្សទោសទាំងពីរខាង។ ក្នុងកន្លែងម្ខាងៗមានចែកជាពីរផ្នែកទៅទៀត
ហើយមានលើកជាថ្នាក់ខ្ពស់ទាំងពីខាង ធ្វើដោយឈើទុកចោលអោយមានចន្លោះកណ្ដាលប្រហែលពីរម៉ែត្រស្ថិតនៅចំមា
ត់ទ្វារទាំងពីរខាង លាលធំទាំងពីរនោះមានទ្វាដែកក្រៅយ៉ាងមាំមួយជាន់ទៀត មានចោះប្រហោងតូចមួយនៅចន្លោះទ្វារ សំរា
ប់អ្នកយាមពិនិត្យមើលមកខាងក្នុងសាលនៅពេលដែលគេមិនត្រូវការចូលមកខាងក្នុង។ ក្នុងសាលធំនិមួយៗមានបង្គន់មួយ
មានមាស៊ីនទឹកមួយ។ ប៉ុន្ដែជាន់លើទឹកមិនសូវចេញទេត្បិតខ្ពស់ពេក។

នៅគុកព្រៃនគរគេមិនដាក់ខ្នោះជើងមនុស្សទោសទេ។ សាលក៏ធំទូលាយស្អាត ស្រលះមុខមាត់ បើរដ្ឋការគុកសង្កត់សង្កិន
មនុស្សទោសដោយប្រការណាមួយ បិទសិទ្ធិខុសច្បាប់ ដោយអោយបាយឆៅ បាយលាយស្រូវច្រើន រឺបាយខ្លោច រឺមួយអោ
យសាច់ រឺត្រីមិនគ្រប់កំណត់តាមច្បាប់ មនុស្សទោសអាចតវ៉ាបានរហូតដល់អាជ្ញាធរជាន់ខ្ពស់។ ឃើញដូច្នេះខ្ញុំនឹកថាអោ! ម
នុស្សទោសខាងយួនមានសិទ្ធិសេរីភាពជាងមនុស្សទោសខ្មែរឆ្ងាយណាស់ ចំណែកម្ហូបអាហារក៏ល្អជាងខាងគុកភ្នំពេញ។ នៅ
រាល់ថ្ងៃសៅ តែងមានអ្នកតំណាងខាងតុលាការចូលទៅចាប់ដៃមនុស្សទោសសួរសុខទុក្ខ ក្រែងខាងអាជ្ញាធរខាងគុកធ្វើការ
សង្កត់សង្កិនធ្វើខុសច្បាប់។ មនុស្សទោគេមានសិទ្ធិទទួលសំបុត្រ ដែលគេផ្ញើពីក្រៅទៅ ហើយនិងអាចសរសេរសំបុត្រផ្ញើ
ទៅសួរសុខទុក្ខគ្រួសារបានដោយមិនចាំបាច់បិទតែមប្រិ៍ឡើយ។ អែខាងគុកភ្នំពេញយើងមនុស្សទោសជាប់ខ្នោះ អាហារមិន
ល្អ សាលចង្អៀតដូចទ្រុងជ្រូកអិតសិទ្ធិសេរីភាពអ្វីសោះ។ សូមបងប្អូនជួយពិចារណាមើល? នៅឆ្នាំ១៩៤២ ដែលខ្ញុំជាប់គុក
នៅភ្នំពេញបៀបបាននិងធ្លាក់នរក ហើយក្នុងឆ្នាំដដែលនេះខ្ញុំទៅជាប់គុកព្រៃនគរទៀត ចាប់តាំងពីចូលទៅដល់ហើយផ្លាស់
ខោអាវថ្មីៗកាលណា មនោសញ្ចេតនាខ្ញុំហាក់ដូចជាមិនមកជាប់គុកទេ ផ្ទុយទៅវិញហាក់ដូចជាចូលធ្វើទាហាន ខោអាវដែល
គេចែកអោយ ហាក់ដូចជាខោអាវទាហាន។ ក្នុងឆ្នាំនោះស្រុកយួនគេមិនទាន់បានអែករាជដូចតែយើងដែរ ប៉ុន្ដែគេមានគំនិត
រៀបចំទុកជាកន្លែងស្អាតបាត ដែលជាកន្លែងសំរាប់មនុស្សនៅបាន មិនមែនទុកជានរក រឺទ្រុងជ្រូកទេ ពីព្រោះផ្ទះសំរាប់មនុ
ស្សនៅ ជាពិសេសគឺសំរាប់ជាតិយួនគ្នាគេដែលមានទោសនៅ។ គេរៀបចំអោយមានអាហារល្អ អោយមានសិទ្ធិសេរីភាព
ដល់មនុស្សទោសគ្នាគេក្នុងពេលដែលគេនៅជាខ្ញុំបារាំងដូចតែខ្មែរដែរ តើវាខុសគ្នាយ៉ាងណា? ម្យ៉ាងទៀតមនុស្សទោសដែ
លនៅក្នុងគុកនោះ នៅមិនទាន់តុលាការកាត់ទោសនៅឡើយ  ហេតុនេះតុលាការនៅធានារ៉ាប់រងអោយអ្នកជាប់ចោទគេ
មានសេរីភាពជានិច្ច។ អែខាងស្រុកខ្មែរយើងវិញអិតមាននរណាគិតគូរឡើយ បានជាមនុស្សទោសខ្មែរអិតមានសិទ្ធិអ្វីសោះ
ហើយកែកំហុសខ្លួនមិនកើត (គុកគឺសាលាទូន្មានមនុស្សខូច ព្រោះអប់រំមនុស្សខូចអោយល្អ)។ ខ្ញុំសូមជំរាបពីស្ថានភាពក្នុង
គុកព្រៃនគរតទៅទៀត។

ផ្នែកទី១ នៃសាលធំគេអោយមនុស្សទោសខ្មែរនៅ អែផ្នែកទី២សំរាប់មនុស្សទោសយួន ខាងផ្អែកខ្មែរ មានមនុស្សទោស
ខ្មែរម្នាក់ជាជាតិខ្មែរកម្ពុជាក្រោម (ខ្ញុំភ្លេចឈ្មោះ) ជាទាហានជាប់ទោសយូរឆ្នាំហើយ គេតំរូវអោយមនុស្សនេះធ្វើមេ(កាប៉ូរ៉ា
ល់) រឺហៅដៃប៊ីវ តាមពាក្យយួនសំរាប់ត្រួតត្រាលើមនុស្សទោសខ្មែរ ដូចគ្នាក្នុងផ្នែកសាលខ្មែរ បុរសនោះមានអែកអាមា
ត្យជាអង្គរក្សអមខ្លួនគេចំនួន៧នាក់ផង។ មនុស្សទោសទាំងអស់ត្រូវនៅក្រោមអោវាទនៃកាប៉ូរ៉ាល់នេះ អិតមាននរណាម្នាក់
ហ៊ានខ្វើកឡើយ ដោយខ្លាចអំណាចគេផង ខ្លាចអែកអាមាត្យផង។ បើកាប៉ូរ៉ាលនេះគេខឹងរឺទាស់ចិត្ដ និងមនុស្សទោសណា
ម្នាក់ គេជេរ វាយ ទាត់ ធាក់បានតាមចិត្ដអិតអាណិតអាសូរ អិតមានច្បាប់អ្វី និងអិតមានអ្នកណាម្នាក់ហ៊ានតដៃនិងគេឡើយ
គេធ្វើដូច្នេះដើម្បីបំបាក់អ្នកចូលថ្មី អោយបាក់បបខ្លបខ្លាចគេបាក់ស្បាត លែងហ៊ានតវ៉ាអ្វីទាំងអស់។ អែមនុស្សដែលទើបចូ
លទៅដល់ថ្មី ជាចាំបាច់ត្រូវតែវារពីចម្ងាយទៅជិតគេ ហើយលើដៃសំពះសូមជ្រកកាននិងគេទើបបានសុខ។ ប៉ុន្តែបើនិយាយ
រាយការណ៍ទាស់ចិត្ដគេ ក៏គេទាត់ធាក់បំបាក់ពីដំបូងដៃដែរ។

នេះជាអំណាចផ្ដាច់ការមួយ ដែលជាកំអែលអាណានិគមនិយមឆ្លងមកដល់ជនជាតិខ្មែរយើងអោយចេះប្រើរបបផ្ដាច់ការដែរ
។ សូម្បីតែខ្លួនជាប់ទោសដូចតែបងប្អូនរួមជាតិខ្លួនដែរគួរតែមានចិត្ដមេត្ដាដល់គ្នាផង ហេតុអ្វីក៏នៅតែប្រើអំណាចសំលុត
ជិះជាន់សង្កត់សង្កិនគ្នាអែងក្នុងគុកទៀតដូច្នេះ? នេះហេតុតែតាំងខ្លួនធំប្រើអំណាចដូចជាស្ដេច នៅក្នុងគុកដូច្នោះដែរ។

ចំពោះរឿងនេះ លោកគ្រូអាចារ្យហែម ចៀវ បានដំណាលប្រាប់ខ្ញុំតាំងពីទើបចូលទៅដល់ដំបូងម្លេះ។ លោកថាកាលលោក
ទើបចូលទៅដល់ដំបូង មានមនុស្សទោសមុនគេបានខ្សឹបប្រាប់លោកអោយធ្វើកិច្ចលុតក្រាបចំពោះកាប៉ូរ៉ាល់នេះទើបបាន
សុខ។ លោកបានបន្ថែមទៀតថា លោកនួន ឌួងកាលដែលចូលទៅដល់ដំបូង ក៏បានធ្វើកិច្ចគោរពប្រណិប័តន៍គេនេះដែរ ប៉ុ
ន្ដែនៅតែខុសទាស់ចិត្ដគេទៀត។ មុនដំបូង លោកនួន ឌួងបានវារពីចំងាយប្រហែលបួនម៉ែត្រលុះចូលទៅជិតក៏លើកដៃសំ
ពះគេដោយបញ្ចេញវាចាថា ខ្ញុំបាទសូមជ្រកក្រោមម្លប់ព្រះតេជគុណផង សូមមេត្ដាមើលការខុសត្រូវអោយទានផង! កាប៉ូ
រ៉ាល់សួរថា អាហ្អែងមានរឿងអី បានជាជាប់គុក? លោកនួន ឌួងឆ្លើយថាគេចោទថាខ្ញុំបាទបះបោរក្បត់បារាំង! គ្រាន់តែលឺសូ
ថាក្បត់បារាំងដូច្នេះអិតបានសួរបញ្ចាក់អ្វីទៀតទេ បុរសនោះក៏ស្រែកឡើងថា «យើ! អាហ្អែងក្បត់បារាំងផង!» គ្រាន់តែលឺ
ពាក្យចៅហ្វាយគេថា «យើ!អាហ្អែងក្បាត់បារាំងផង» ប៉ុណ្ណោះ ពួកអែកអាមាត្យគេប៉ុន្មាននាក់ក៏ស្ទុះឡើងទាត់ ធាក់ លោក
នួន ឌួង ព្រមគ្នាអិតមានអាណិតអាសូរអ្វើឡើយ។ ទាល់តែធ្លាក់ពីថ្នាក់លើទៅក្នុងចន្លោះក្រោមចំមាត់ទ្វារសន្លប់អិតដឹងខ្លួន
។ លោកអាចារ្យហែម ចៀវ បានបន្ដទៅទៀតថាចំណែកខ្លួនលោកក៏របៀបលុតក្រាបតាមក្រោយលោកនួន ឌួងដែរ (លោ
កអាចារ្យហែម ចៀវជាមនុស្សឆ្លាតវៃ បានឃើញអាចារ្យនួន ឌួង គេវាយសន្លប់ទៅហើយលោកក៏នឹកទាន
់) លុះលោកវារ
ទៅដល់គេបែរមកសួរលោកថា ចុះអាកញ្ជ្រមអែងនេះមានរឿងអីដែរបានជាជាប់គុក? លោកក៏ឆ្លើយថា ខ្ញុំបាទនេះជាលោក
សង្ឃទេ ម្នាក់អំបាញ់មិញក៏ជាអាចារ្យ មានរឿងជាមួយខ្ញុំបាទដែរ គេសួរទៀតថា ហ៊ីះ! បើលោកសង្ឃ ម្ដេចក៏ជាប់គុក?មាន
រឿងអី! លោកឆ្លើយថា ខ្ញុំបាទធ្លាប់បានទៅទេសនាគ្រប់ទីកន្លែងមានអុបាសក អុបាសិកាចូលចិត្ដស្ដាប់ធម៌ជាច្រើនគ្នា។ បារាំង
មិនយល់ភ័យខ្លួនស្រាប់តែចោទខ្ញុំថានាំរាស្រ្ដបះបោរ ហើយគេចាប់ខ្ញុំបាទផ្សឹកយកមកដាក់គុកនេះអែង! លុះលឺលោកថ្លែង
ការណ៍ប្រាប់ដូច្នេះហើយ គេក៏សុំអោយលោកអធិប្បាយរឿងនោះដោយពិស្ដារអោយគេស្ដាប់ទៀត។ គ្រាន់តែបានស្ដាប់
សេចក្ដីអធិប្បាយរបស់លោករួចហើយ កាប៉ូរ៉ាល់នោះ ព្រមទាំងអែកអាមាត្យគេហាក់ដូចជាភ្ញាក់ខ្លួនមានចិត្ដទោរទន់ នឹកអា
ណិតលោកនួន ឌួង គេក៏បង្គប់គ្នាគេអោយជួយរីតលោកនួន ឌួងអោយដឹងខ្លួនឡើងវិញ ហើយទើបលើកដាក់មកលើថ្នាក់វិ
ញ។ ចាប់ពីពេលនោះមកបុរសនោះហាក់ដូចជាស្លូតជាងមុន មិនឃើញធ្វើទារុណកម្មមនុស្សទោសគ្នាអែងឡើយ។ លោកអា
ចារ្យហែម ចៀវ លោកជាអ្នកទេសនាជើងអែកមួយក្នុងបណ្ដាលោកសង្ឃអ្នកទេសនាទាំងអស់ ហេតុនេះហើយបានជាលោ
កអាចដោះកុនបាន។ សមដូចសុភាសិតខ្មែរយើងថា សម្ដីជាអែក។ ប៉ុន្ដែចំណែកខាងមនុស្សទោសអែទៀតនៅតែកោតគោ
រពគេដូចពីដើមដដែល។

នៅពេលដែលក្រុមខ្ញុំប៊ុណ្ណចន្ទម៉ុល ចូលទៅដល់ក្រោយលោកគ្រូអាចារ្យហែម ចៀវ បានប្រាប់ទៅកាប៉ូរ៉ាលនោះថា ពួកចូ
លក្រោយនេះជាពួករបស់លោកដែរ មានរឿងជាមួយគ្នាដែរក៏បានសេចក្ដីសុខតមកទៀត។ ក្រោយដែលខ្ញុំ ប៊ុណ្ណចន្ទ ម៉ុល
ធ្វើការលុតក្រាបរួចហើយគ្រាន់តែសួរពីរបីម៉ាត់។  លុះដឹងថាខ្ញុំបាទពួកលោកគ្រូអាចារ្យហែម ចៀវហើយគេក៏នៅស្ងៀម
ទៅ។ ខ្ញុំមានសេចក្ដីត្រេកអរអិតអុបមាហើយក៏សំពះលាគេមកន្លែងខ្លួនវិញ។

រឿងនេះសូមអស់លោកមិត្ដជាទីស្នេហាជួយពិចារណាមើលបើខាងក្រៅត្រូវអាណានិគមនិយមបារាំងធ្វើទារុណកម្មបំបាក់
អោយបាក់ស្បាត អោយខ្លាចរអាដោយសំលុតគ្រប់យ៉ាង ដល់ចូលទៅក្នុងគុកក៏មានប្រើអំណាចផ្ដាច់ការសង្កត់សង្កិនរវាង
មនុស្សទោសគ្នាអែងទៀត។ តើអោយប្រជារាស្រ្ដខ្មែរយើងហ៊ានតស៊ូយកអិស្សរភាពបែបណាទៅកើត?។

អែចំណែកខាងមនុស្សយួនវិញ នៅក្នុងសាលជាមួយខ្មែរដែរតែម្ខាងម្នាក់ក៏គេមិនធ្វើដូចជាខ្មែរទេ ព្រោះគេមានការអប់រំយូ
រយារណាស់មកហើយ គេរាប់អានមនុស្សទោសដូចគ្នាហាក់បីដូចបងប្អូនបង្កើតនៅពេលចូលទៅក្នុងកន្លែងគុក ហើយគេ
តែងពន្យល់អ្នកថ្មីអោយស្ដាប់បាននូវរបៀបរស់នៅក្នុងគុកមួយចប់ថែមទៀតតែម្ខង គេមិនសំលុតដូចយើងខ្មែរទេ។

នៅគុកព្រៃនគរគេបានទទួលទានអាហាររួមគ្នាក្នុង១វង់១០នាក់។ អែម្ហូមគេនោះឃើញគ្រាន់បើជាងខាងគុកយើងភ្នំពេញ ប៉ុ
ន្ដែទាស់បន្ដិចត្រង់អោយបាយតិចពេក។ ខ្លួនខ្ញុំកំពុងពេញកំលាំងទទួលទានចំណែកបាយនោះមិនឆ្អែតទេ។ គេវាល់ចែកក្នុង
ម្នាក់ៗប្រាំមួយចានតូចស្ទើរប៉ុនពែង។ បើទទួលទានធំមែនទែនបានប្រហែល៤-៥ម៉ាត់ប៉ុណ្ណោះអស់ហើយ។ ប៉ុន្ដែជាកុសល
ដែរដោយពេលល្ងាចខ្ញុំត្រលប់ជាមានភ័ព្វសម្បូរណ៍បាយទៅវិញ ត្បិតលោកគ្រូអាចារ្យ ហែម ចៀវនិងលោកនួន ឌួង លោ
កមិនពិសារពេលល្ងាច លោករក្សាសីល៨ រាល់ថ្ងៃតមបាយល្ងាចរហូត។ ម៉្លោះហើយបាយជាចំណែករបស់លោកទាំងពីរ
ត្រូវធ្លាក់មកលើខ្លួនខ្ញុំជាអ្នករ៉ាប់ទាំងអស់គឺបាយរបស់អ្នកទាំងពីរនាក់និងបាយចំណែកខ្លួនខ្ញុំផងរួមជាបីចំណែក ខ្ញុំទទួលទាន
ម្នាក់អែងយ៉ាងឆ្អែតមែនទែន ខ្ញុំបានបាយឆ្អែតបរិបូរណ៌តែពេលល្ងាច។

ចំណែកលោកគ្រូអាចារ្យប៉ាង ខាត់ ដែលគេយកទៅនៅកន្លែងផ្សេងនោះពុំដែលបានដំណឹងសុខទុក្ខអ្វីឡើយ។ អែលោក
ប៉ាច ឈឺន ក៏ដូច្នេះដែរ ដោយលោកត្រូវនៅគុកងងឺតអែបាតដីអែណោះ។

មានមួយថ្ងៃដែលខ្ញុំទើបទៅដល់គុកព្រៃនគរ ខាងតុលាការសឹកបានហៅខ្ញុំទៅសួរចំលើយនៅបន្ទាយទាហានបារាំងខ្ញុំត្រូវអ
ង្គុយផ្ទាល់លើអិដ្ឋការ៉ូចាំគេហៅសួរ។ បងប្អូនរួមជាតិអើយ! ពេលខ្ញុំក្រលេកទៅក្រោមតុសរសេរឃើញនំបុ័ងមួយប្រហែ
លប៉ុនកដៃ ដុះផ្សិតខ្លះនៅល្អខ្លះ ដែលគេបោះចោលនៅទីនោះ មិនដឹងជាពីថ្ងៃណាមកទេ។ ដោយអំណាចឃ្លានពេកទៅជា
ស្រក់ទឹកមាត់គិតប្រថុយរើសនំបុ័ងនោះយកមកទទួលទាន តែដល់គិតវែងខ្លីទៅក៏ខំទប់ចិត្ដអាក់ខានទៅវិញដោយខ្លាចត្រូវនិង
ស្វាយកាំភ្លើងរបស់ទាហានយាមជាជាងឃ្លាន។ មួយវិញទៀតមានមិត្ដភក្ដិជាច្រើនញៀនបារីខ្លាំងទៅហើយ ពុំដែលបានទទួ
លទានសោះ មានលោកភោគ នី (លោកភោគ នីអិលូវបួសគង់នៅម្ដុំបឹងតាពន់ ជិតចំការដូងស្ទឹងមានជ័យ) ដែលឃើញអ្ន
កធ្វើការអែក្រៅបានកន្ទុយបារីមកផ្ញើ អ្នកដែលញៀននៅក្នុងគុកត្រេកអរក្រៃលែងបានអោយពរសព្ទសាធុការដល់ខ្ញុំ។ លុះ
បានចំណែកថ្នាំកន្ទុយបារីហើយ ពួកមិត្ដភក្ដិដែលញៀននោះយកក្រដាសកាសែតមកមូរទទួលទានដោយសំចៃ មិនហ៊ានដា
ក់ថ្នាំច្រើនទេគឺដាក់ថ្នាំតែបន្ដិចៗនៅចុងក្រដាស ហើយទុកក្រដាសរមូរខាងបៀមអោយវែងដើម្បីជក់ទៅអោយឆេះអស់កុំ
អោយសល់។

ពេលដែលខ្ញុំចេញទៅធ្វើការអែក្រៅគុកម្ខងៗ ពួកអ្នកញៀនស្រែកផ្ដាំរញ៉ថា អោយខំរើសកន្ទុយបារីមកផ្ញើផង។ ខ្ញុំមានចិត្ដ
អាណិតមិត្ដភក្ដិក្រៃលែង ចេះតែខំរើសមកផ្ញើមិនខានក្នុងពេលដែលបានចេញទៅធ្វើការខាងក្រៅគុក។

ក្នុងគុកព្រៃនគរ នៅពេលបុណ្យជាតិម្ដងៗ ដូចជាបុណ្យចូលឆ្នាំសែនក្បាលទឹក៘ បងប្អូនគ្រួសារគេយកអីវ៉ាន់ដូចនំអន្ស
ម ម្ហូបអាហារ ចំណីចំណុក ផ្លែឈើជាដើមមកអោយបងប្អូនគេដែលជាប់ឃុំឃាំង យ៉ាងសំបូរហូរហៀរ។ ពួកទាំងនោះគេ
ចែកអាហារនោះតមកខាងខ្មែរទៀតអោយបានបរិបូណ៌ដែរ។ ដល់ថ្ងៃបុណ្យបារាំងដូចចូលឆ្នាំនិងថ្ងៃ១៤ កក្កដា ខាងអាជ្ញាធរ
គុកគេធ្វើម្ហូបពិសេសៗ អោយមនុស្សទោសទាំងអស់បានឆ្ងាញ់ពីរដងដែលក្នុងមួយឆ្នាំ។

តទៅជំពូក៧ក

Website : www.khmercenter.ch មណ្ឌលវប្បធម៌ខ្មែរនៅប្រទេសស្វីស
 ជាសេវាកម្ម ក្នុងការផ្សាយពុទ្ធសាសនា វប្បធម៌ ជាភាសាខ្មែរ
  Khmer Culture Center in Switzerland,
 Phone (41)44 3635900, Fax (41)44 3635900
© 2004 The Switzerland Buddhist Society, (watkhmer) Inc. All rights reserved.