| watkhmer in Switzerland |

ប្រជុំកងធម៌ប្រជុំរឿងព្រេងច្បាប់ផ្សេងៗបណ្ដាំក្រមង៉ុយ
1១០១១១២១៣១៤ គុកនយោបាយ

១១ - មរណភាពនៃលោកអាចារ្យហែមចៀវ

នៅកន្លែងដិកយុកនេះខ្លួនខ្ញុំដូចមនុស្សមានអិស្សរភាពពេញទី អាចបំភ្លេចបាននូវសេចក្ដីទុក្ខលំបាកទាំងប៉ុន្មាន។ ប៉ុន្ដែយ៉ាង
ណាក៏ដោយខ្ញុំនៅតែនឹកស្រមៃ ចំពោះជោគវាសនារបស់ខ្ញុំទៅអនាគត និងអានាគតប្រទេសយើងដែរ ម្យ៉ាងទៀតខ្ញុំនឹកគិត
ដល់លោកគ្រូអាចារ្យហែមចៀវ លោកនួន ឌួង លោកប៉ាចឈីន ដែលគេប្រកាសនៅព្រៃនគរថា ត្រូវប្រហារជីវិតហើយ
ដែលថាចាំធ្វើសំណុំរឿងទៅលោកអុត្ដមសេនិយប៉េតាំងអែក្រុងបារីស ដើម្បីសុំសំរាលទោសនោះ តើបានស្រាលខ្លះដែរ
រីក៏ត្រូវគេប្រហារជីវិតទៅហើយ? ខ្ញុំគិតថា បើគេបន្ថយទោសខ្លះនោះប្រហែលអ្នកទាំង៣នេះមិនទាន់ស្លាប់ទេ ហើយប្រ
ហែលជាបានត្រូវគេបញ្ជូនមកកាន់កោះត្រលាចនេះដែរហើយ។

ខ្ញុំនៅដិកយុកនេះបានជា៤ខែ ទើបបានដំណឹងថា លោកអាចារ្យហែមចៀវ លោកនួន ឌួង លោកប៉ាច ឈឺនត្រូវគេបញ្ជូនមក
កោះត្រលាចនេះមែន បញ្ជូនមក១ខែហើយគឺក្នុងខែមិថុនា ១៩៤៣។ ខ្ញុំសើបទៅដឹងថាគេដាក់អ្នកទាំង៣ អោយនៅគុកលខ
៤ជាកន្លែងទោសអុក្រិដ្ឋទោសអស់អាយុទាំងអស់គ្នា។ កន្លែងនោះគេអោយនាក់ទោសវេញខ្សែពួរ ធ្វើរបស់ផ្សេងតាមការ
បង្គាប់របស់បារាំង។

កន្លែងគុកទី៤នោះគេហាមដាច់ខាតមិនអោយមនុស្សទោសផ្សេងទៅសាកសួរសុខទុក្ខមនុស្សទោសដែលនៅក្នុងនោះសោះ
ឡើយ។ ជាហេតុនាំអោយពិបាកទាក់ទងគ្នាណាស់ ប៉ុន្ដែយ៉ាងណាក៏ដោយខ្ញុំក៏ចេះតែខំលបលាក់ផ្ញើរបស់របរទៅជូនលោក
ទាំង៣នាះបានខ្លះៗដែរ ហើយបានដំណឹងសុខទុក្ខពីទីគុកលេខ៤នោះខ្លះៗដែរ ដោយសារតែពួកមនុស្សទោសដែលគេប្រើ
អោយចេញចូលក្នុងទីនោះម្ដងម្កាលគេនិយាយអោយពត៌មាន។

លោកអាចារ្យហែមចៀវ និងលោកនួនឌួង នៅក្នុងគុកនោះបាន៦ខែ ក៏មានរោគាពាធបៀតបៀន។ លោកអាចារ្យហែមចៀ
វមានរោគមួលជាខ្លាំង។ អែលោកនួនឌួងកើតរោគស្ពឹកដៃជើង។ លោកនួនឌួងត្រូវពេទ្យចាក់ថ្នាំច្រើនម្ជុលពេក ក៏កើតបូស
ត្រង់ត្រគាកហើមយ៉ាងធំ ហើយពេទ្យក៏វះយកខ្ទុះចេញយ៉ាងសែនវេទនា។ ដោយអ្នកទោសនោះមានជំងឺកាន់តែដាបណាស់
នោះគេក៏បញ្ចេញយកទៅដាក់មន្ទីពេទ្យទាំងពីរនាក់។

ខ្ញុំប្រញាប់ទៅសាកសួរនៅមន្ទីពេទ្យ ក៏ស្លុតចិត្ដតែម្ដង ត្បិតឃើញអ្នកទាំងពីរទុរន់ទុរាណាស់ទៅហើយ ហើយឃើញលោក
អាចារ្យហែមចៀវធ្ងន់ដាបជាងលោកអាចារ្យនួនឌួងទៅទៀត។ មើលទៅមិនធារទេ... រោគមូលនៅស្រុកោះត្រលាចនោះពិ
បាកព្យាបាលណាស់គ្មានថ្នាំសង្កូវសោះ ពេទ្យនោះយកតែទឹកសមុទ្ររឺទឹកកំបោរសអោយផឹកប៉ុណ្ណោះ។ ខ្ញុំដូចជាបានដឹងមុន
ស្រេចហើយថាលោកអាចារ្យហែមចៀវ មិនបានរស់រានមានជីវិតយូរទេ។ ខ្លោចចិត្ដណាស់ខ្ញុំក៏បានទាក់ទងនិងមនុស្សទោស
ជាកម្មករ ដែលរក្សាពេទ្យនោះអោយរវាំងជួយមើលលោកអាចារ្យទាំងពីរផង។ ខ្ញុំបានអោយប្រាក់ទៅពួកមនុស្សទាំងនោះ
អោយគេយកចិត្ដទុកដាក់ចំពោះអ្នកជំងឺទាំងពីរ ហើយខ្ញុំបានផ្ដាំពួកនោះទៀតថា ប្រសិនបើអ្នកទាំងពីរ នោះស្លាប់ ហើយតំរូវ
អោយយកទៅកប់នោះសូមមេត្ដាលៃលកកប់អោយបានស្រួលបួលផង ហើយកុំអោយកប់លាយលំជាមួយអ្នកអែទៀតអោ
យសោះ។ នៅកោះត្រលាចមានពេលខ្លះមនុស្សទោសស្លាប់ច្រើនខ្មោចនោះគេយកទៅកប់៣-៤នាក់តែមួយរណ្ដៅក៏មាន
។ ខ្ញុំសុំអោយគេអនុគ្រោះដូច្នេះព្រោះគិតថា បើលោកគ្រូអាចារ្យហែមចៀវ រឺលោកគ្រូអាចារ្យនួនឌួងស្លាប់ទៅនោះខ្ញុំក៏អា
ចបានដឹងបានស្គាល់នូវផ្នូររបស់លោកតទៅទៀតដែរ។ កាបប៉ូរ៉ាល់ពេទ្យនិងកម្មករពេទ្យក៏ទទួលតាមសំណូមពររបស់ខ្ញូំ។ ខ្ញុំ
មកកន្លែងវិញដោយទឹកចិត្ដបារម្ភ។

ក្រោយមកខ្ញុំក៏បានដឹងថា លោកគ្រូអាចារ្យហែមចៀវបានស្លាប់ទៅហើយ! ដំណឹងនេះមិនបណ្ដាលអោយខ្ញុំរន្ធត់ចិត្ដអ្វីទេ
ព្រោះខ្ញុំដូចជាបានដឹងមុនស្រេចទៅហើយ ប៉ុន្ដែសេចក្ដីខ្លោចផ្សាស្ដាយស្រណោះដ៏ធំធេងរបស់ខ្ញុំចំពោះលោកគ្រូអាចារ្យ
ហែមចៀវ ធ្វើអោយទឹកភ្នែកខ្ញុំផុសផុលឡើងរលីងរលោងអិតដឹងខ្លួនតែម្ដង។ ខ្ញុំរលះរលាំងទៅពេទ្យសួរលោកនួនឌួង។
លោកនួនឌួងក៏ខ្សឹកខ្សួលអួលដើមកនិយាយថា លោកអាចារ្យហែមចៀវ ខូចពិម្សិលមិញទៅហើយ ហើយពួកពេទ្យក៏យជួ
យខកចិត្ដទុកដាក់ណាស់ដែរ គេជួយរុំសពលោកនិងកន្ទេលមួយ ហើយរុំក្រមាស្អាតបាត មានខ្សែចងត្រឹមត្រូវ ហើយគេនាំ
យកសពនោះដាក់រទេះរុញមួយយកទៅបញ្ចុះបាត់ទៅហើយ!

ខ្ញុំមានកិរិយាធេងធោងធ្ងន់ដោយទំងន់ទុក្ខ បានងើបចេញទៅជួបកាប៉ូរ៉ាល់ពេទ្យនោះដើម្បីសូមអោយគេជូនទៅមើលផ្នូសព
លោកគ្រូដ៏កំសត់នេះ។ លោកកាប៉ូរ៉ាល់នោះ ក៏ប្រញាប់ជូនទៅមើលកន្លែងបញ្ចុះសពនោះ។ ផ្នូរនោះគឺនៅលើភ្នំខ្សាច់ក្នុងចំ
ណោមផ្នូររាប់ពាន់អែទៀត។ នៅមុខផ្នូរទុគត៌នោះមានផ្លាកក្ដារតូចមួយសរសេរលេខ១១១៣។ លោកកាប៉ូរ៉ាល់បញ្ជាក់ប្រាប់
ខ្ញុំថា គេគោរពតាមបណ្ដាំខ្ញុំទាំងអស់ គេកប់សពនេះដាច់តែអែងមិនលាយលំនិងសពអែទៀទេ។

ខ្ញុំឈរទ្រឹងសំលឹងផ្នូរលោក ដោយទង្គឹះខ្សឹកខ្សួល រួចងើមមើលទៅនាយ ដើម្បីអោយខ្សែខ្យល់ដែលបក់មកពីសមុទ្រផាត់
មកលើមុខខ្ញុំ ជួយលុបលាងទឹកភ្នែកដែលបានរអិលចុះ...

កន្លងពីរបីថ្ងៃក្រោយមក ខ្ញុំក៏នាំអ្នកទោសនៅកន្លែងខ្ញុំបានបីនាក់អោយជួយយកដុំថ្មធំៗល្មមដាក់នៅលើផ្នូរនោះបានប្រមាណ
ជា២០ដុំជាគ្រឿងសំគាល់ចំណាំទីនោះតទៅ។

អស់លោកអ្នកទាំងឡាយ! មកដល់ទំព័រនេះ ខ្ញុំយល់ថា អស់លោកអ្នកពិតជាមានមនោសញ្ចេតនា ក្ដុកក្ដួលរំជួលចិត្ដអាណិត
លោកគ្រូអាចារ្យហែមចៀវមិនខានសោះឡើយ ដែលលោកស្លាប់ចោលឆ្អឹងនៅលើកោះដ៏សែនឆ្ងាយ លន្លង់លន្លោចយ៉ាង
នេះ។ លោកស្លាប់ព្រោះតែរឿងជាតិខ្មែរ សាសនានិងរដ្ឋខ្មែរតែម្យ៉ាងប៉ុណ្ណោះ លោកស្លាប់ដោយអែកោគ្មានបងប្អូន មាន
តែលោកនួនឌួងជាមិត្ដប៉ុណ្ណោះ។

គួរអោយខ្លោចចិត្ដណាស់! លោកនួន ឌួងថាលោកគ្រូនេះត្រូវស្លាប់នៅលើភ្លៅគាត់ដែលឈឺដូចគ្នា។ លោកនួនឌួងគាត់បាន
ជួយច្របាច់រឺតជូនលោករហូតដល់ទីបំផុត លោកយកក្បាលលោកមកកើយលើភ្លៅគាត់រួចក៏ផុតដង្ហើមទៅ.....

លោកអាចារ្យហែមចៀវ កើតនៅថ្ងៃអង្គារ ខែមាឃ ឆ្នាំច គ.ស១៨៩៩។ លោកទទួលមរណភាពក្នុងជន្មាយុ ៤៥ឆ្នាំ នៅចុង
ឆ្នាំ១៩៤៣ ថ្ងៃខែខ្ញុំពុំបានចាំប្រកដ។

លោកគ្រូអាចារ្យហែមចៀវ មានស្មារតីរឺងណាស់ មុននិងស្លាប់លោកបាននិយាយនិងលោកនួនឌួងថាៈ «ខ្ញុំមិនខ្លាចសេចក្ដី
ស្លាប់ទេ តែខ្ញុំនៅនឹកស្ដាយត្រង់មិនបានឃើញប្រទេសកម្ពុជាបានអែករាជ្យតែម្យ៉ាងប៉ុណ្ណោះ»។

នេះជាសំដីវីរបុរស នេជាគតិពេចន៍នៃអ្នកតស៊ូក៏គួរអោយគោរពនិងលើកតំកើង។

តទៅជំពូកទី១២

Website : www.khmercenter.ch មណ្ឌលវប្បធម៌ខ្មែរនៅប្រទេសស្វីស
 ជាសេវាកម្ម ក្នុងការផ្សាយពុទ្ធសាសនា វប្បធម៌ ជាភាសាខ្មែរ
  Khmer Culture Center in Switzerland,
 Phone (41)44 3635900, Fax (41)44 3635900
© 2004 The Switzerland Buddhist Society, (watkhmer) Inc. All rights reserved.